Wednesday, November 20, 2024
Homeបរិយាយរៀន​ពី​​គ្រូ​ណា ដឹង​គុណ​គ្រូ​ហ្នឹង

រៀន​ពី​​គ្រូ​ណា ដឹង​គុណ​គ្រូ​ហ្នឹង

បណ្តាំ “ក្រមង៉ុយ” ១ល្បះ ចែងថា “អ្នកកុំភ្លេចគុណ គ្រូលេខនព្វន្ត គ្រូសូត្រអក្សរ កុំចាប់ដៃទាញ គំនាប់ងក់ក កុំជជែកត ស្មើមិត្តសម្លាញ់” បង្ហាញថា ប្រពៃណីខ្មែរ តម្រូវឱ្យសិស្សដឹងគុណគ្រូ ឬថា “រៀនពីគ្រូណា ដឹងគុណគ្រូហ្នឹង”។ ថ្មីៗនេះ ក៏មាន អ្នកនយោបាយ និងបណ្ឌិតខ្លះ ត្រៀមឡើងវេទិកាចោទឆ្លើយគ្នាពីរឿង “បំណុលសង្គ្រាម” ហើយក៏មានពាក្យថា “បណ្ឌិតមក ពីរុស្ស៊ី”, “បណ្ឌិតមកពីអាមេរិក” ជាដើម ដែល “នគរធំ” ក្តាប់បានក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បច្ចុប្បន្ន នៅកម្ពុជា មានបណ្ឌិតកាន់តែច្រើនទៅៗ ដូចជាបណ្ឌិតវិទ្យាសាស្ត្រនយោបាយ, បណ្ឌិតយោធា, បណ្ឌិតសេដ្ឋកិច្ច, បណ្ឌិតច្បាប់ ឬនីតិបណ្ឌិត, បណ្ឌិតពេទ្យ ឬវេជ្ជបណ្ឌិតជាដើម អាចរាប់ឃើញរាប់ពាន់នាក់ឯណោះ ដោយមិនគិតពី “បណ្ឌិត កិត្តិយស” នោះទេ។ បណ្ឌិតទាំងអស់ មុនដំបូងរៀនពី “គ្រូខ្មែរ” ក្រោយមកក៏ទៅបន្តការសិក្សាពីគ្រូបារាំង គ្រូរុស្ស៊ី, គ្រូ អាមេរិក, គ្រូជប៉ុន, គ្រូអង់គ្លេស, គ្រូចិន និងគ្រូវៀតណាម ជាដើម។ សញ្ញាបត្របណ្ឌិត មានតម្លៃស្មើគ្នាតាមមុខជំនាញ ប៉ុន្តែ ក៏ធ្លាប់មានអ្នកនយោបាយខ្លះរិះគន់ថា សញ្ញាបត្របណ្ឌិតមកពីប្រទេសខ្លះ អត់តម្លៃ កើតទៅជាការប្តឹងផ្តល់គ្នា ដូចឃើញកន្លង មក។ ធម្មតាប្រជាពលរដ្ឋខ្មែរ កាន់ព្រះពុទ្ធសាសនា បើ “រៀនពីគ្រូណា ដឹងគុណគ្រូហ្នឹង” សូម្បី “ជំពាក់បាយគេ១ស្លាបព្រា” ក៏ដឹងគុណគេដែរ។ ដូច្នេះបើបណ្ឌិតណាទៅរៀនពីគ្រូបារាំង ក៏សរសើរវីរបុរសបារាំង និងអ្នកស្រាវជ្រាវបារាំង មានលោកហ្ស៊ក សឺដែស លោកល្វី ហ៊្វីណូត៍ ជាដើម។ បើទៅរៀនពីគ្រូរុស្ស៊ី ក៏សរសើរមេបដិវត្តន៍ឡេនីន និងមេដឹកនាំសព្វថ្ងៃ មានលោកវ៉្លា- ឌីមៀរ ពូទីន ជាដើម។ បើទៅរៀនពីគ្រូចិន ក៏សរសើរលោកប្រធានម៉ៅ សេទុង តេង ស៊ាវពីង ស៊ី ជិនពីង ជាដើម។ បើទៅ រៀនពីគ្រូអាមេរិក មិនភ្លេចសរសើរលោកវ៉ាស៊ីងតោន ជាប្រធានាធិបតីទី១ និងលោកបារ៉ាក់ខ៍ អូបាម៉ា ប្រធានាធិបតី ជិតផុតអាណត្តិ សូម្បីលោកដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោត ក៏សរសើរដែរ។ ជាពិសេស បណ្ឌិតដែលបានសញ្ញាបត្រ ពីវៀតណាម មិនដែលភ្លេចសរសើរហូ ជីមិញ ផាម វ៉ាន់ដុង នោះឡើយ។ ការសរសើរនេះ មកពី “រៀនពីគ្រូណា ដឹងគុណ គ្រូហ្នឹង” ទោះបីប្រធានម៉ៅ ឬអ៊ំហូ មិនបានបង្រៀនផ្ទាល់ ក៏មេដឹកនាំចិន និងវៀតណាម ដ៏មហិមានេះ ជាអាណាព្យាបាល លើសាស្ត្រាចារ្យចិន វៀតណាម ដែលមិនគួរឆ្ងល់។

