ភ្នំពេញ ៖ អ្នកគ្រូគណិតវិទ្យា វ័យក្មេង ល្បីឈ្មោះ គីម រចនា បានទម្លាយរឿងគួរឲ្យភ័យខ្លាចមួយ រហូតគាត់យំនៅ ពេលត្រូវប៉ូលិសចរាចរណ៍ ឃាត់ផាកពិន័យ រឿងជិះល្មើសភ្លើងសញ្ញាចរាចរណ៍ ដែលធ្វើឲ្យគាត់លើកឡើងថា “ប៉ូលិស គួរឲ្យខ្លាចដូចចោរ ឬក្រៅពីចោរ គឺប៉ូលិសនេះហើយគួរឱ្យខ្លាច”។ យ៉ាងណា ជាការឆ្លើយតបខាងស្ថា ប័ននគរបាល បានចេញសេចក្តីបកស្រាយបំភ្លឺថា ករណីនោះ សមត្ថកិច្ចជំនាញ មិនបានផាកពិន័យទេគ្រាន់ តែណែនាំ អប់រំ រួចក៏ឱ្យគាត់បើកចេញទៅ។

អ្នកគ្រូ គីម រចនា បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ថា “រាល់ថ្ងៃនេះ ក្រៅពីចោរ គឺប៉ូលិសនេះហើយ គួរឱ្យខ្លាច! ភ្នំពេញ នៅស្តុបអាងទឹកអូឡាំពិក ថ្ងៃមិញនេះនៅត្រង់ ស្តុបអាងទឹកអូឡាំពិក ខ្ញុំជិះម៉ូតូ ពេលភ្លើងខៀវ ហើយស្រាប់តែលោតភ្លើងលឿងភ្លឹប ខ្ញុំឆ្លងផុតស្តុបដល់ថ្នល់ម្ខាង ទៀតល្មមរួចរាល់ បន្ទាប់មក ពេលនោះលោតដល់ភ្លើងក្រហម បន្ទាប់ពីលឿងរួច។ ហេតុការណ៍បន្ត គឺប៉ូលិសហៅខ្ញុំផាក និយាយដោយស្មោះត្រង់ទៅ ពេលភ្លើងលោតលឿងនោះ ខ្ញុំឆ្លងផុតដល់ម្ខាងទៀតទៅហើយហើយណាមួយទៀត បើខ្ញុំឈប់ គឺប្រាកដជាគ្រោះថ្នាក់ ដោយសារគេបុកវិញជាមិនខាន។ ចំណែកប៉ូលិសវិញគឺនិយាយចំៗ មិនអូសក្រឡាថា ចង់សម្រួលលុយប៉ុន្មាន? ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនខុសទេ ព្រោះភ្លើងលឿងនោះ គឺខ្ញុំទៅដល់ត្រើយម្ខាងទៅហើយ ខ្ញុំមិនបានជិះបំពានដោយមិនគោរពភ្លើងស្តុបនោះទេ។ អារម្មណ៍ខ្ញុំពេលនោះគឺភ័យ ហើយពេលនេះ កាន់តែស្អប់ប៉ូលិស។ ខ្ញុំគោរពសំពះជម្រាបសួរគាត់ ប៉ុន្តែគាត់តបថា មិនបាច់សំពះស្អីទេ ចង់សម្រួលលុយប៉ុន្មាន ឬចង់ទៅខណ្ឌ? ខ្ញុំស្រក់ទឹកភ្នែក ព្រោះប៉ូលិសស្រុកខ្មែរ ភាគច្រើនគឺបែបនេះ…”។

អ្នកគ្រូ គីម រចនា បានបន្តថា “ខ្ញុំនិយាយបញ្ចប់រឿង ប៉ូលិសស្តុបអាងទឹក ប៉ូលិសគិតតែនិយាយប្រាប់ថា ផាក ១០ម៉ឺនរៀល តាមច្បាប់ ឬចង់សម្រួលលឿនៗទៅ ហើយខ្ញុំគ្មានឱកាសបាននិយាយបកស្រាយអីមួយម៉ាត់ទេ ព្រោះគាត់ដណ្តើមនិយាយរហូត មិនឱ្យខ្ញុំហើបមាត់ បានសូម្បីមួយម៉ាត់។ ខ្ញុំសំពះគាត់ ហើយខ្ញុំមិនបាននិយាយបកស្រាយអីទេ ខ្ញុំក៏ស្រក់ទឹកភ្នែក ហើយគាត់ក៏និយាយចុងក្រោយថា “ក្បាលកញ្ចាស់ហើយយំប្រកាច់យក៍ស្អី? ជូតទឹកភ្នែកឱ្យឆាប់ បើមិនបាត់យំទេ ចាប់ម៉ូតូយកទៅខណ្ឌឥឡូវ!” សីលធម៌ ពាក្យសម្តីនិយាយស្តីរបស់គាត់ឈ្លើយសាហាវ ខ្ញុំឆ្ងល់ខ្លួនឯង ហេតុអីស្រក់ទឹកភ្នែក? បើជួបរឿងអយុត្តិធម៌បែបនេះទៀត លើកក្រោយ ខ្ញុំនឹងទាញកាមេរ៉ាមកថត និង LIVE ផ្ទាល់ហើយ នឹងអាលបានល្បីទាំងអស់គ្នា…”។
បន្ទាប់ពីបានឃើញសំណេររបស់អ្នកគ្រូគណិតវិទ្យា ខាងលើ និងមានការចែករំលែកព្រោងព្រាតពេញក្នុងបណ្តាញសង្គម នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបកស្រាយថា “សេចក្តីបកស្រាយបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីយហ្វេសប៊ុកមួយ ឈ្មោះ Rachana Kim បានផុសថា “រាល់ថ្ងៃនេះ ក្រៅពីចោរគឺប៉ូលិសនេះហើយគួរឱ្យខ្លាច ភ្នំពេញ នៅស្តុបអាងទឹកអូឡាំពិក…”។

