ព្រៃវែង ៖ យុវតីម្នាក់ បានទាក់ទងស្គាល់គ្នាជាមួយយុវជនម្នាក់ តាមហ្វេសប៊ុក បានត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ក៏ត្រូវ ខាងប្រុសណាត់ជួបមុខ ដោយឱ្យខាងស្រីជិះម៉ូតូទៅទទួលខ្លួន ចេញទៅញ៉ាំអីជាមួយគ្នា។ បន្ទាប់មកខាងប្រុស បានប្រើល្បិចថា យកម៉ូតូទៅជួសជុលឱ្យ តែបែរជាជិះគេចខ្លួនបាត់ ធ្វើឱ្យខាងស្រីបានត្រឹមទឹកភ្នែក រត់ទាំងត្រ ហេបត្រហបទៅប្តឹងសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចរង្វង់មូលដំរីស ក្នុង ភូមិផ្លយ សង្កាត់តាកោ ក្រុងព្រៃវែង។
យុវតីរងគ្រោះដែលត្រូវប្រុសកំហូចស៊ីដាច់ម៉ូតូ ១គ្រឿងនោះ មានឈ្មោះណុប រតនា អាយុ១៦ឆ្នាំ មានលំនៅ ក្នុង ភូមិព្រែកជ្រៃលើ ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង។ ចំណែកម៉ូតូដែលជនសង្ស័យយកទៅបាត់នោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FD-8483។ ដោយឡែកជនសង្ស័យ មិនត្រូវបាន ស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានអាយុប្រមាណ ១៨ឆ្នាំប៉ុណ្ណោះ។
តាមសម្តីយុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា រូបនាងនិងជនសង្ស័យ បានស្គាល់គ្នាតាមបណ្តាញសង្គម ហ្វេស ប៊ុក ជាង១អាទិត្យប៉ុណ្ណោះ។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានទូរស័ព្ទមកបបួល នាងចេញទៅញ៉ាំចំណី ជាមួយ ដោយថាគេចង់ជួបមុខនាងផ្ទាល់ផង ប៉ុន្តែគេប្រាប់ថា គេអត់មានអ្វីជិះទេ និងព្យាយាមលួងលោម ឱ្យនាង ជិះម៉ូតូមកទទួលគេផង ដោយគេនៅចាំត្រង់ចំណុចរង្វង់មូលស្វាយអន្ទរ។
យុវតីរងគ្រោះ បានបន្តថា បន្ទាប់មក នាងបានជិះម៉ូតូហុងដា ឌ្រីម សេ១២៥ ទៅដល់ម្តុំរង្វង់មូលស្វាយអន្ទរ ក៏បាន ជួបជនសង្ស័យ ហើយជនសង្ស័យបានឡើងជិះម៉ូតូជាមួយនាង (ជនសង្ស័យជាអ្នកបើក) បន្ទាប់មកក៏ ដឹកគ្នាទៅ ញ៉ាំអីនៅចំណុចរង្វង់មូលដំរីស ក្នុងសង្កាត់តាកោ ក្រុងព្រៃវែង។ បន្ទាប់ពីហូបអីរួចហើយ នាងបាន ប្រាប់ឱ្យជន សង្ស័យដឹកនាងទៅធ្វើសក់ ផាត់មុខមួយភ្លែត នៅចំណុចភូមិខ្នយ ផ្ទះធារ៉ា សាឡន លុះដឹកនាងដល់ កន្លែងផាត់ មុខ ជនសង្ស័យប្រាប់ថា ម៉ូតូរបស់នាងជិះដូចជាមិនសូវស្រួលសោះ ចាំគេយកទៅជួសជុលឱ្យ នៅរង្វង់មូល ដំ រីស ទម្រាំនាងធ្វើផាត់មុខរួច ម៉ូតូធ្វើរួចរាល់ គេនឹងមកទទួលនាងវិញ។
យុវតីខាងលើ បានបញ្ជាក់ថា លុះក្រោយពីនាងធ្វើសក់និងផាត់មុខរួចរាល់ មិនឃើញជនសង្ស័យមកទទួលនាង លុះចាំយូរពេក នាងក៏ទូរស័ព្ទទៅរកជនសង្ស័យជាច្រើនដង ប៉ុន្តែទូរស័ព្ទមិនចូលសោះ ទើបភ្ញាក់ខ្លួនដឹងថា ចាញ់ បោកគេហើយ។ បន្ទាប់មក នាងក៏ប្រញាប់រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់តាកោ ដើម្បី ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ នៅវេលាម៉ោង៧យប់ ថ្ងៃដដែលនោះដែរ ប៉ុន្តែអ្វីៗគឺហួសពេលទៅហើយ ព្រោះមិន ដឹងថាជនសង្ស័យជិះម៉ូតូរបស់នាងគេចទៅដល់ណាបាត់ទៅហើយ។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមរយៈគណនីហ្វេសប៊ុក និងលេខទូរស័ព្ទដែលទាក់ ទងគ្នា ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ និងតាមចាប់ខ្លួនមកចាត់ការតាមច្បាប់៕