ភ្នំពេញ៖អ្នកចម្រៀងសាច់សខ្ចីនាងអ៊ីវ៉ា បានបណ្ដើរបុរសចម្លែកម្នាក់ជាចំហ ទៅជួបអ្នករួមអាជីពកាលពីពេលថ្មីៗនេះដែលធ្វើឲ្យមានការលេចឭថាចាប់ពីពេលនេះតទៅស្រីនាថ លែងលាក់មុខម្ចាស់បេះដូងទៀតហើយ។ការកៀកកើយគូស្នេហ៍ជាសាធារណៈរបស់ស្រីនាថ នាពេលនេះ ចំពេលដែលមានព័តមានថានាងគ្រោងបញ្ចប់ជីវិតនៅលីវត្រឹមឆ្នាំ២០២៣ នេះហើយ ហេតុនេះទើបអ្នកខ្លះសង្ស័យថាអ៊ីវ៉ា ត្រូវតែបង្ហាញមុខអនាគតស្វាមីដើម្បីឲ្យឪពុកនាងលោកអ៊ូ វ៉ាវ បានសប្បាយចិត្ត។

អ្នកយកព័តមានយើងបានទូរស័ព្ទទៅអ៊ីវ៉ា កាលពីពេលថ្មីៗនេះហើយត្រូវបាននាងនិយាយលាយឡំសំណើចកាត់សំណួរសួរមិនទាន់អស់ដោយវាចាថាបុរសនោះមិនមែនជាសង្សារនាងឡើយ។តារាវ័យ៣០ឆ្នាំថាដោយសារតែម៉ារយៈនេះនាងមានការងារមមាញឹកច្រើន ហេតុនេះហើយត្រូវតែមានអ្នកជួយការងារនាងខ្លះក្រៅពីឪពុកនាង ហើយម្នាក់ដែលអង្គុយជាប់នាងនោះការពិតគឺជាបងប្អូនរបស់នាងទេ ទើបពេលខ្លះនាងយកទៅដើរជាមួយគ្នាតែម្ដងទៅ។នាងថាបើបុរសនោះជាម្ចាស់បេះដូងនាងមែន ម្លេះនាងមិនចាំបាច់ទៅបង្ហាញឲ្យគេឃើញនៅពេលនេះទេ ព្រោះគ្រប់គ្នាដឹងហើយថានាងមិនដែលបណ្ដើរអ្នកណាទេ ក្រៅពីទៅណាមកណាមានឪពុកនាងតាមគ្រប់ពេលនោះ ហេតុនេះសូមបញ្ជាក់ថាបុរសដែលដើរជាមួយនាងទៅជួបអ្នកសិល្បៈរួមអាជីពកាលពីពេលថ្មីៗនេះ អត់មែនជាកំណាន់ចិត្តរបស់នាងឡើយ។

ថ្វីត្បិតតែអ៊ីវ៉ា អះអាងបែបនេះក្ដី តែតាមប្រពពីតារាស្និតស្រីនាថ ពួកគេបង្ហើបថាស្រីស្រស់រូបនេះគ្មានបងប្អូនជាបុរសណាដើរតាមនាងបែបនេះឡើយ តាំងពីនាងច្រៀងជាង១០ឆ្នាំមកនេះគឺមានតែឪពុកនាងលោកអ៊ូ វ៉ាវ តែម្នាក់ប៉ុណ្ណោះ ដែលតាមការពារនាងគ្រប់ច្រកល្ហកទាំងអស់ ហើយបើពេលនេះលោកឈប់ដើរតាមកូនស្រីហើយមានន័យថាគឺដោយសារតែមានបុរសពិសេសដែលអ៊ីវ៉ា និងឪពុកនាងទុកចិត្តនោះអាចជំនួសលោកវ៉ាវ បានហើយ។

គូរបញ្ជាក់ថាអ៊ី វ៉ា ក្រោយចែកផ្លូវជាមួយលោក”ប”ថៅកែក្លឹប និងហាងបញ្ចាំនៅក្រុងសៀមរាប កាលពីឆ្នាំ២០១៣ នោះមកនាងមិនដែលបង្ហាញមុខគូស្នេហ៍ដោយបើកចំហម្ដងណាទេ បើទោះជានាងធ្លាប់បង្ហើបថាម្ចាស់ចិត្តនាងគឺជាអ្នកធ្វើការក្នុងវិស័យកីឡាក្ដី ប៉ុន្ដែប្រុសនោះជាអ្នកណានាងអត់បញ្ចេញ។ចំពោះបុរសដែលចេញមុខរួមគ្នាជាមួយអ៊ីវ៉ា នាពេលនេះទោះជានាងថាត្រូវជាសាច់ញាត្តិក្ដី ប៉ុន្ដែតាមព័តមានថាពួកគេទាំងពីរក៍ធ្លាប់ដើរលេងជាមួយគ្នានៅតាមតំបន់រម្យនីយដ្ឋានមួយចំនួនផងដែរហើយមើលទៅកាវិការហាក់ដូចជាមិនសម្យជាបងប្អូនឡើយ ព្រោះស្និតគ្នាបែបលក្ខណៈគូសង្សារ។

អ៊ីវ៉ា ថានៅឆ្នាំ២០២៣ នេះនាងមានការងារចេញច្រៀងConcerts តាមខេត្តច្រើនជាងឆ្នាំមុន ពោលគឺសប្ដាហ៍ខ្លះជាប់ច្រៀងពេញនៅខេត្តតែម្ដង ហេតុនេះត្រូវតែមានគាត់(បុរសបណ្ដើរនាង)ជួយធ្វើកិច្ចការខ្លះទើបបាន។នាងថាក្រៅពីរវល់ចេញច្រៀងConcerts ជាច្រើននោះ ថ្មីៗនេះនាងក៍ទើបតែបានចេញថតបទចម្រៀងប្រពៃណីខ្មែរសម្រាប់ចូលឆ្នាំខ្មែរ២បទ ផងដែរ។

គូររំលឹកថាអ៊ីវ៉ា ត្រូវបានឪពុកនាងលោកអ៊ូ វ៉ាវ ជម្រុញឲ្យនាងឆាប់រៀបការស្វាមីរយៈពេល៣ឆ្នាំមកហើយ ដើម្បីឲ្យកូនប្រសារលោកធ្វើកិច្ចការខ្លះជំនួសលោកដូចជាការបើករថយន្ដជូននាងទៅច្រៀងនៅតាមបណ្ដារខេត្តទាំងឡាយ តែស្រីនាថ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់រៀបអាពាហ៍ ពិពាហ៍នៅអាយុ៣០ឆ្នាំ ពោលគឺនៅឆ្នាំ២០២៣ នេះតែម្ដង ព្រោះនាងគិតថាមនុស្សស្រីវ័យនេះរៀបការសមល្មម មិនចាស់ពេកក្មេងពេក។ឥឡូវដល់ឆ្នាំសន្យាអ៊ីវ៉ា បានបង្ហាញសញ្ញារកបានគ្នាបណ្ដើរៗហើយ តែដំណឹងនាងហ៊ានរៀបការនៅឆ្នាំនេះឬអត់នោះគឺតារាសាន់ដេរូបនេះបិតជិតឈឹងតែម្ដង។

Fan តារាសាច់សខ្ចីអ៊ីវ៉ា ចាំមើលថាតើបុរសតាមអ៊ីវ៉ា ស្អិតនោះជាសាច់ញាត្តិរបស់នាងមែន ឬជាអង្គរក្សបេះដូងស្រីនាថ?