Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីក្មេង៤នាក់ ប្តឹងថៅកែហាង បង្ខំឱ្យរួមភេទជាមួយ ភ្ញៀវ

ស្រីក្មេង៤នាក់ ប្តឹងថៅកែហាង បង្ខំឱ្យរួមភេទជាមួយ ភ្ញៀវ

កណ្តាល ៖ នារីវ័យក្មេង ចំនួន៤នាក់ ដែលអះអាងថាខ្លួនជាបុគ្គលិកបម្រើការងារនៅក្នុងហាងផឹកស៊ី និងខារ៉ាអូខេ មួយកន្លែង ស្ថិតក្នុងស្រុកពញាឮ បានប្តឹងចោទប្រកាន់ថៅកែហាង បង្ខំឱ្យពួកនាងរួមភេទជាមួយភ្ញៀវប្រុស ថែម ទាំងបង្ខាំងមិនឱ្យចេញក្រៅទៀតផង រហូតដល់ពួកនាងទ្រាំលែងបាន ក៏សម្រេចនាំគ្នាមកដាក់ពាក្យបណ្តឹងដើម្បី ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។

នារីវ័យក្មេង ទាំង៤នាក់ បានឲ្យដឹងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ថា ទីតាំងហាងផឹកស៊ី និង KTV ដែលនាង ធ្វើការ និងត្រូវថៅកែហាងបង្ខាំងនិងបង្ខំឱ្យពួកនាងរួមភេទជាមួយភ្ញៀវប្រុសៗនោះ មានយីហោ «អាហារដ្ឋាន ជំនោរបឹងលាភ KTV 168» ស្ថិតក្នុងភូមិទួលព្រិច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកបុរស ជាថៅកែហាង ឈ្មោះជឿន។

នារីវ័យក្មេង ទាំង៤នាក់ បានឲ្យដឹងថា ពួកនាងបានចូលមកបម្រើការងារនៅក្នុងហាងផឹកស៊ី និងខារ៉ាអូខេខាង លើ មួយរយៈមកហើយ ដោយដំបូង ថៅកែហាង ឈ្មោះជឿន បានលួងលោមពួកនាងថា ឱ្យប្រាក់ខែពួកនាង ម្នាក់១៥០ដុល្លារ លុះក្រោយមក បែរជាឱ្យត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ។ លើសពីនេះទៀត ថៅកែហាងពីនាក់ ប្តីប្រពន្ធ ថែមទាំងបានលួងលោមផង បង្ខំផង ឱ្យពួកនាងរួមភេទជាមួយភ្ញៀវប្រុសៗទៀតផង ដោយនិយាយថា “ទាន់ពេលសម្រស់យើងនៅល្អ ដេកយកលុយសិនទៅ តែបើសម្រស់យើងអន់វិញ គឺអត់ហើយ”។

នារីរងគ្រោះ បន្តថា បើអ្នកណាមិនយល់ព្រមដេកជាមួយភ្ញៀវ ថៅកែរូបនោះ នឹងបញ្ឈប់ការងារ ដោយមិន បើកប្រាក់ខែឱ្យតែម្តង។ ចំណែកពួកនាង ត្រូវបានថៅកែចាក់សោបង្ខាំង បំបិទសិទ្ធិសេរីភាព មិនឱ្យចេញ ពីហាងនោះឡើយ រហូតធ្វើឱ្យពួកនាងទ្រាំលែងបាន ក៏សម្រេចដាក់ពាក្យបណ្តឹង ចូលទៅប៉ុស្តិ៍ នគរបាល រដ្ឋបាលឃុំជ្រៃលាស់ ដើម្បីសុំអន្តរាគមន៍តែម្តង។

យោងតាមពាក្យបណ្តឹងរបស់ក្រុមនារីវ័យក្មេងទាំង ៤នាក់ខាងលើ បានចោទប្រកាន់ទៅលើឈ្មោះជឿន ជាថៅ កែហាង «ជំនោរបឹងលាភ KTV 168» ជាច្រើនករណី រួមមាន ទី១-បញ្ឈប់បុគ្គលិក ដោយមិនបើកប្រាក់ខែឱ្យ។ ទី២-ជេរប្រមាថនិងបៀតបៀន។ ទី៣-បង្ខាំងនិងបង្ខំឱ្យ បម្រើផ្លូវភេទ។ ទី៤-ជួញដូរផ្លូវភេទ និង៥-ឃាត់ បិទសិទ្ធិ មិនឱ្យចេញក្រៅ (ពេលគេង ចាក់សោបន្ទប់ពីក្រៅជាប់)។

លោកនាយប៉ុស្តិ៍នគរបាលឃុំជ្រៃលាស់ បញ្ជាក់ប្រាប់ថា ពាក្យបណ្តឹងខាងលើនេះ សមត្ថកិច្ចកំពុងកោះហៅភាគី ពាក់ព័ន្ធ មកសាកសួរ និងសម្របសម្រួល ប៉ុន្តែក្នុងករណីសម្របសម្រួលមិនត្រូវគ្នា សមត្ថកិច្ចនឹងបញ្ជូនសំណុំ រឿងបន្ត តាមនីតិវិធី។

ជុំវិញការប្តឹងចោទប្រកាន់ពីនារីរងគ្រោះ ទាំង៤នាក់ខាងលើ «នគរធំ» មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺពី ម្ចាស់ហាង «ជំនោរបឹងលាភ KTV 168» នោះបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបំភ្លឺ ពីភាគីពាក់ព័ន្ធទាំងអស់៕ ដារិទ្ធ

RELATED ARTICLES