Wednesday, November 20, 2024
Homeព័ត៌មានជាតិខឹង​​ជំពាក់​​លុយ​​៤​ម៉ឺន​​រៀល​​អត់​​សង​​យក​ដំបង​វ៉ៃ​សម្លាប់​ក្នុង​អង្រឹង 

ខឹង​​ជំពាក់​​លុយ​​៤​ម៉ឺន​​រៀល​​អត់​​សង​​យក​ដំបង​វ៉ៃ​សម្លាប់​ក្នុង​អង្រឹង 

ភ្នំពេញ៖ ខឹងទារលុយជំពាក់​៤ម៉ឺនរៀលអត់សងហើយទាត់មួយជើងទៀតពេលដេកលក់ យកឈើជ្រុងវាយបែកក្បាលស្លាប់នៅក្នុងអង្រឹងបង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្រៃទី២ខែមករា ឆ្នាំ ២០១៧ស្ថិតនៅការដ្ឋានសំណង់តាមផ្លូវបេតុងជាប់​កុងស៊ីកាប់គោ​ខាងក្រោយរោងចក្រផលិតទឹកកក ក្រុម១៣ ក្នុងភូមិសំបួរសង្កាត់ ដង្កោខណ្ខដង្កោ។

ជនរងគ្រោះដែលស្លាប់នៅក្នុងអង្រឹងមានឈ្មោះ គារ ហ៊ត ភេទប្រុសអាយុ៤៩ឆ្នាំ មុខរបរជាមេជាងសំណង់ស្នាក់នៅកន្លែងការដ្ឋានកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិរំលិចស្វាយ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។ចំណែកជនដៃដល់ជាឃាតករមានឈ្មោះ ឈិន បុរីហៅចក់ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរជាកម្មករសំណង់មានស្រុកកំណើតនៅភូមិសឹងឃុំសឹងស្រុកសំរោងខេត្តតាកែវ។

តាមការរៀបរាប់ពីឈ្មោះ គារ ហួតដែលត្រូវជាប្អូនជនរងគ្រោះបានប្រាប់អោយដឹងថាមុនពេលកើតហេតុដោយរូបគាត់បានទៅលេងនៅស្រុកកំណើតពីរថ្ងៃបានឲ្យអោយបងប្រុសនៅជួយដោះដែកគោលចេញពីក្តារពុម្ពព្រោះមិនទាន់មានអ្វីធ្វើក៏អោយស្នាក់នៅការដ្ឋាន២នាក់ជាមួយកម្មករសំណង់ម្នាក់ទៀតដែលជាជនដៃដល់ ។

ប្រភពដដែលបានបន្តទៀតថានៅថ្ងៃកើតហេតុគាត់បានត្រឡប់វិញមកពីស្រុកកំណើតវិញប៉ុន្តែទូរស័ព្ទទៅបងរស់គាត់មិនអាចទាក់ទងបានទេ លុះព្រឹកឡើងគាត់បានចេញពីផ្ទះនៅទួលពង្រសង្កាត់ចោមចៅខណ្ខពោធិ៍សែនជ័យ ​មកដល់ការដ្ឋាន​សំណង់បានឃើញបងរបស់គាត់ដេកនៅក្នុងអង្រឹងបានដើរទៅដាស់និងបើកស្បៃមុងចេញបានឃើញមុខបែកខ្ទេចអស់ធ្វើឲ្យមានកាភ្ញាក់ផ្អើល​រាយការណ៍ប្រាប់ដល់សម្ថតកិច្ច។

បន្ទាប់ពីទទួលបានការរាយការណ៍ភ្លាមលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានចុះទៅពិនិត្យនៅកន្លែងកើតហេតុបានសង្ស័យទៅលើកម្មករសំណង់ដែលបានធ្វើការជា​មួយ​គ្នាក៏បាននាំទៅសួរនាំនៅអធិការដ្ឋានខណ្ឌដង្កោទើបជនដៃដល់បាន​សារភាពប្រាប់ថាខ្លួនពិតជាបាន​យកឈើជ្រុងវាយទៅលើជនរងគ្រោះដែលកំពុងដេកនៅក្នុងអង្រឹងពិត​ប្រាកដមែនប៉ុន្តែមិនបានដឹងថា​ស្លាប់ទេរួចហើយបានរត់គេចខ្លួនទៅខេត្តតាកែវលុះព្រឹកឡើងបានត្រឡប់មកវិញធ្វើដូចជាអត់មានរឿងអ្វីកើតឡើង។

លោក ជឹម ស៊ីថា អធិការនគរបាលខណ្ខដង្កោបានបន្តទៀតថាជនដៃដល់បាន​សារភាពថាមូលហេតុដែលនាំឲ្យគេដាច់ចិត្តវាយសម្លាប់ជនរងគ្រោះដោយសារតែខឹងជនរងគ្រោះ​ខ្ចីលុយចំនួន៤០០០០រៀលជាយូរថ្ងៃមកហើយ ប៉ុន្តែកាលពីព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧  ​រូបគេបានទារលុយពីជនរងគ្រោះបែរជាជនរងគ្រោះមិនព្រមអោយហើយ​ថែមទាំងទាត់រូបគាត់មួយជើងទៀត​ ធ្វើអោយគាត់ខឹងបានចាំមើលជនរងគ្រោះដេកលក់នៅវេលាម៉ោង២​រសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ បានយកដំបងឈើជ្រុងទៅវាយនៅចំក្បាលបណ្តាលអោយបែកខ្ទេចរួចគេចខ្លួនទៅស្រុកមួយថ្ងៃព្រឹកឡើងទៅធ្វើការដូចធម្មតាវិញ។

ក្រោយពីបានឃាត់ខ្លួនជនដៃដល់យកទៅសួរនាំហើយបានសារភាពថាពិតជាបានប្រព្រឹត្ត ពិតប្រាកដមែននោះសមត្ថកិច្ចបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការ ច្បាប់ ។​ ចំណែកសពជនរងគ្រោះដែលស្លាប់នៅក្នុងអង្រឹងនោះសមត្ថកិច្ចបានប្រគល់
អោយគ្រួរសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

ដោយ ៖ ណនអ៊ាត

RELATED ARTICLES