ជាក់ស្តែងចំពោះស្ត្រីម្នាក់ដែលបានបើកបរឆ្លងផុតគំនូសស ឬគំនូសសញ្ញាសម្រាប់អ្នកថ្មើរជើងហើយ ភ្លើងបានលោតលឿងនោះ សមត្ថកិច្ចមិនបានធ្វើការផាកពិន័យ ហើយក៏មិនបានប្រើប្រាស់កាយវិការ ពាក្យសំដីមិនសមរម្យនោះទេ នៅពេលមន្ត្រីហៅគាត់ឈប់ដើម្បីពន្យល់ ណែនាំអប់រំ គាត់បែរជាយំរហូតដោយមិនមានរណាម្នាក់ធ្វើអ្វីគាត់ផងនោះ ឃើញដូច្នេះ មន្ត្រីក៏បានប្រាប់គាត់ឱ្យឈប់យំ សមត្ថកិច្ចគ្រាន់តែណែនាំ អប់រំ ហើយឱ្យគាត់បើកចេញទៅ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសជម្រាបជូនសាធារណជនទាំងអស់ ឱ្យបានជ្រាបថា តាមច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា អ្នកដែលល្មើសច្បាប់ ត្រូវតែធ្វើការផាកពិន័យតាមច្បាប់ ការគោរពច្បាប់បានល្អ របស់ប្រជាពលរដ្ឋ បង្ហាញពីចរិតនៃការចូលរួមគោរពច្បាប់ និងបង្ហាញពីកិត្យានុភាព និងកិត្តិយសរបស់ប្រជាជាតិ និងប្រជាពលរដ្ឋរបស់ប្រទេសនោះផងដែរ ។ ដូច្នេះបើមានភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា និយាយជារួម មានច្បាប់ហើយមិនគោរព តើវានឹងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កម្រិតណា ធ្វើឱ្យបាត់បង់អាយុជីវិត គ្រោះថ្នាក់បណ្តាលឱ្យពិការ និងបាត់បង់ទ្រព្យសម្បត្តិជាច្រើនទៀតផង ។ ក្នុងករណីដែលអនុវត្ត ឬពិន័យខុស ជារឿងរបស់បុគ្គល បើបុគ្គលធ្វើខុស ធ្វើលើសពីការណែនាំ នោះនឹងត្រូវទទួលការអនុវត្តវិន័យ ឬអនុវត្តតាមច្បាប់ ទៅតាមស្ថានភាពកំហុសជាក់ស្តែង។

មួយរយៈពេលកន្លងមកនេះ មន្ត្រីមួយចំនួនដែលបានអនុវត្តខុស ឬអនុវត្តលើសការណែនាំ ត្រូវបានអនុវត្តវិន័យ ដោយបានធ្វើការដាក់វិន័យ ដកតួនាទី ឬបន្ថយឋានន្តរស័ក្តិ ជាដើម ដើម្បីជាការព្រមានឱ្យដឹងនិងយល់អំពីកំហុសដែលបានប្រព្រឹត្តិ៘
បញ្ជាក់ថា ៖ ពាក់ព័ន្ធអ្នកបើកបរយានជំនិះ ពេលមកដល់ភ្លើងស្តុបពណ៌លឿង បើកបរជ្រុលបានន័យថាកង់ខាងមុខឆ្លងផុតគំនូសជាប់ពណ៌ស ដែលកាត់ទទឹងផ្លូវ ឬមានគំនូសថ្មើរជើងឆ្លងកាត់ អ្នកបើកបរនៅតែអាចបន្តដំណើរទៅមុខបាន អាចទៅមុខត្រង់ បត់ស្តាំ ឬបត់ឆ្វេង ករណីនេះ មន្ត្រីចរាចរណ៍មិនអាចផាកពិន័យបានទេ…»៕