Sunday, September 22, 2024
Homeតារាខ្មែរដួង វីរៈសិទ្ធ ៖បន្ដនៅរាម ទោះមាស សុខសោភា ចាកចេញ

ដួង វីរៈសិទ្ធ ៖បន្ដនៅរាម ទោះមាស សុខសោភា ចាកចេញ

ភ្នំពេញ៖ដួង វីរៈសិទ្ធ ដែលជាតារាប្រុសឈានមុខគេនៅរាម នោះបានប្រាប់”នគរធំ”កាលពី​រសៀ​​ល​ថ្ងៃទី៧ មីនា ថាលោកនៅតែច្រៀងឲ្យផលិតកម្មរាម ជាបន្ដទៅទៀត តែចំនួនកុងត្រា​នៅប៉ុន្មានឆ្នាំលោកមិន​អាចនិយាយ​បាន​ឡើយ។ការអះអាងរបស់លោកវីរៈសិទ្ធ នា​ពេល​នេះ​ក្រោយពីដៃគូពិសេសរបស់លោកវីរៈសិទ្ធ គឺមាស សុខសោ​ភា បានចាកចេញពីរាម ទៅ​ហើយ បន្ទាប់ពីផ្ញើរខ្លួននៅទ្រនុំនេះបានត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។

 លោកដួង វីរៈសិទ្ធ ថ្លែងថាលោកនឹងត្រៀមចេញបទចម្រៀងថ្មីៗជាបន្ដបន្ទាប់​ទៀតនៅ​រាម មិនមានគម្រោងផ្លាស់​ប្ដូរផលិតកម្មនៅឆ្នាំ២០២៣ នេះទេ។ប៉ុន្ដែលោកវីរៈសិទ្ធ ថាអំឡុង​ពេលលោកចូលរាម ដំបូងនោះលោកក៍បាន​ប្រាប់​​​ទៅថ្នាក់ដឹកនាំ​ផលិតកម្មនេះហើយថាលោក​មកធ្វើការ និងជួយការងារនៅរាម បានប៉ុណ្ណាយកប៉ុណ្ណឹង ពោលគឺមិនជាប់មានល័ក្ខខណ្ឌតឹង​រឹង​នោះ​ទេ។អតីតតារាចម្រៀងហង្សមាសរូបនេះក៍បាន​ឲ្យដឹងថាការ​ឈជើង​នៅរាម ២ឆ្នាំនេះ​លោកធ្លាប់និពន្ធឲ្យមាស សុខសោភា ច្រៀងបាន២បទគឺបទ”ខូចចិត្តច្រើន​ដង”និង​បទ”​ឆ្នេ​អនុ​ស្សា” តែលោកនិងរៀមច្បងរូបនេះក៍ធ្លាប់ច្រៀងឆ្លងឆ្លើយគ្នា​នូវបទចម្រៀងមួយ​ចំនួន​ទៀត​ជាដែលនិពន្ធដោយ​ក្រុមការងាររាម ផងដែរ។លោកវីរៈសិទ្ធ ថាក្រោយមាស សុខសោភា ចាក​ចេញលោកនៅតែអាចចាប់ដៃ​គូជា​មួយតារាស្រីម្នាក់ណាផ្សេងទៀតរបស់រាម ក៍បានដែរ ពោ​ល​គឺឲ្យតែផលិតកម្មតម្រូវ ព្រោះលោកមិនប្រកាន់​ដៃ​គូនោះទេ ប៉ុន្ដែជាទូទៅលោកថា​បទ​ចម្រៀង​របស់លោកគឺមានតែទោលច្រើនជាងច្រៀងជាដៃគូ​តាំងពីនៅផលិត​កម្ម​ចាស់ដល់រាម នេះ។