បើក្រឡេកមើលអក្សរសិល្ប៍បុរាណ យើងឃើញតួអង្គដែលទៅរៀនសិល្ប៍សាស្ត្រពីតាឥសី មិនភ្លេចគុណគ្រូតា បើរៀន ពីអាចារ្យអគតិ ក៏ដើរតាមគ្រូអគតិនោះទៅ បានន័យថា ទោះជាគ្រូនាំទៅផ្លូវខុស ក៏សិស្សគោរពស្តាប់ដំបូន្មានគ្មានប្រកែក។ ឧទាហរណ៍ ទេវទត្ត មានសិស្សគណ៥០០អង្គ បានដឹកនាំចលនាបំបែកសង្ឃ ប្រឆាំងនឹងព្រះពុទ្ធបរមគ្រូ សូម្បីព្រះរាជកុមារ អជាតសត្រូវ ហេតុតែស្តាប់និងគោរពទេវទត្ត ជាគ្រូ ក៏ហ៊ានធ្វើគុតព្រះបិតា ប្លន់យករាជសម្បត្តិ។ អង្គុលីមាល៍ ហេតុតែគោរព ស្តាប់តាមអាចារ្យទិសាបាមោក្ខ ក៏ហ៊ានសម្លាប់មនុស្សអស់៩៩៩នាក់ កាត់យកតែម្រាមដៃម្នាក់១មកក្រងពាក់នឹងក ដូចកម្រង ផ្កា កុំតែបានព្រះពុទ្ធអង្គប្រោសទាន់ពេលវេលា កុំអីអង្គុលីមាល៍ សម្លាប់ម្តាយ ដល់នូវអន្តរិយកម្មមិនខាន។ ជំនាន់ពុទ្ធកាល មានគ្រូច្រើនណាស់សុទ្ធតែមានទ្រឹស្តីប្រឆាំងព្រះពុទ្ធ ជាពិសេស គ្រូ៦រូប មាន “និគ្គណ្ឋនាថបុត្រ” និង “មគ្គលិគោសាល” ជាមេដឹកនាំសាសនា “អចេលក៍” ប្រព្រឹត្តអាក្រាតកាយ សុទ្ធតែមានស្សិគណរៀនតាមគ្រប់គ្នា ប៉ុន្តែទ្រឹស្តីគ្រូទាំង៦រូបនោះ សាប រលាបបន្តិចម្តងៗ មិនឈ្នះធម៌ព្រះពុទ្ធ។

ងាកមករឿងបណ្ឌិតខ្មែរ យើងឃើញថា សុទ្ធតែមានគ្រូខុសៗគ្នា ដែលបណ្ឌិតម្នាក់ៗសុទ្ធតែ “ជំពាក់គុណគ្រូ ដឹងគុណ គ្រូ” មិនហ៊ានរមិលគុណទេ។ ថ្មីៗនេះលោកសួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ បានសរសេរក្នុងហ្វេសប៊ុកថា “ពេលដែល លោកបណ្ឌិតមកពីរុស្ស៊ីទាំងអស់នោះ ដាក់ការបន្ទោសលើអាមេរិកាំងថា បានទម្លាក់គ្រាប់បែករាប់ពាន់តោនលើដីខ្មែរ តើ លោកម្តេចក៏មិនហ៊ាននិយាយពីចិន និងរុស្ស៊ី (អតីតសហភាពសូវៀត) ដែលយកមីនរាប់ម៉ឺនតោន មកកប់លើដីខ្មែរ ដែល កំពុងបន្តវិនាសកម្មសម្លាប់ពលរដ្ឋខ្មែរ រហូតមកដល់ថ្ងៃនេះផង?”។ ជាងនេះទៀតលោកមេបក្សអំណាចខ្មែរ បានទាំងប្រកាស តទល់វោហារជាមួយបណ្ឌិតសុខ ទូច ពាក់ព័ន្ធនឹងរឿងសង្គ្រាមនាអតីតកាលទៀតផង ដែលបង្ហាញថា “រៀនពីគ្រូណា ដឹងគុណ គ្រូហ្នឹង”។ បើដឹងគុណ ត្រូវតបគុណ ឯការតបគុណ ឬ “កតវេទី” មិនចាំបាច់ជូនលុយកាក់អ្វីទេ ព្រោះគ្រូមានទ្រព្យសម្បត្តិ ជាងសិស្សទៅទៀត តែអាចតបគុណជាការសរសើរ ឬជួយលាក់កំហុសរបស់គ្រូនេះឯង។

បើនិយាយពីរឿងសង្គ្រាមឆាបឆេះមាតុភូមិកម្ពុជា ជិត៣ទសវត្សនោះ បណ្ឌិតសព្វថ្ងៃ ដែលមានអាយុក្រោម៤០ឆ្នាំ ប្រហែលជាដឹងមិនដល់អ្នកអត់សញ្ញាបត្របណ្ឌិត ដែលមានអាយុជាង៦០ឆ្នាំ ធ្លាប់ឆ្លងកាត់រត់លូនក្រោមអំបែងគ្រាប់ផ្លោង នោះទេ។ អ្នកអត់សញ្ញាបត្របណ្ឌិត រៀនពីគ្រូខ្មែរសុទ្ធ អត់ជំពាក់គុណគ្រូអាមេរិក គ្រូរុស្ស៊ី គ្រូចិន គ្រូវៀតណាម ឬគ្រូបរទេស នោះឡើយ ប៉ុន្តែពួកគាត់មើលឃើញថា សង្គ្រាមមហាវិនាសកម្មនោះ បង្កើតឡើងដោយមហាអំណាច៣ គឺអាមេរិក រុស្ស៊ី ចិន ដែលបានបញ្ជូនគ្រឿងសព្វាវុធចូលកម្ពុជា យកទឹកដីកម្ពុជា ធ្វើទីលានសាកល្បងអាវុធរបស់គេ។ នាចុងទសវត្សឆ្នាំ១៩៦០ កងទ័ពវៀតកុង វៀតណាមខាងជើង ដែលប្រើប្រាស់កាំភ្លើងចិន និងរុស្ស៊ី សហការជាមួយពួកខ្មែរក្រហម បានចូលមកបោះ ទីតាំងតាមព្រំប្រទល់ដែនកម្ពុជា-វៀតណាម។ កាលនោះ កងទ័ពអាមេរិក ដែលជួយអន្តរាគមន៍ដល់កងទ័ពរដ្ឋការក្រុង ព្រៃនគរ (ធីវ-គី) ក៏មានលេសដេញតាមកម្ទេចសត្រូវ ដោយទម្លាក់គ្រាប់បែកលើទឹកដីខ្មែរ។ ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ប្រធានាធិបតីលន់ នល់ ដែលមានអាសនៈនៅអ.ស.ប បានប្រើសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការពឹងពាក់យន្តហោះ ព៥២ អាមេរិក ឱ្យចូលទម្លាក់គ្រាប់បែករាប់ម៉ឺនតោនលើទឹកដីខ្មែរ ដើម្បីកម្ចាត់សត្រូវ ហើយមានពាក្យស្លោក “បណ្តេញកងទ័ព វៀតកុង វៀតណាមខាងជើងឈ្លានពាន”។ ស្របពេលដែល ព៥២អាមេរិក ពង្រាយគ្រាប់បែកពីលើអាកាស កងទ័ពខ្មែរ ក្រហម និងវៀតណាម ក៏ពង្រាយគ្រាប់មីនពេញទឹកដី ចាំស្ទាក់ក្បួនរថក្រោះរបស់អាយ៉ងក្រុងព្រៃនគរផងដែរ។

