ភ្នំពេញ៖ការចាកចេញរបស់មាស សុខសោភា ពីរាម មានន័យថានាងត្រូវការប្រកួតប្រជែងទីផ្សារចម្រៀងសារជាថ្មីឡើងវិញម្ដងទៀត បន្ទាប់ពីមើលទៅហាក់នៅទ្រឹងនារយៈពេល២ឆ្នាំកន្លងមក ខណៈដែលការរួមទ្រនុំជាមួយមិត្តចាស់គឺឱក សុគន្ធកញ្ញា ក៍អាចនឹងកើតឡើងមានម្ដងទៀតដែរ បើទោះជាសោភា ថានៅឆ្នាំ២០២៣ នេះនាងមិនទៅចូលផលិតកម្មណាទេហើយចាប់ផ្ដើមធ្វើបទចម្រៀងនៅផលិតកម្មផ្ទាល់ខ្លួនCamtrax សារជាថ្មីក្ដី។តែជាតារាចម្រៀងគឺអាចបត់បែនទៅតាមស្ថានការណ៍ជាក់ស្ដែងដូចជាតារាមួយចំនួនទៀតដែរ ព្រោះថាកាលពីឆ្នាំ២០១៧ លោកខែម ប៊ុនថៃ ក៍ថាចេញពីសាន់ដេទៅបើកផលិតកម្មផ្ទាល់ខ្លួនដែរ តែទីបំផុតលោកទៅចូលហង្សមាសអស់៥ឆ្នាំ (២០១៧-២០២៣) ហើយខាន់ជេមស៍ មុននេះបានបើកផលិតកម្មផ្ទាល់ខ្លួនតែថ្មីៗនេះលោកបែជាទៅចូលផលិតកម្មGalaxy ទៅវិញ។

ដោយឡែកសម្រាប់មាស សុខសោភា វិញនាងត្រូវបានផលិតកម្មរស្មីហង្សមាសចង់បានជាច្រើនឆ្នាំមកហើយ តែការចរចារត្រូវបរាជ័យជាបន្ដបន្ទាប់ទើបនាងនៅតែមិនអាចក្លាយទៅជាតារាចម្រៀងផលិតកម្មធំមួយនេះបាន ។ប៉ុន្ដែក្រោយសោភា មិនតកុងត្រាថ្មីជាមួយរាម នោះមានព័តមានថាហង្សមាសនៅតែដាក់គោលដៅចង់បាននាងម្ដងទៀតដើម្បីពង្រឹងផលិតកម្មរបស់ខ្លួនក្រោយតារាសំខាន់ផលិតកម្មមួយនេះដល់ទៅ២ដួងគឺព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បានចាកចេញព្រមគ្នានោះ ហេតុនេះហើយគេជឿរថាសោភា នៅតែអាចរួមទ្រនុំជាមួយឱក សុគន្ធកញ្ញា ម្ដងទៀតក្រោយពួកគេបានអាកខានច្រៀងផលិតកម្មតែមួយអស់រយៈពេល១៩ឆ្នាំមកហើយ បន្ទាប់ពីធ្លាប់បានចាប់ដៃគ្នាចុងក្រោយនៅផលិតកម្មU2 ឬCB កាលពីឆ្នាំ២០០៤ ។សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមិត្តភក្ដិនាងនៅហង្សមាស (តែនាងមិនប្រាប់ចំឈ្មោះនោះទេ ខណៈដែលគេដឹងថានាងស្និតស្នាលជាមួយសុគន្ធកញ្ញា ,សុគន្ធ និសា និងឆន សុវណ្ណារាជ)ធ្លាប់ឲ្យយោបល់ចង់ឲ្យនាងទៅច្រៀងនៅទីនោះ តែនាងនាងគិតថាសម័យនេះហើយទោះជាច្រៀងដោយមិនចាំបាច់មានផលិតកម្មក៍នៅតែល្បីបានដែរ។

អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់អ្នកយកព័តមានយើងក្នុងល័ក្ខខណ្ឌមិនបញ្ចេញឈ្មោះថាការអះអាងរបស់សោភា ថាពេញ១ឆ្នាំ២០២៣ នាងមិនទៅចូលច្រៀងនៅផលិតកម្មណា១ គឺច្រៀងនៅផលិតកម្មខ្លួនឯងនោះតាមពិតចន្លោះនេះគឺនាងកំពុងតែសម្លឹងមើលផលិតកម្មណាដែលនាងគូទៅ ឬជាសញ្ញាដើម្បីឲ្យផលិតកម្មណាចង់បានរូបនាងទាក់ទងមក។លោកគ្រូភ្លេងរូបនោះបន្ថែមថាសម្ថភាពដូចសុខសោភា គឺផលិតកម្មណាក៍ចង់បានដែរ តែលោកសង្កត់ថាបើសិនជាសោភា គិតថាលោកព្រាប សុវត្ថិ ទៅGalaxy ២ឆ្នាំអត់ធ្លាក់នោះនាងអាចទៅទីនោះច្រើនជាងផលិតកម្មផ្សេង ព្រោះតារាប្រុសផលិតកម្មនោះល្បីៗច្រើននាក់ តែផ្នែកអ្នកចម្រៀងស្រីអត់សូវមាន។

មាស សុខសោភា ធ្លាប់ជាគូប្រជែងដ៍ស្វិតស្វាញជាមួយឱក សុគន្ធកញ្ញា រយៈពេលជិត១០ឆ្នាំពោលគឺមុនឆ្នាំ២០១៩ ដែលរហូតពេលខ្លះពិបាកបែងចែកថាម្នាក់ណាលេខ១ទៀតផង។សោភា-កញ្ញា ធ្លាប់ច្រៀងរួមផលិតកម្មនៅរស្មីស្ទឹងសង្កែ,U2 ឬCB ហេតុនេះបើសោភា ចូលហង្សមាសពួកគេនឹងជួបគ្នាជាលើកទី៣ ។ តែអ្នកជំនាញសិល្បៈលើកឡើងថាឱកាសសុខសោភា ទៅហង្សមាសមិនមានច្រើនទេ ព្រោះថាពេលនេះតារាប្រុសដែលទស្សនិកជនចង់ឃើញសុខសោភា ចាប់ដៃគូគ្នាគឺលោកព្រាប សុវត្ថិ នោះ មិននៅផលិតកម្មធំមួយនេះទៀតឡើយ។

គូររំលឹកថាមាស សុខសោភា ត្រូវបានគេចាត់ទុកថានាងច្រៀងប្ដូរផលិតកម្មដូចខោអាវដោយកន្លងមកនាងធ្លាប់ច្រៀងនៅរស្មីស្ទឹងសង្កែ,U2 ឬCB ,M ,សាន់ដេ ,ថោន និងរាម រួមទាំងផលិតកមម្មផ្ទាល់ខ្លួនCamtrax ដែលគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹត រ៉ាដា ខណៈដែលFan នាងថាតារាចម្រៀងសំនៀងផ្អែមរូបនេះទៅដល់ផលិតកម្មណាក៍នៅតែល្បីដែរ។
មហាជនរងចាំមើលថាផលិតកម្មទី៨ របស់មាស សុខសោភា ជាទ្រនុំ១ណាទៅ ស្របពេលដែលមានព័តមានថាក្រៅពីហង្សមាសនៅមានផលិតកម្ម២ទៀតចង់បាននាងនោះគឺGalaxy និងថោន ដែលចង់ឲ្យនាងទៅហើយមកវិញ៕