Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីជាប់គុក១៤ឆ្នាំ ប្រពន្ធរត់ចោលស្រុក ដី៤៤ហិកតារ គេរំលោភយកអស់

ប្តីជាប់គុក១៤ឆ្នាំ ប្រពន្ធរត់ចោលស្រុក ដី៤៤ហិកតារ គេរំលោភយកអស់

កោះកុង ៖ បុរសម្នាក់ បានអះអាងថា ខ្លួនជាម្ចាស់ដីជាង ៤៤ហិកតារ ដោយមានឯកសារ និងប្លង់កាន់កាប់ត្រឹម ត្រូវ លុះខ្លួនត្រូវជាប់ពន្ធនាគារ អស់រយៈពេល ១៤ឆ្នាំ ចំណែកប្រពន្ធកូនបានធ្វើចំណាកស្រុក ចោលដីនិងផ្ទះ ទៅធ្វើការនៅប្រទេសថៃ អស់ លុះខ្លួនចេញពីគុក មករកដីធ្លីដើម្បីរស់នៅវិញ បែរជាត្រូវបានមន្ត្រីខិលខូចរំ លោភយកអស់ ទើបខ្លួនកើតទុក្ខមិនសុខចិត្ត ក៏ប្តឹងឲ្យអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជួយអន្តរាគមន៍។

បុរសដែលអះអាងថា ត្រូវបានគេរំលោភយកដីអស់ ពេលខ្លួនជាប់គុក១៤ឆ្នាំនោះ មានឈ្មោះប៉ាក ម៉ាប់ អាយុ៥៥ឆ្នាំ។

បុរសខាងលើ បានឲ្យដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ថា កាលពីអំឡុងឆ្នាំ១៩៨៧ គាត់មានមុខរបរជា អ្នក រកស៊ីទិញឈើខ្លឹមចន្ទន៍ក្រស្នា និងធ្វើស្រែចម្ការ ក្នុងនោះមានដូងជិត ៧០០ដើម ត្នោតនិងចន្ទី រាប់សិបដើម និងបន្លែបង្ការជាច្រើនមុខទៀត រស់នៅអាស្រ័យផលនៅលើផ្ទៃដីចំនួន ៤៤,៤ហិកតារ ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយបានធ្វើឯកសារកាន់កាប់ដី ក្នុងឆ្នាំ១៩៩២ ដែលមានប្លង់ កាន់កាប់ ចំនួន៧ប្លង់ ចេញដោយអាជ្ញាធរឃុំ និងមានមេភូមិ ចូលរួមវាស់វែង ព្រមទាំងសាក្សីជាច្រើននាក់ កំពុងរស់នៅសព្វថ្ងៃទៀតផង។

លោកប៉ាក ម៉ាប់ បានបន្តថា លុះចូលមកដល់ដើមខែឧសភា ឆ្នាំ២០០៤ រូបលោកត្រូវបានតុលាការចេញដីកា ឆែកឆេរនិងឃាត់ខ្លួន ដោយចោទពីបទប្រើប្រាស់អាវុធខុសច្បាប់ ប៉ុន្តែក្នុងពេលឆែកឆេរ រកមិនឃើញមាន អាវុធទេ។ បន្ទាប់មក ៤ទៅ៥ថ្ងៃក្រោយ ក៏ត្រូវបានតុលាការកោះហៅម្តងទៀត ដោយចោទពីបទអំពើភេរវ កម្មវិញម្តង និងត្រូវបានតុលាការចេញសាលក្រមផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ រយៈពេល ១៥ឆ្នាំ ប៉ុន្តែដោយ មានការសម្រាលទោស ១ឆ្នាំ ទើបត្រូវជាប់ទោសតែ ១៤ឆ្នាំ ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៤ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨។

លោកប៉ាក ម៉ាប់ បានបញ្ជាក់ថា ក្នុងអំឡុងពេលដែលខ្លួនត្រូវបានតុលាការចាប់ខ្លួន ប្រពន្ធនិងកូនៗ ចំនួន៥នាក់ បានចាកចេញពីផ្ទះ ហើយធ្វើចំណាកស្រុកទៅរស់នៅប្រទេសថៃ ដោយបោះបង់ទាំងផ្ទះសម្បែង ទ្រព្យសម្បត្តិ ក្នុងផ្ទះ ប្លង់កាន់កាប់ដី និងដីស្រែចម្ការទាំងអស់ គ្មានអ្នកមើលថែ រយៈពេល១៤ឆ្នាំដែរ។ ហេតុនេះ ទើបមន្ត្រីរាជ ការក្នុងខេត្ត ដែលធ្លាប់ស្គាល់ស្និទ្ធស្នាលជាមួយលោក បានឆ្លៀតឱកាសចូលកាន់កាប់លើទីតាំងដីរបស់លោក ទាំង មូលតែម្តង។ បន្ទាប់ពីបានចេញពីពន្ធនាគារវិញ ខ្លួនបានមកសង់ផ្ទះរស់នៅលើដីភូមិចាស់វិញ ជាហេតុ ធ្វើឱ្យមន្ត្រីរាជការមួយចំនួនធំ បញ្ចេញប្រតិកម្ម ចោទលោកថា បានចូលរំលោភយកដីរបស់ពួកគេទៅវិញ និង មានមន្ត្រីខ្លះបានដាក់ពាក្យប្តឹង និងចេញមុខគំរាមដោយអាវុធមកលើខ្លួនទៀតផង។

លោកប៉ាក ម៉ាប់ បានបញ្ជាក់ទៀតថា ដោយអាជ្ញាធរមូលដ្ឋានបានស្ថាបនាផ្លូវថ្មីមួយខ្សែ ឈ្មោះផ្លូវសេរីការ ដើម្បីកំណត់ព្រំប្រទល់ភូមិ ហើយផ្លូវនេះ ត្រូវពុះចែកដីរបស់លោកជាពីរភូមិ ទី១-ស្ថិតនៅក្នុងភូមិ១ សង្កាត់ ស្មាច់មានជ័យ មានទំហំ ១៦,៤ហិកតារ។ ទី២- ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ មានទំហំ២៨ហិកតារ ជាទីតាំងដែលលោកកំពុងរស់នៅសព្វថ្ងៃ និងត្រូវបានគេប្តឹង និងគំរាមឱ្យ លោកចាក ចេញពីទីតាំងនេះ តែត្រូវបានលោកព្រះរាជអាជ្ញា រស់ សារាំ ចេញដីកាតម្កល់រឿងអត់ចាត់ការ។

លោកប៉ាក ម៉ាប់ បានអះអាងថា អង្គភាពប្រឆាំងអំពើពុករលួយ ACU ធ្លាប់បានចេញលិខិតមួយ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ តាមការស្នើសុំរបស់លោក ហើយលិខិតនោះ បានជម្រាបជូនទៅលោកកាយ ក្រុង ចៅ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ឱ្យបំភ្លឺពី ប្រវត្តិកាន់កាប់ដីខាងលើ តាំងពីឆ្នាំ១៩៨៧ រហូតមកដល់ បច្ចុប្បន្ន និងផ្តល់ឯកសារពាក់ព័ន្ធមកអង្គភាព ACU ឱ្យបានទាន់ពេលវេលា ដើម្បី ACU មានមូលដ្ឋានបន្តនីតិវិធី។

លោកប៉ាក ម៉ាប់ បានបញ្ជាក់ចុងក្រោយថា លោកពិតជាមានការជឿជាក់យ៉ាងមុតមាំ ទៅលើស្ថាប័នសាលាដំបូង ខេត្តកោះកុង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអង្គភាពប្រឆាំងអំពើពុករលួយ ACU ដែល បានបើកប្រតិបត្តិការស្រាវជ្រាវរកសាវតារអ្នកកាន់កាប់ដីពិតប្រាកដយ៉ាងច្បាស់លាស់ ដើម្បីផ្តល់យុត្តិធម៌ដល់ រូបលោក។

ជុំវិញការអះអាងរបស់បុរសខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានទេ កាលពីម្សិលមិញ៕

RELATED ARTICLES