Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួនឧកញ៉ាគ្រូសិល្ប៍បោក រកឃើញកាំភ្លើង៥ គ្រាប់២៥៩

ចាប់ខ្លួនឧកញ៉ាគ្រូសិល្ប៍បោក រកឃើញកាំភ្លើង៥ គ្រាប់២៥៩

កំពង់ចាម ៖ គ្រូសិល្ប៍មានងារជាឧកញ៉ាមួយរូប ដែលល្បីថាពូកែ និងមានលុយច្រើនសន្ធឹកសន្ធាប់ តែមានរឿង អាស្រូវ ប្រព្រឹត្តនូវភាពមិនប្រក្រតីជាហូរហែមកនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះចាប់ខ្លួនដោយអនុ វត្តតាមដីការបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ពីបទ “ឆបោក” ជាមួយនេះសមត្ថកិច្ចបានរកឃើញកាំភ្លើងចំនួន ៥ដើម និងគ្រាប់កាំភ្លើង ជាង២៥៩គ្រាប់ ដែលលាក់ទុកក្នុងបន្ទប់គ្រូសិល្ប៍នោះទៀតផង។

ប្រតិបត្តិការឃាត់ខ្លួនគ្រូសិល្ប៍ឧកញ៉ាខាងលើ បានធ្វើឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិអណ្តូងច្រុះ ឃុំអម្ពិល ស្រុកកំពង់សៀម។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ឹម ប្រុស ភេទប្រុស អាយុ៥៦ឆ្នាំ ជាគ្រូសិល្ប៍ និងមានងារជាឧកញ៉ា មានលំនៅក្នុងភូមិអណ្តូងច្រុះ ឃុំអម្ពិល ស្រុកកំពង់សៀម។

តាមប្រភពពីសមត្ថកិច្ចជំនាញខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាន នគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នង ការរងទទួលផែនការងារព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោកតូច ឧត្តម និងលោកតារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំចុះអនុវត្តសាលដីកា ស្ថាពររបស់សាលា ឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ឱ្យចាប់ខ្លួនទណ្ឌិតឈ្មោះអ៊ឹម ប្រុស ហៅគ្រូសីល្ប៍ ងារជាឧកញ៉ា អាយុ៥៦ឆ្នាំ មានលំនៅ ភូមិអណ្តូងច្រុះ ឃុំអម្ពិល ស្រុកកំពង់សៀម ពីបទ “ឆបោក” ប្រព្រឹត្តនៅភូមិអណ្តូងច្រុះ ឃុំអម្ពិល ស្រុកកំពង់ សៀម កាលពីអំឡុងឆ្នាំ២០១៥-២០១៦ និងឆ្នាំ២០១៧។

ប្រភពដដែល បន្តថា ក្នុងពេលកិច្ចប្រតិបត្តិការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិត អ៊ឹម ប្រុស ខាងលើ កម្លាំង ជំនាញបានរកឃើញអាវុធខ្លី ចំនួន៥ដើម រួមមាន ម៉ាកឡុក CF98 ពណ៌ខ្មៅ ចំនួន៣ដើម។ ម៉ាក K59 ពណ៌ខ្មៅ ចំនួន១ដើម និងម៉ាក CZ75 ពណ៌ខ្មៅ ចំនួន១ដើម។ ប័ណ្ណសម្គាល់អាវុធខ្លីផុតសុពលភាព ចំនួន១៥សន្លឹក ចន្លោះ ពីឆ្នាំ២០០៧ និង២០០៨។ គ្រាប់កាំភ្លើង ចំនួន២៥៩គ្រាប់ (គ្រាប់ K59 ចំនួន៤៩គ្រាប់ និងគ្រាប់ឡុក ចំនួន២១០ គ្រាប់) ។ សាន់តារ៉ុង ចំនួន៦។  ម៉ាស៊ីនផ្ទុករូបភាពកាមេរ៉ាសុវត្ថិភាព ចំនួន២គ្រឿង ខ្នោះដៃ ចំនួន៥គូ និងស្រោមខ្នោះ ចំនួន៤។

ក្រោយការចាប់ខ្លួន កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បាននាំខ្លួនទណ្ឌិតខាងលើ រួមនិងវត្ថុតាង ទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធី បញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES