Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្រុសវ៉ៃស្រីទក់សាច់ ប្លន់ទូរស័ព្ទ

 ប្រុសវ៉ៃស្រីទក់សាច់ ប្លន់ទូរស័ព្ទ

បាត់ដំបង ៖ នារីវ័យក្មេង ចំនួន២នាក់ បានអះអាងថា មានជនមិនស្គាល់មុខ ២នាក់ ប្រដាប់ដោយដាវសាមូរ៉ៃ បានធ្វើសកម្មភាពស្ទាក់ប្លន់យកទូរស័ព្ទដៃរបស់ពួកនាង ១គ្រឿង បានសម្រេច និងថែមទាំងបានវាយមកលើ ពួកនាងឡើងទក់សាច់ទៀតផង ខណៈដែលពួកនាងកំពុងដើរតាមផ្លូវរថភ្លើង សំដៅទៅហាងបាយ (កន្លែងធ្វើ ការ) លុះពេលធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបាននាំគ្នាគេចខ្លួនបាត់អស់។

ករណីដេញកាប់ និងវាយប្លន់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៤៣នាទីទៀបភ្លឺ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវរថភ្លើងមួយកន្លែង ស្ថិតក្នុងភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។

នារីរងគ្រោះទាំង២នាក់ ដែលអះអាងថា ត្រូវចោរដេញកាប់ប្លន់ ទី១-ឈ្មោះផល នីតា ហៅសៀង អាយុ១៨ឆ្នាំ (រត់រួច) និងទី២-ឈ្មោះហាន ម៉ូលីន អាយុ១៨ឆ្នាំ ត្រូវជនសង្ស័យវាយទាត់ធាក់ ប្លន់យកទូរស័ព្ទ ១គ្រឿង ម៉ាក VIVO បានសម្រេច។ នារីទាំង ២នាក់ គឺជាបុគ្គលិកហាងបាយមួយកន្លែង នៅម្តុំផ្សារបឹងឈូក។

នារីរងគ្រោះទាំង២នាក់ បានរៀបរាប់ប្រាប់ថា ជារៀងរាល់ថ្ងៃ នៅវេលាទៀបភ្លឺ ពួកនាងតែងតែនាំគ្នាដើរចេញ ពីផ្ទះ ទៅកាន់កន្លែងលក់បាយ នៅម្តុំផ្សារបឹងឈូក ហើយនៅព្រឹកកើតហេតុ ពួកនាងបាននាំគ្នាដើរចេញដល់ ផ្លូវរថភ្លើង បានចម្ងាយប្រមាណ ១០០ម៉ែត្រ ពីផ្ទះ ស្រាប់តែលេចមុខចោរស្ទាក់ប្លន់តែម្តង។

តាមសម្តីនារីរងគ្រោះឈ្មោះផល នីកា ហៅសៀង បានឱ្យដឹងថា ពេលពួកនាងដើរដល់ផ្លូវរថភ្លើង ស្រាប់តែ មានមនុស្សប្រុសម្នាក់ ជិះម៉ូតូកូនទា ពណ៌ទឹកប៊ិក តាមពីក្រោយ។ ជននោះបានជិះបត់ស្តាំបន្តិច ជួបជាមួយ បក្ខពួកម្នាក់ទៀត ហើយក៏ធ្វើជាឈរនិយាយគ្នា រួចហើយក៏ដឹកគ្នាជិះមកតាមពួកនាងតែម្តង។ ពេលជិះមកដល់ ស្រាប់តែជននោះបានចុះពីម៉ូតូ រួចដកដាវភ្ជង់ឈ្មោះលីន គំរាមឱ្យប្រគល់ទូរស័ព្ទ។ ពេលនាងឃើញបែបនេះ នាងភ័យរន្ធត់យ៉ាងខ្លាំង ហើយក៏ស្ទុះរត់ត្រឡប់ទៅផ្ទះវិញ ដើម្បីប្រាប់បងប្អូនឱ្យទៅជួយ ខណៈឈ្មោះលីន កំពុងត្រូវចោរដកដាវភ្ជង់ប្លន់ និងវាយដំផងដែរ។