ដូច្នេះទុក្ខវេទនានៃសង្គ្រាមសម័យនោះ បណ្តាលមកពីមហាអំណាចទាំង៣ បញ្ជូនសព្វាវុធចូលកម្ពុជា បណ្តាលឱ្យប្រជា- រាស្ត្រខ្មែរស្លាប់រង្គាល រត់លូនក្រោមអំបែងគ្រាប់បែក គ្រាប់ផ្លោង សូម្បីតាៗញៀនកាហ្វេ ក៏ធ្លាប់លូនពីក្រោមអំបែងគ្រាប់ ផ្លោងដែរ។ អតីតកាលនៃសង្គ្រាមនៅកម្ពុជា យើងមើលតែប្រទេសស៊ីរី ដឹងហើយ គឺបើមហាអំណាចមិនលូកដៃ ប្រហែល ជាគ្មានមហាវិនាសកម្មបែបនេះទេ។ ករណីកម្ពុជាស្នើអាមេរិក លុបបំណុលសង្គ្រាមដែលរបបលន់ នល់ បន្សល់ទុកនោះ ជា រឿងត្រឹមត្រូវហើយ ព្រោះគ្រាប់បែករាប់ម៉ឺនតោន បានធ្វើឱ្យកម្ពុជាដើរថយក្រោយដល់កម្រិតសូន្យ លុះរបបប៉ុល ពត បំផ្លាញ ថែមទៀតនោះ កាន់តែធ្ងន់។ រុស្ស៊ី និងចិន ក៏គួរលុបបំណុលអតីតកាលផងដែរទើបសម ដោយមិននិយាយពីបំណុលបច្ចុប្បន្ន នោះទេ ប៉ុន្តែដោយហេតុថា “សិស្សជំពាក់គុណគ្រូ” ទើបមិនហ៊ានរើកកាយពីកំហុសរបស់គ្រូ។

សរុបទៅ “រៀនពីគ្រូណា ដឹងគុណគ្រូហ្នឹង” សំដៅដល់ការតបគុណគ្រូ ដោយមិនហ៊ាននិយាយពីកំហុសរបស់បណ្តាប្រទេស ដែលអស់លោកបណ្ឌិតធ្លាប់ទៅរៀន។ អ្នករៀនពីអាមេរិកាំង កាន់ជើងអាមេរិកាំង រៀនពីរុស្ស៊ី កាន់ជើងរុស្ស៊ី យ៉ាងនេះ ហើយ ព្រោះសារជាតិរបស់ខ្មែរ តម្រូវឱ្យដឹងគុណគ្រូ ឬ “អ្នកកុំភ្លេចគុណ គ្រូលេខនព្វន្ត គ្រូសូត្រអក្សរ…” ដូចបណ្តាំក្រមង៉ុយ។ ប្រជាពលរដ្ឋខ្មែរ ចង់ឱ្យប្រទេសមហាអំណាចលុបបំណុលពីអតីតកាលដូចគ្នា ដោយអង្វរករគេតាមរយៈពាក្យសម្តីទន់ភ្លន់ សុំការអនុគ្រោះ លៃយ៉ាងណាឱ្យគេអាណិត មិនចង់ឮបណ្ឌិតទាស់គ្នាពីរឿងសង្គ្រាមអតីតកាល រួចឌឺដងផ្លែផ្កាឱ្យមហាអំណាច ដោយពាក្យសម្តីអសុរោះនោះទេ៕

ដោយ អាចារ្យថាំ

 

RELATED ARTICLES