 ដួង វីរៈសិទ្ធ ធ្លាប់ច្រៀងឆ្លងឆ្លើយជាមួយមាស សុខសោភា នៅរាម មានដូចជាបទ​”បុស្បា​ ម្ចាស់ស្នេហ៍”,”ព្រួយ​ខ្លាចបាត់បង”និងបទ”ច្រវាដងខ្លី”ជាដើម​ដែលទស្សនិកជនភាគ​ច្រើនចូលចិត្តស្ដាប់ព្រោះតារាទាំង២​មានសម្លេង​ស៊ីគ្នាទោះជាសោភា អាយុបងវីរៈសិទ្ធ ដល់​ទៅជាង១០ឆ្នាំក្ដី ប៉ុន្ដែអ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់បានលើក​ឡើងថាបញ្ហា​អាយុខុស​គ្នាមិនមែនជាឧបស័ក្កសម្រាប់ការច្រៀងជាដៃគូគ្នាឡើយ ព្រោះថាកន្លងមកលោកព្រាប សុវត្ថិ អាយុប្អូនហ៊ឹម ស៊ីវន ជាច្រើនឆ្នាំតែតារាទាំងពីរធ្លាប់ចាប់ដៃគ្នាជោគជ័យ​បទចម្រៀង​ជាច្រើន​មកហើយ។ដោយឡែកសម្រាប់លោកវីរៈសិទ្ធ ការចាកចេញពីហង្សមាសចូលរាម ជាង២ឆ្នាំ​នេះ​​លោកបានឲ្យដឹងថា​ពេល​នេះអ្វីដែលប្លែកគឺលោកទទួលបានតម្លៃខ្លួនច្រៀងConcerts ថ្លៃខ្ពស់ជាងមុនទ្វេដងឯណ្ណោះ តែលោកមិន​ប្រាប់​ថាច្រៀងម្ដងបានប៉ុន្មាននោះនោះទេ។

 ដួង វីរៈសិទ្ធ អះអាងថា”នៅរដូវក្ដៅនេះខ្ញុំចេញច្រៀងតាមConcerts នៅតាមខេត្ត និង​ច្រៀងកម្មវិធីគេនៅ​ភ្នំពេញ​សឹងរាល់ថ្ងៃ។និយាយទៅប្រាក់ចំណូលខ្ពស់ជាងមុនតាំងពីខ្ញុំចូលរាម នេះ”។

 ដួង វីរៈសិទ្ធ  ជាអតីតតារាចម្រៀងផលិតកម្មមហាហង្ស,Pleng Record (ហង្សមាស) ហើយចុងក្រោយមក​ទើរ​នៅរាម នេះតែម្ដង ដែលលោកម្នាក់អាចធ្វើជាតារាចម្រៀង​ផង,និពន្ធ​ទំនុកច្រៀង និងMelody រួមទាំងMix ផង​ដែលតារាផ្សេងៗពិបាកធ្វើបានដូច។យ៉ាងណា​ការ​បាត់​ដៃគូសំខាន់គឺមាស សុខសោភា នាពេលនេះអ្នកខ្លះ​ហ៊ាន​ព្យាករណ៍ថាលោកវីរៈសិទ្ធ នឹង​អាចចាកចេញពីរាម នាពេលខាងមុខដែរជាមិនខាន ព្រោះលោកខ្វះដៃគូដ៍សាក​សម ប្រសិន​បើរាម មិនទិញតារាស្រីល្បីរូបណាទៅចាប់ដៃជាមួយលោក ប្រាកដជាធ្វើឲ្យអ្នកលេង​ហ្គីតា​រូប​នេះ​ប្រឈមធ្លាក់កូដក៍ថាបាន។

លោកដួង វីរៈសិទ្ធ បន្ថែមថារូបលោកមិនដែលបារម្ភខ្លាចប្ដូរផលិតកម្ម ឬគ្មានដៃគូ​ច្រៀ​ង​អាចធ្លាក់កូដនោះទេ ព្រោះ​លោកយល់ថាតាំងពីលោកក្លាយទៅជាអ្នក​ចម្រៀងមកភាគ​ច្រើន​គឺលោកច្រៀងបទនិពន្ធដោយខ្លួនឯង ច្រៀងទោលច្រើនជាងដៃគូ ហេតុនេះលោកនិយាយ​ដោយជំនឿរថាទោះជាលោកទៅដល់ទីណា ក៍នៅតែ​ប៉ុ​ណ្ណឹងដែរ។

គូរបញ្ជាក់ថាដួង វីរៈសិទ្ធ ម្ចាស់ពានI Am A Singer Cambodia រដូវកាលទី១មាន​បង​ប្អូនប្រុស៣នាក់​គឺសុទ្ធតែជា​តារា​​ចម្រៀងដូចគ្នាក្នុង​នោះគឺទី១៖លោកម៉ម សំនៀង ជាកូនច្បង ទី២៖រូបលោផ្ទាល់,ម៉ម វាសនា ហៅដួង វីរៈសិទ្ធ និង​ទី៣៖លោកម៉ម ពេជ្ជរិទ្ធ ៕

RELATED ARTICLES