ចំណែកនារីរងគ្រោះឈ្មោះហាន ម៉ូលីន បានឱ្យដឹងថា ចោរបានដកដាវភ្ជង់គំរាមសម្លាប់នាង បើនាងមិនព្រមឱ្យ ទូរស័ព្ទ មិនតែប៉ុណ្ណោះ ពួកគេបានទាត់នាងផង ធាក់ផង រហូតនាងដេកដួលលើដីក្បែរផ្លូវរថភ្លើងតែម្នាក់ឯង ខណៈឈ្មោះសៀង ភ័យស្លន់ស្លោ រត់ត្រឡប់មកផ្ទះវិញ។ នៅពេលដែលចោរទាត់ធាក់នាងគ្មានប្រណី និងថែម ទាំងមានដាវសាមូរ៉ៃភ្ជង់គំរាមសម្លាប់នាងផងនោះ ទើបនាងព្រមប្រគល់ទូរស័ព្ទដៃឱ្យទៅជននោះហើយជននោះ ក៏ជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗតែម្តង។

នារីរងគ្រោះ បញ្ជាក់ថា តាមការពិនិត្យភិនភាគចោរនោះ នាងដូចជាធ្លាប់ស្គាល់ ហើយចោរនោះទំនងជាធ្លាប់ ស្គាល់នាងដែរ ថែមទាំងធ្លាប់ជិះតាមឃ្លាំមើលនាងទៀតផង។ ជននោះបានគំរាមចុងក្រោយថា “បើនាងហ៊ាននិ យាយប្រាប់គេ វានឹងតាមសម្លាប់នាងចោលតែម្តង”។

ចំណែកអ្នកស្រី សូ សានឿន អាយុ៥៧ឆ្នាំ ត្រូវជាម្តាយរបស់នារីរងគ្រោះឈ្មោះហាន ម៉ូលីន បានប្រាប់ថាគាត់ មិនបានដឹងអំពីចោរស្ទាក់ប្លន់កូនស្រីទេ តែពេលនាង ផល នីកា រត់មកប្រាប់ទាំងស្លន់ស្លោ ទើបគាត់ដឹងក៏មាន ការភ្ញាក់ផ្អើលតែម្តង។ គាត់និយាយថា ក្រោយពេលកូនស្រីដើរចេញពីផ្ទះ ជិតដល់ផ្លូវរថភ្លើងខាងមុខផ្ទះ គាត់ បានឃើញជនម្នាក់ ជិះម៉ូតូចេញពីខាងលិច តាមកូនគាត់ពីក្រោយ តែគាត់មិនចាប់អារម្មណ៍ថាជានរណាទេ។ លុះប៉ុន្មាននាទីក្រោយមក ស្រាប់តែឈ្មោះសៀង រត់ទាំងត្រហេបត្រហបមកប្រាប់គាត់ថា ចោរស្ទាក់ប្លន់ពួកនាង ទើបគាត់ស្រែកហៅគេឯងឱ្យជួយ ខណៈកូនស្រីគាត់ ត្រូវគេគ្រាហ៍មកផ្ទះ ទាំងស្ថានភាពទន់ខ្លួននិយាយមិនរួច ឡើយ។

ក្រុមគ្រួសារនារីរងគ្រោះ បានបញ្ជាក់ថា ចាប់តាំងពីម៉ោងកើតហេតុ ពួកគាត់ពុំឃើញមានសមត្ថកិច្ចចុះមក សួរនាំ អំពីចោរស្ទាក់ប្លន់កូនស្រីគាត់នៅឡើយទេ គិតត្រឹមម៉ោង ១រសៀល ថ្ងៃកើតហេតុ។ ដោយឡែកកូនស្រីគាត់ និង អ្នករួមការងារជាមួយនាង ក៏មិនទាន់បានដាក់ពាក្យ បណ្តឹងនៅកន្លែងសមត្ថកិច្ចដែរ ព្រោះនាងនៅភ័យរន្ធត់ពេក និងនៅឈឺខ្លួនប្រាណ មិនអាចធ្វើដំណើរទៅដាក់ពាក្យបណ្តឹងបានទេ តែគាត់នឹងនាំកូនទៅប្តឹងសមត្ថកិច្ចនៅ ពេលកូនបានធូរស្បើយបន្តិច៕

RELATED ARTICLES