Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រចណ្ឌពេក ប្រពន្ធដេកលែងងើប

ប្តីប្រចណ្ឌពេក ប្រពន្ធដេកលែងងើប

ភ្នំពេញ ៖ ក្រុមគ្រួសារមួយ រស់នៅមិនសូវចុះសម្រុងនឹងគ្នា ឃើញតែកើតមានរឿងរកាំរកូស ឈ្លោះប្រកែក គ្នាស្ទើររាល់ថ្ងៃ ដោយមូលហេតុព្រោះតែបុរសជាប្តី មានចិត្តប្រចណ្ឌហួងហែងប្រពន្ធខ្លាំងពេក រហូតដល់ ស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ដោយលេបថ្នាំសម្លាប់ខ្លួន។

ករណីស្ត្រីលេបថ្នាំសម្លាប់ខ្លួននេះ បានកើតឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ស្ត្រីដែលលេបថ្នាំបញ្ចប់ជីវិតខ្លួនឯង មានឈ្មោះម៉ើ ផល្លា អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានកូនប្រុសស្រី ៥នាក់ (ប្រុស៤ ស្រី១) ស្នាក់នៅបន្ទប់ជួលភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ និងមានស្រុក កំណើតនៅភូមិជ័យមង្គល ឃុំច្រប់ ស្រុកសន្ទុក ខេត្តកំពង់ធំ មានប្តីឈ្មោះទីន អាយុ៣៧ឆ្នាំមុខរបរជាងលាប ថ្នាំផ្ទះ ស្នាក់នៅជាមួយគ្នា។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ក្រុមគ្រួសារស្ត្រីរងគ្រោះ រស់នៅមិនចុះ សម្រុង នឹងគ្នាឡើយ ចេះតែកើតមានជម្លោះស្ទើររាល់ថ្ងៃ ដោយសារបុរសជាប្តី តែងតែប្រចណ្ឌប្រពន្ធរបស់ខ្លួនហើយ រករឿងឈ្លោះប្រកែកគ្នាជាប្រចាំ ធ្វើឱ្យស្ត្រីជាប្រពន្ធ ទ្រាំរស់នៅ ជាមួយគ្នាលែងបាន រហូតឈានដល់គិត ខ្លីបែបនេះតែម្តង។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះ បានទិញថ្នាំងងុយ ដេក ជាច្រើនគ្រាប់ រួចយកមកលេបសម្លាប់ខ្លួន នៅបន្ទប់ជួលខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ហើយ ភ្លាមៗនោះអ្នកជិតខាងនិងក្រុមគ្រួសារ បាននាំគ្នាដឹកស្ត្រីខាងលើ មកកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះដែរ តែអកុសលនៅវេលាម៉ោងប្រមាណ ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២៣ ស្ត្រីរងគ្រោះបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យរុស្ស៊ី តែម្តង។

ក្រោយកើតហេតុ សពស្ត្រីរងគ្រោះ ត្រូវបានដឹកយកមកតម្កល់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំសមត្ថកិច្ចជំ នាញចុះធ្វើកោសល្យវិច័យ។

បន្ទាប់មក សមត្ថកិច្ចជំនាញការិយាល័យកោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារលេបថ្នាំងងុយដេក លើសកម្រិត ប្រាកដមែន។

សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតដើម្បីរៀប ចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES