Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នេហាជួបឧបសគ្គ ដុតសម្លាប់ខ្លួនទាំងពីរនាក់

ស្នេហាជួបឧបសគ្គ ដុតសម្លាប់ខ្លួនទាំងពីរនាក់

ស្វាយរៀង ៖ គូស្នេហ៍វ័យក្មេងមួយគូ ទំនងជាមានវិបត្តិស្នេហ៍ដោះស្រាយមិនចេញ ឬស្នេហាជួបឧបសគ្គ ស្រាប់តែនាំគ្នាចូលទៅជួលបន្ទប់ផ្ទះសំណាក់ ១កន្លែង ស្នាក់នៅ រួចចាក់សាំងដុតសម្លាប់ខ្លួន បណ្តាលឱ្យ ឆេះខ្លោចក្រញង់ទាំង២នាក់ ផ្អើលដល់ម្ចាស់ផ្ទះសំណាក់ រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតមានការផ្អើលឆោឡោឡើង កាលពីវេលាម៉ោង ៧ និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចបន្ទប់លេខ១៩ ផ្ទះសំណាក់យីហោ ៧៧៧៧ មានទីតាំងស្ថិតក្នុងភូមិ តាណែង ឃុំសង្កែ ស្រុករំដួល។

លោកមាស ធួក អធិការនគរបាលស្រុករំដួល បានបញ្ជាក់ប្រាប់ថា គូស្នេហ៍ដែលដុតសម្លាប់ខ្លួនក្នុង បន្ទប់ផ្ទះ សំណាក់នោះ ភាគីប្រុស មានឈ្មោះវ៉ន ញ៉ាញ់ អាយុ៣២ឆ្នាំ មានលំនៅ ភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល។ ចំណែកភាគីស្រី មានឈ្មោះអាន ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ មានលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។

តាមការបំភ្លឺពីឈ្មោះជំ ស៊ីថា ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាជាម្ចាស់ផ្ទះសំណាក់ ទីតាំងកើតហេតុខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ មាន មនុស្ស ប្រុសស្រី២នាក់ (ជនរងគ្រោះខាងលើ) បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាចូលមកជួលបន្ទប់ផ្ទះសំណាក់របស់គាត់ ស្នាក់នៅ១យប់ ដោយស្នាក់នៅបន្ទប់លេខ១៩។ ស្រាប់តែមកដល់ម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បុគ្គលិកផ្ទះសំណាក់របស់គាត់ ក៏បានប្រទះឃើញមានភ្លើងឆេះចេញពីបន្ទប់ ដែលអ្នកទាំងពីរជួល ស្នាក់នៅ ទើបកើតមានការផ្អើលឆោឡោតែម្តង។

លោកអធិការនគរបាលស្រុករំដួល បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុច ផ្ទះសំណាក់៧៧៧៧ មានអគ្គិភ័យឆាបឆេះ និងបណ្តាលឱ្យមានមនុស្សស្លាប់ផងនោះ កម្លាំងជំនាញបច្ចេកទេស ស្រុក បានសហការជាមួយជំនាញខេត្ត និងវេជ្ជបណ្ឌិតនៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ដោយមានការសម្រប សម្រួលពីលោកបូរ៉ា  អង្គប្រទាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង ចុះដល់កន្លែងកើតហេតុដើម្បី ពិនិត្យ ហើយឃើញថា នៅបន្ទប់លេខ១៩ ក្នុងផ្ទះសំណាក់៧៧៧៧ មានមនុស្សស្លាប់ ចំនួន២នាក់។

ក្រោយពិនិត្យរួច សមត្ថកិច្ចបានសន្និដ្ឋានថា សាកសពស្លាប់ដោយសារធ្វើអត្តឃាត ចាក់សាំងដុតខ្លួនឯង ដោយសារមូលហេតុមានវិបត្តិស្នេហា។

ក្រោយពិនិត្យចប់រួចរាល់ សាកសពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES