Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមព្រះសង្ឃសកម្មជនការពារព្រៃឈើ ត្រូវចាប់ផ្សឹក ពីបទកាប់រានទន្ទ្រានព្រៃ

ព្រះសង្ឃសកម្មជនការពារព្រៃឈើ ត្រូវចាប់ផ្សឹក ពីបទកាប់រានទន្ទ្រានព្រៃ

ដំបង ៖ ព្រះសង្ឃមួយអង្គ ដែលជាអតីតសកម្មជនការពារព្រៃឈើ ធ្លាប់បានធ្វើសកម្មភាពការពារព្រៃឈើសហ គមន៍ឧត្តមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ទើបតែបួសមិនទាន់បានកន្លះវស្សាផង បានធ្វើធម្មយាត្រាដើម្បីសន្តិ ភាព តាំងពីខេត្តកំពង់ស្ពឺ រហូតដល់ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរ និងមន្រ្តីសង្ឃខេត្តបាត់ដំបង ចាប់ផ្សឹក និង បញ្ជូនទៅតុលាការ តាមដីកាកោះឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទកាប់គាស់ឆ្ការរុក រានទន្ទ្រានដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ ។

 ព្រះតេជគុណ សយ សាត ព្រះជន្ម ៧១វស្សា គឺអតីតសកម្មជនការពារព្រៃឈើ និងជាអតីតតំណាងសហគមន៍ ព្រៃមេត្តាធម្មជាតិ រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ព្រះអង្គធ្លាប់បានចេញមុខ តវ៉ាការពារព្រៃឈើពីការកាប់បំផ្លាញព្រៃឈើ ឈូសឆាយដីព្រៃ និងការបំផ្លាញពុទ្ធបដិមា នៅវត្តមេត្តាធម្មជាតិ ឬសហគមន៍ឧត្ដមស្រែពស់ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រហូតដល់ត្រូវរងបណ្ដឹងនៅតុលាការ ដោយសារ តែបានបង្កការរំខានដល់ការអនុវត្តការងាររបស់អាជ្ញាធរ និងទាហាន ក្នុងការឈូសឆាយដីព្រៃ ដើម្បីបែងចែក ទៅឱ្យគ្រួសារកងទ័ព និងពលរដ្ឋ ៤១គ្រួសារ ដែលរាជរដ្ឋាភិបាល បានសម្រេចផ្ដល់ឱ្យរួចទៅហើយ ។ ប្រឈម នឹងបណ្ដឹងនេះ នៅពេលនោះ ព្រះតេជគុណ សយ សាត និងតំណាងសហគមន៍ ៥នាក់ទៀត ត្រូវបានតុលាការ កោះហៅចូលទៅបំភ្លឺ យ៉ាងតិច២លើក ហើយចុងក្រោយ តុលាការខេត្តកំពង់ស្ពឺ បែរជាចោទប្រកាន់ថា ព្រះអង្គ បានកាប់ រានទន្ទ្រានដីព្រៃ យកធ្វើជាកម្មសិទ្ធិទៅវិញ ។

 ស្របពេលដែលទទួលរងបណ្ដឹងនៅតុលាការ ព្រះតេជគុណ សយ សាត បានសម្រេចចិត្តចូលសាងផ្នួសនៅវត្ត ភ្នំផ្លោច ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ ។ ការបួសនៅពេលនោះ មិន មែនជាលើកទី១ សម្រាប់ព្រះតេជគុណ សយ សាត ទេ គឺក្នុងនាមប្រជាពលរដ្ឋដែលមានស្រុកកំណើតនៅខេត្ត ស្វាយរៀង ព្រះអង្គធ្លាប់បានចូលសាងព្រះផ្នួស ក្នុងព្រះពុទ្ធសាសនា ក្នុងព្រះជន្ម ៥៦ព្រះវស្សា នៅវត្តមេត្តាធម្ម ជាតិ ខេត្តកំពង់ស្ពឺ និងរៀនសូត្រខាងវិន័យសង្ឃថ្នាក់ធម្មវិន័យ ស្មើនឹងការសិក្សាទូទៅថ្នាក់ទី៥ ។ ពេលនោះ ព្រះ អង្គបានចូលរួមការពារព្រៃឈើ នៅក្នុងសហគមន៍ព្រៃមេត្តាធម្មជាតិ ត្រូវបានក្រុមអាជ្ញាធររករឿងចោទប្រកាន់ រហូតធ្វើឱ្យព្រះអង្គសម្រេចលាចាកសិក្ខាបទមួយរយៈពេល មុននឹងសម្រេចសាងផ្នួសជាថ្មី នៅឆ្នាំ២០២២ ។

 នៅពេលសាងផ្នួសជាថ្មី ទាំងនៅជាប់បណ្ដឹង នៅក្នុងអំឡុងឆ្នាំ២០២២ នោះ ព្រះតេជគុណ សយ សាត បានប្ដេជ្ញា សម្អាតចិត្តឲ្យល្អនៅក្នុងព្រះពុទ្ធសាសនា ដោយព្រះអង្គបានមានថេរដីកាប្រាប់ “នគរធំ” កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ ថា “អាត្មាបួសហើយញោម! បួសក្នុងសាសនា ហើយអាត្មានឹកឃើញថា មានតែផ្លូវព្រះពុទ្ធ នេះទេ ដែល ទៅរកផ្លូវបរមសុខឃើញ ។ បើសិនជាចូលទៅតាមផ្លូវសម្មាទិដ្ឋិ ការយល់ត្រូវ គឺសេចក្ដីសុខកើតឡើងចំពោះជាតិ យើងទាំងមូល ។ ប្រទេសដែលមានសុខសន្តិភាព កើតចេញមកពីមនុស្សមានវិជ្ជា មានចំណេះដឹង ប្រជាពលរដ្ឋ យល់ដឹងអំពីតួនាទីនិងកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ។ ព្រះសង្ឃ ដឹងតួនាទីថាសង្ឃធ្វើអីក្នុងព្រះពុទ្ធសាសនា? តើផ្ដល់ឱវាទអីខ្លះដល់ស្ដេច សេដ្ឋី មន្រ្តី អ្នកមាន ឲ្យចូលទៅតាមផ្លូវអដ្ឋង្គិគមគ្គ សេចក្ដីល្អ ។ នេះហើយជាផ្លូវ មួយដែលនាំសត្វឆ្លងកាត់វាលវដ្ឋសង្សារ” ។

 កាលដើមពីខែកុម្ភៈ ឆ្នាំ២០២៣ ព្រះតេជព្រះគុណ សយ សាត ជាព្រះសង្ឃតែអង្គគត់ ក្នុងចំណោមអ្នកតស៊ូមតិ ជាង ៣០នាក់ ដែលបានចូលរួមធ្វើធម្មយាត្រាដោយថ្មើរជើង ដើម្បីផ្សព្វផ្សាយលើកកម្ពស់សីលធម៌សង្គម ពីរាជ ធានីភ្នំពេញ ទៅដល់ខេត្តពោធិ៍សាត់ រយៈពេលមួយសប្តាហ៍ ដឹកនាំរៀបចំធ្វើដោយសមាគម គ្រូបង្រៀនកម្ពុជា ឯករាជ្យ និងមានការចូលរួមដឹកនាំពីលោករ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អតីតប្រ ធានសហភាពសហជីពកម្ពូជា ដែលសព្វថ្ងៃជាអនុប្រធានគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) ។ ព្រះអង្គបានបញ្ជាក់នៅពេលនោះថា ព្រះអង្គចូលរួមធ្វើការងារនេះ ព្រោះសង្កេតឃើញភាពមានអយុត្តិធម៌ក្នុង សង្គម កើតឡើងស្ទើររាល់ថ្ងៃ ដូចជាការបណ្ដេញពលរដ្ឋចេញដីធ្លី ឬលំនៅឋាន អាជ្ញាធររដ្ឋធ្វើបាបពលរដ្ឋ ការបំផ្លាញព្រៃឈើ និងរំលោភសិទ្ធិមនុស្ស ជាដើម។ ព្រះអង្គ បន្តថា ក្នុងនាមព្រះសង្ឃឆាន់បាយពុទ្ធបរិស័ទ ព្រះអង្គមិនអាចគង់សំងំយកសុខតែអង្គឯងបានឡើយ ដូច្នេះព្រះអង្គសម្រេចចូលរួមធ្វើការងារសង្គម ការពារ ព្រៃឈើ ចូលរួមការលើកកម្ពស់សីលធម៌សង្គម ជាច្រើនឆ្នាំមកហើយ ។ ជាពិសេសព្រះអង្គថា ព្រះអង្គមិនព្រម ចុះចាញ់អំពើអាក្រក់ ព្រោះអង្គមានជំនឿថា អំពើល្អ នឹងឈ្នះអំពើអាក្រក់ ហើយក្នុងនាមព្រះអង្គ ជាអ្នកបួសព្រះ អង្គអាចអប់រំបន្ទន់ចិត្តពុទ្ធបរិស័ទ ឱ្យរលឹកគិតធ្វើសេចក្ដីល្អ។ 

ប៉ុន្តែជាការនាំទុក្ខ ក្រោយពេលចូលរួមធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម ជាមួយសមាគម គ្រូបង្រៀនកម្ពុជា ឯករាជ្យនោះមក ព្រះសង្ឃអង្គនេះ បែរជាត្រូវបានព្រះចៅអធិការវត្ត បណ្ដេញចេញពីវត្ត កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ក្រោយការបណ្ដេញពីវត្ត ព្រះអង្គបានសុំវត្តផ្សេងមួយចំនួននៅក្បែរនោះ ដើម្បីគង់នៅដែរ តែអ្នក គ្រប់គ្រងវត្តទាំងនោះ មិនហ៊ានឱ្យព្រះអង្គគង់នៅទេ ធ្វើឲ្យព្រះអង្គគ្មានវត្តគង់នៅ បានត្រាច់ចរពីខេត្តមួយទៅ ខេត្តមួយ ពេលខ្លះបានផ្ទះអ្នកភូមិគង់នៅ និងពេលខ្លះព្រះអង្គគង់ក្នុងព្រៃ ដើម្បីកំបាំងខ្លួនពីការតាមដាន របស់ ក្រុមអាជ្ញាធរ ។ រហូតអស់រយៈពេលប្រហែល ១៥ថ្ងៃ គឺនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ព្រះអង្គបាននិមន្តដល់ខេត្ត បាត់ដំបង និងបានទៅគង់នៅក្នុងវត្តពោធិ៍វាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក៏មានសេចក្ដីការណ៍បឋមថា ព្រះ អង្គ ត្រូវបានអាជ្ញាធរ និងមន្ត្រីសង្ឃខេត្តបាត់ដំបង ចាប់ផ្សឹក ហើយដាក់ខ្នោះដៃ និងបញ្ជូនចេញពីវត្ត ភ្លាមៗ ដោយសារព្រះអង្គមិនបានចូលខ្លួនទៅបំភ្លឺ តាមដីកាកោះរបស់សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ។

ប្រភពបានបញ្ជាក់ថា តុលាការបានចេញដីកាកោះ ឲ្យចូលខ្លួនជាថ្មី នៅចុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ប៉ុន្តែដោយខ្លាចព្រះអង្គមិនព្រមចូលខ្លួនតាមដីកាកោះ ក៏បញ្ជាឲ្យនាំខ្លួន ទើបព្រះអង្គត្រូវបានចាប់ផ្សឹកតែម្ដង ។

 យោងតាមដីកាកោះឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ លេខ៩៨៤ ចុះថ្ងៃពុធ ៣រោច ខែ មាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោក រ៉ា លីសួន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដែល “នគរធំ” ទទួលបាន បានបញ្ជាក់ថា ក្រោយពីបានពិនិត្យសំណុំរឿងព្រហ្មទណ្ឌ លេខ៦១២ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដែលមានជនជាប់ចោទ ឈ្មោះ សយ សាត ភេទប្រុស អាយុ៧១ឆ្នាំ ដែលជាប់ចោទពីបទ «កាប់គាស់ ឆ្ការ រុករានដីព្រៃ ដើម្បីយកធ្វើជា កម្មសិទ្ធិ» ប្រព្រឹត្តនៅភូមិល្ងឹម ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បទល្មើសដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា៦២ កថាខណ្ឌ១ ចំណុច១ និងមាត្រា៥៦ កថាខណ្ឌ៤ ចំណុច១ នៃ ច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ។ ដូច្នេះសម្រេចឲ្យឈ្មោះសយ សាត ភេទប្រុស អាយុ៧១ឆ្នាំ សញ្ជាតិខ្មែរ ជន ជាតិខ្មែរ លំនៅសព្វថ្ងៃ ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចូលខ្លួនទៅចំពោះ មុខសាលាដំ បូងខេត្តកំពង់ស្ពឺ សាលាជំនុំជម្រះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង៣០នាទីព្រឹក សាលសវនា ការ (គ) ជាកំហិត ដើម្បីឆ្លើយដោះសាពីការចោទប្រកាន់លើខ្លួន ។

 នៅក្នុងដីកាកោះឲ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ខាងលើនេះ ក៏បានបញ្ជាក់ពី សិទ្ធិរបស់ ជនជាប់ចោទ គឺសិទ្ធិទទួលដឹងលើលិខិតចោទប្រកាន់ទោស និងដីកាកោះឲ្យចូលខ្លួន សិទ្ធិបង្ហាញពីភ័ស្តុតាង សំ អាងសាក្សី និងធ្វើសំណូមពរផ្សេងៗ សិទ្ធិការពារខ្លួនឯងដោយខ្លួន ឬសុំពឹងពាក់មេធាវីជួយការពារ ឬពីអ្នកដទៃ ណាមួយជួយការពារខ្លួន សិទ្ធិផ្លាស់ប្ដូរសមាសភាពជំនុំជម្រះ និងសិទ្ធិនិយាយសម្ដីចុងក្រោយបង្អស់ ។

 ទោះបីយ៉ាងណា ជុំវិញការចាប់ផ្សឹកព្រះសង្ឃអតីតសកម្មជនការពារព្រៃឈើនេះ “នគរធំ” មិនទាក់ទងសុំការ បញ្ជាក់ឆ្លើយតបពីខាងអាជ្ញាធរខេត្តបាត់ដំបង និងអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានទេ កាលពីម្សិលមិញ ។

ដោយឡែក សង្គមស៊ីវិល អ្នកធ្វើការផ្នែកសិទ្ធិមនុស្ស ព្រៃឈើ សហគមន៍ និងសកម្មជនបរិស្ថាន បានចាត់ទុក ករណីនេះ ជារឿងនយោបាយ និងទាមទារឲ្យលែងព្រះសង្ឃ សយ សាត វិញ ។

 ព្រះតេជគុណ បូរ បេត អតីតសកម្មជនការពារព្រៃឈើ ដែលបច្ចុប្បន្នបានភៀសព្រះកាយទៅគង់នៅវត្តមួយ ក្នុងប្រទេសស្វីស បានលើកឡើងថា ព្រះតេជគុណ សយ សាត មិនមានកំហុសអីទេ បើគ្រាន់តែព្រះអង្គនិមន្ត ធម្មយាត្រា ដើម្បីលើកកម្ពស់សីលធម៌សង្គមនោះ ។ ដូច្នេះព្រះអង្គសូមឲ្យដោះលែងព្រះតេជគុណ សយ សាត ឲ្យមានសេរីភាពឡើងវិញ ។

លោកសាន់ ម៉ាឡា សកម្មជនបរិស្ថាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ថា តាមព័ត៌មាន អាជ្ញាធរខេត្តបាត់ដំបង ពិតជាបានចាប់ផ្សឹកព្រះតេជគុណ សយ សាត ដែលជាសកម្មជនចូលរួម ការពារព្រៃមេ ត្តាធម្មជាតិ នៅខណ:ពេលដែលព្រះអង្គកំពុងធ្វើធម្មតាយាត្រាដើម្បីសន្តិភាព ដែលព្រះអង្គក៏រងបណ្តឹងពីបទ កាប់ឆ្ការព្រៃយកដីធ្វើជាកម្មសិទ្ធិ ពីសំណាក់សាលាដំបូងខេត្តកំពង់ស្ពឺ ផងដែរ។ សកម្មជនបរិស្ថានរូបនេះ បន្តថា ព្រះតេជគុណសយ សាត ធ្លាប់ចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការសង្គ្រោះតំបន់អារ៉ែង ខេត្តកោះកុង នៅអំ ឡុងឆ្នាំ២០១៤-២០១៥ និងការពារព្រៃឈើសហគមន៍ឧត្តមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ផងដែរ។

  លោកសាន់ ម៉ាឡា បានមានប្រសាសន៍ថា “ ខ្ញុំយល់ឃើញថា ការចាប់ផ្សឹកព្រះគុណម្ចាស់សយ សាត ប្រ ហែលអាជ្ញាធរមិនសប្បាយចិត្ត នៅពេលដែលព្រះអង្គបានបន្តធ្វើធម្មយាត្រាពីខេត្តមួយទៅខេត្តមួយ នៅក្នុង គោលបំណងដើម្បីស្វែងរកសន្តិសភាព និងសុំឲ្យមានយុត្តិធម៌សង្គម ជាពិសេសគឺការដោះលែង អ្នកទោសមន សិការ ដែលកំពុងតែជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ ។ ខ្ញុំគិតថា ព្រះសង្ឃលោកក៏ជាប្រជាពលរដ្ឋមួយរូបដែរ ដូច្នេះរដ្ឋធម្មនុញ្ញរបស់យើងក៏បានធានាអំពីសិទ្ធិ និងករណីយកិច្ចសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយជា ពិសេសព្រះសង្ឃ លោកទទួលចង្ហាន់ពីញាតិញោមពុទ្ធបរិស័ទ ។ ដូច្នេះបើញាតិញោមជាពុទ្ធបរិស័ទមានបញ្ហា ឬក៏មានទុក្ខព្រះសង្ឃ លោកតែងតែនិមន្តចូលរួមដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ ហើយយើងឃើញថា សកម្មភាពនេះមិនមែនទើបធ្វើឡើងថ្មីៗទេ គឺបានកើតមានឡើងតាំងពីសម័យអាណានិគមបារាំងម្ល៉េះ ដែលព្រះ សង្ឃតែងសកម្មនិងឈឺឆ្អាលស្វែងរកដំណោះស្រាយជូនសង្គមជាតិរបស់យើង ។ ដូច្នេះខ្ញុំគិតថា ការចាប់ផ្សឹក ព្រះគុណម្ចាស់សយ សាត វាគឺជារឿងដែលមិនត្រឹមត្រូវ ហើយមិនអាចទទួលយកបានទេ ក្នុងនាមជាយុវជន ជាប្រជាពលរដ្ឋមួយរូប ហើយដោយឡែក ទាក់ទងជាមួយនឹងបទចោទ ដែលសាលាដំបូងខេត្តកំពង់ស្ពឺ ធ្វើការ ចោទប្រកាន់ព្រះអង្គហ្នឹង ខ្ញុំមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ឬក៏ច្បាស់លាស់ ទាក៉ទងនឹងរឿងនេះទេ ដូច្នេះខ្ញុំអត់មានជាការយល់ឃើញដែរ “ ៕

RELATED ARTICLES