Friday, April 26, 2024
Homeតារាខ្មែរប៉ាច គីមមួយ ៖គូស្នេហ៍ អត់ច្បាស់ថ្ងៃរៀបការ

ប៉ាច គីមមួយ ៖គូស្នេហ៍ អត់ច្បាស់ថ្ងៃរៀបការ

ភ្នំពេញ៖អនាគតស្វាមីស្រីស្អាតប៉ាច គីមមួយ គឺលោកសយ រតនៈ បានប្រាប់កាលពីពេលថ្មីៗ​នេះ​ថា​មង្គល​ការលោកនិងអូនគីមមួយ មិនទាន់មានការកំណត់ជាក់លាក់នោះទេ ពោលគឺនៅ​លើភាពជាក់ស្ដែង។ទោះជា​យ៉ាងណាលោករតនៈ បង្ហើបថាពិធីអាហ៍ ពិពាហ៍ របស់លោក​និង​គូដណ្ដឹងនឹងរៀបចំមិនលើស​ពីចន្លោះ​ឆ្នាំ​២០​២៣ -២០២៤ ឡើយ។លោករតនៈ បានប្រាប់​មូល​ហេតុថាចំ​ពោះ​​រឿងដែលមង្គលការលោកនិងគីមមួយ នៅមិន​ទាន់ដឹងថា​ធ្វើនៅថ្ងៃខែនិង​ឆ្នាំ​ណា នាពេល​នេះដោយសារតែរវាងលោកនិងគូណ្ដឹងមានការមមាញឹករៀងៗខ្លួន ហេតុនេះ​ទើប​មិន​ទាន់​អាច​​និយាយនាពេលនេះថាធ្វើបាននៅថ្ងៃណាឲ្យ​ប្រាកដឡើយ​។ប៉ុន្ដែលោក​សង្កត់​ថានឹង​មិន​បណ្ដោយឲ្យលើសពី១ឆ្នាំទៀតនោះទេ។ដោយឡែកគីមមួយ វិញធ្លាប់បាន​និយាយទាក់ទង​រឿង​​រៀបការ​រវាង​នាងនិងលោករតនៈ នេះយ៉ាងខ្លីថានាងចង់ធ្វើឲ្យFan មាន​ការភ្ញាក់​ផ្អើល​(Surprise) ទើបមិនចង់និយាយឲ្យ​គេដឹង​មុននោះទេ ពោលគឺចង់ឲ្យដល់ថ្ងៃ​ពិ​សេសនោះ​គ្រប់គ្នាបានឃើញជាក់ស្ដែងតែម្ដង។

  ប៉ាច គីមមួយ បានភ្ជាប់ពាក្យជាមួយលោកសយ រតនៈ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២២ ក្រោយនាងទុកជីវិត​ជាស្រី្ដមេម៉ាយមួយរយៈ បន្ទាប់ពីចែកផ្លូវជាមួយអតីតគូស្នេហ៍​ជាតារាចម្រៀងម្នាក់។តារាស្រីរូបស្អាតរូបនេះមាន​ជម្រើស្នេហ៍ច្រើនព្រោះបុរសទាំងក្នុងនិងក្រៅស្រុកចង់ធ្វើជាម្ចាស់ចិត្តនាង តែទីបំផុតគីមមួយ មិនខ្លាចដើរ​ជាន់​ដាន​ចាស់គឺនាងជ្រើស​ស្នេហ៍​ជាថ្មីម្ដងទៀតតាមរយៈ”ជួញជិត ប្រសើរជាងជួយឆ្ងាយ”។តារារួមអាជីពមួយចំនួន​បាន​សរសើរ​គីមមួយ ថាបានគូដណ្ដឹងជាបុរសវ័យក្មេងរូបសង្ហារ តែខ្លះថាលោករតនៈ ឯណ្ណោះទេ ដែលសំ​ណាង​ព្រោះគីមមួយ សុខចិត្តផាត់ចោលសំណើរបុរសជាច្រើននាក់ដើម្បី​យកលោក​ដោយ​សារ​​​តែ​នាង​ជំនឿរចិត្តថាការ​សាងស្នេហា​ជាមួយអ្នកចម្រៀងដូចគ្នា ឬអ្នក​ដែល​យល់​ច្បាស់ពីអាជីពសិល្បៈរបស់ពួកគេដូច​គ្នាចំណងស្នេហា​នេះ​នឹង​អាច​រក្សារបាន​ភាពយូ​អង្វែង​ជាងយកអ្នកក្រៅសិល្បៈជាមិនខាន។

 ប៉ាច គីមមួយ -សយ រតនៈ ក្រោយក្លាយទៅជាគូដណ្ដឹងគ្នានេះជាង៨ខែមកនេះ​ពួកគេ​បង្ហាញក្ដីស្រលាញ់ចំពោះ​គ្នាទៅវិញទៅមកពេញបេះដូងតែម្ដងហើយស្រីស្រស់ប៉ៈប្រុសរូបសង្ហារគឺពិតជាសាកសមខ្លាំង។អ្វីដែលគូរឲ្យ​សរ​សើរ​អ្នកទាំងពីរបានប្រឹងរកលុយរួមគ្នាទិញផ្ទះបង់រំលស់ជាមួយគ្នា ដែលមើលទៅហាក់រស់នៅជាមួយគ្នាមានក្ដី​សុខ​​ខ្លាំងណាស់ ពោលគឺមាន​រថយន្ដជិះនិងផ្ទះផ្ទាល់ខ្លួន។ដោយ​ឡែក​ផលិតកម្មរស្មីហង្សមាសវិញបានចេញបទ​ចម្រៀងឲ្យ​គីមមួយ-រតនៈ ច្រៀងជាដៃគូគ្នាជាញឹក​ញាប់ដែលបទខ្លះត្រូវនិងរឿង​ស្នេហាផ្ទាល់ខ្លួន​របស់​ពួក​គេតែ​ម្ដង។

ក្រៅពីប៉ាច គីមមួយ តារាដែលយកប្ដីជាអ្នកសិល្បៈដូចគ្នាមានដូចជាអ្នកនាងយក់ ថិត​រដ្ឋា ,ពេជ្រ សោភា ,ខាត់ សុឃីម ,គង់ សុជាតិ ,កុល ដាវី ,ទេព បូព្រឹក្ស និងម៉ានីកា ជាដើម។​ទស្សនិកជនរងចាំមើលថាតើគីមមួយ អាច​រក្សារ​ចំណងស្នេហាថ្មីបានគង់វង្សយូអង្វែង រហូត​ដឹក​ដៃគ្នាក្រាបផ្ទឹមតាមប្រពៃណីខ្មែរនាពេលខាងមុខនេះ​បាន​ដែរ​ឬទេ?

RELATED ARTICLES