Saturday, July 5, 2025
Homeតារាខ្មែរអម្ពរ ទេវី ៖មកខ្មែរខែ១០

អម្ពរ ទេវី ៖មកខ្មែរខែ១០

អាមេរិក៖អ្នកនាងអម្ពរ ទេវី នឹងហោះមកខ្មែរសារជាថ្មីនៅខែតុលាឆ្នាំ២០២៣ ខាងមុខនេះដើម្បី​ថត​សម្ដែង​ភាព​យន្ដភាគនិពន្ធ និងដឹកនាំដោយឯកឧត្តមហ្វៃ សំអាង នោះគឺរឿង”អប្សារា មហា​អង្គរ”ដែលប្រើ​ពេលថត​ដល់ទៅ​១ឆ្នាំកន្លះ និងមាន៥០ភាគ។ការមកខ្មែរម្ដងទៀត​របស់​អតីតតារាសម្ដែងទសវត្សន៍៨០ និង៩០ រូបនេះអ្នកនាង​នឹង​បានជួបដៃគូចាស់របស់ខ្លួន​សារជា​ថ្មី​ម្ដងទៀតនោះគឺលោកទេព រិនដារ៉ូ និងមិត្តរួមអាជីពម្នាក់ទៀតដែល​បែកគ្នា​ជា​មួយនាង​អស់​រយៈ​ពេល​ជាង២០ឆ្នាំមកហើយនោះគឺអ្នកនាងនារីរ័ត្ន គន្ធា ផងដែរ។

 ឯកឧត្តមហ្វៃ សំអាង បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពី​រសៀល​ថ្ងៃទី​២៨ កុម្ភៈ ថាអ្នកនាងអម្ពរ ទេវី នឹងមកដល់ខ្មែរនៅខែតុលា ឆ្នាំ២០២៣ ខាងមុខនេះហើយ ព្រោះ​​នៅពេលនោះប្លង់ដែលនាង​ត្រូវលេងនឹង​មក​ដល់។លោកសំអាង បន្ថែមថាបច្ចុប្បន្ន​រឿង​”អប្សារា មហាអង្គរ”កំពុងថតតាមលំដាប់លំដោយសាច់រឿងហើយ​នៅ​​​​ពេលចូលដល់ខែ១០ ទើបត្រូវដល់វេនអ្នកនាងអម្ពរ ទេវី ថតហើយប្លង់របស់គាត់ត្រូវថតមានសរុបប្រើ​ពេល​ដល់​​ទៅ​​ជាង១ខែទើបចប់។

នេះជាការបង្ហាញស្នាដៃឡើងវិញថ្មីមួយទៀតរបស់អ្នកនាងអម្ពរ ទេវី ខណៈដែលកាល​ពី​ឆ្នាំ​២០​១៧ តារាជើង​ចាស់​វ័យជាង៥០ឆ្នាំរូបនេះធ្លាប់មកខ្មែរថតរឿង”ទឹកចិត្តម្ដាយសម័យថ្មី” របស់​អ្នកស្រីពាន់ ភួងបុប្ផា និងផលិត​កម្មLD រឿង​”ឆន្ទា” ផងដែរ។យ៉ាងណាមិនទាន់មានព័ត​មានច្បាស់ការថាអ្នកនាងទេវី នឹងស៊ីថ្លៃប៉ុន្មានចំពោះ​ការ​សម្ដែង​រឿង​”​អប្សារា មហាអង្គរ”នេះទេ ខណៈដែលការមកថតរឿងមុននេះអតីតស្វាមីនាងលោកពេជ្រ ភិរុណ ធ្លាប់បាន​ប្រាប់អ្នក​យក​ព័ត​មានយើងថាអ្នកនាងទេវី ទទួលបានតម្លៃ១ម៉ឺនដុល្លារ​ពីការថតរឿង១ហើយក្នុង​នោះ​តម្លៃ​សំបុត្រ​យន្ដហោះទៅមក និងការស្នាក់នៅសណ្ឋាគារគឺជាបន្ទុករបស់ផលិតករទាំងអស់។

  អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកពេជ្រ ភិរុណ កាលពីពេលថ្មីៗនេះតែទូរ​ស័ព្ទ​​ចូល​ជាច្រើនដងគ្មាន​អ្នក​ទទួលឡើយ ទើបមិនអាចសួររឿងអ្នកនាងទេវី មកថតភាពយន្ដ​ថ្មី​លើក​នេះថាតើលោកភិរុណ នៅតែជាអ្នក​រ៉ាប់រងការរៀបចំសម្លៀកបំពាក់ជូនអតីត​ភរិយា​លោក​​ដូចលើកមុនៗទៀតឬយ៉ាងណាឡើយ។ប៉ុន្ដែតាមព័ត​មាន​ថា​ការប្រើពេលជាង១ខែ​សម្រាប់អ្នកនាងទេវី ក្នុងការថតរឿង”អប្សារា មហាអង្គរ”នោះគឺត្រូវថតសម្រុក​យកប្លង់​នាង​ឲ្យ​ឆាប់​ចប់តែម្ដង ដើម្បីឲ្យនាងឆាប់បានវិលទៅអាមេរិកវិញ។

 លោកហ្វៃ សំអាង ថាជាការពិតពេលអ្នកនាងអម្ពរ ទេវី មកដល់ខ្មែរគឺប្លង់គាត់ពិតជា​ត្រូវ​ថត​សម្រុកយក​មែន​ដែល​ប្រើពេលជាង១ខែទើបចប់។យ៉ាងណាលោកសំអាង ថា​ទោះ​​​ជា​សម្រុក​យ៉ាងណាក៍ត្រូវធ្វើទៅតាម​លំដាប់​លំដោយនៃផ្ទៃរឿងទាំងមូលតែម្ដង។

 គូររំលឹកថាអ្នកនាងអម្ពរ ទេវី បានរៀបការជាមួយលោកពេជ្រ ភិរុណ កាលពីខែតុលា ឆ្នាំ១៩៩២ និងបានចែក​ផ្លូវគ្នា ក្រោយទទួលបានកូន២(ស្រី១)ហើយអ្នកនាងបានចេញទៅ​រស់​នៅអាមេរិករៀបការស្វាមីថ្ងៃទី២៨ ធ្នូ ២០១៤ និងមានកូនស្រី១ទៀតជាមួយស្វាមីថ្មី។​បច្ចុប្បន្ន​ទំនាក់​ទំនង​រវាងអ្នកនាងអម្ពរ ទេវី និងលោកភិរុណ គឺដូចជា​បង​ប្អូនតែជាទូទៅអ្នក​នាងទេវី បាន​ហៅលោកភិរុណ ថាជាប៉ាៗទៅវិញ ។អ្វីដែលចម្លែកលោកពេជ្រ ភិរុណ ក្រោយ​ពីបែក​បាក់​​អ្នកនាងទេវី អតីតតារាសម្ដែងវ័យ៦៨ឆ្នាំ រូបនេះមិនយកភរិយាថ្មីនោះទេ​ហើយរឿង​ដែល​មនុស្សប្រុស​ភាគច្រើនមិនអាចធ្វើបាននោះគឺទោះជាអស់និស្ស័យជាប្ដីប្រពន្ធគ្នាមែន តែ​លោក​នៅតែទៅទទួលនិង​ជូនបាច់ផ្កា​ដល់អ្នកនាងទេវី ដល់ព្រលានយន្ដហោះរៀង​រាល់ពេល​នាង​មក​ខ្មែរ។

 លោកពេជ្រ ភិរុណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកហ៊ាន​លះបង់គ្រប់បែប​យ៉ាង​ដើម្បីឲ្យតែកូនប្រុស​ស្រី​របស់លោកមានអនាគត​ល្អ។ប៉ុន្ដែការមកខ្មែរជើងនេះ​របស់​អ្នក​នាងទេវី គេមិនទាន់ដឹងច្បាស់ថាអតតីស្វាមី​នាង​​យកចិត្តទុកដាក់ដូចលើកមុនៗ​ទៀត​ឬយ៉ាង​ណា​នោះទេ៕

RELATED ARTICLES