កំពង់ស្ពឺ ៖ ក្មេងទំនើងឈាមរាវ ១ក្រុម នៅសុខៗបែកគំនិតបបួលគ្នាជិះម៉ូតូដេញគប់ និងបាញ់ (ចម្ពាមកៅស៊ូ) ទៅលើរថយន្តអ្នកដំណើរ ដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ជាហេតុ ធ្វើឱ្យប្រជាពលរដ្ឋនិងអ្នកដំណើរឆ្លងកាត់ មានការភ័យខ្លាច ក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះពួន ស្ទាក់ចាប់ក្របួចជាប់ ក្មេងទំនើងសរុបចំនួន៣នាក់ នាំយកទៅចាត់ការតាមច្បាប់។
ករណីដេញគប់ និងប្រើចម្កាមកៅស៊ូបាញ់កញ្ចក់រថយន្តអ្នកដំណើរនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង ១០នាទីយប់ នៅចំណុចគីឡូម៉ែត្រលេខ៣៦-២៧ ស្ថិតក្នុងស្រុកឱរ៉ាល់។ លុះមកដល់វេលាម៉ោង ១១និង១០នាទី យប់ ថ្ងៃដដែល សមត្ថកិច្ចបានចុះឃាត់ខ្លួនក្មេងទំនើងបានចំនួន ៣នាក់ និងម៉ូតូ ២គ្រឿង ព្រមទាំងដក ហូតបាន វត្ថុតាងជាច្រើនទៀត។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីប្រមូលព័ត៌មានបានភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានល្បាតពួនស្ទាក់លើចំណុចភូមិសាស្ត្រផ្លូវជាតិលេខ៤៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៦-៣៧ ស្រាប់តែប្រទះ ឃើញមុខសញ្ញាសង្ស័យ ក្រុមក្មេងជិះម៉ូតូ ២គ្រឿង ដូចសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋមែន។
បន្ទាប់ពីសមត្ថកិច្ចបានឃាត់សាកសួរ និងពិនិត្យម៉ូតូម៉ាកអ៊ិចស៊ីទ័រពណ៌ខៀវ គ្មានឯកសារ ជិះគ្នា២នាក់ និងម៉ូតូ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-4633 ជិះម្នាក់ឯង។ ជាមួយនេះកម្លាំងសមត្ថកិច្ច បានឆែកឆេររកឃើញសម្ភារៈ រួមមាន កូនកាំបិតចុងស្រួច១ ចម្ពាមកៅស៊ូ២ គ្រាប់ចម្ពាម ៤គ្រាប់ និងដុំថ្មច្រកថង់ ចំនួន១ថង់។
ក្រុមក្មេងទំនើងទាំង៣នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសុខ រឹម អាយុ២០ឆ្នាំ។ ទី២-ឈ្មោះណាង ចិន្តា អាយុ១៩ឆ្នាំ និងទី៣-ឈ្មោះវ៉េត សាវិន អាយុ១៩ឆ្នាំ។ ក្មេងទំនើងទាំង៣នាក់ខាងលើ មានលំនៅក្នុងឃុំសង្កែសាទប ស្រុកឱរ៉ាល់។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពបាញ់គ្រាប់ ចម្ពាមកៅស៊ូ ទៅលើរថយន្តអ្នកដំណើរប្រាកដមែន ហើយធ្លាប់ធ្វើសកម្មភាពច្រើនលើកច្រើនសាមកហើយ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានកសាងសំណុំរឿងបញ្ជូនខ្លួនក្រុមជនសង្ស័យទាំង៣នាក់ ទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