បាត់ដំបង ៖ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញស្រុកថ្មគោល ចាប់ឃាត់ខ្លួន តាមអំណាចសាលដីកាតុលាការ ពាក់ព័ន្ធករណីឆបោក ប្រព្រឹត្តនៅចំណុចភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល កាលពីអំឡុងឆ្នាំ២០១៨ ដល់ ឆ្នាំ២០១៩។
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិ ថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល។
ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើ មានឈ្មោះហាប់ សុឃីន ហៅសាអែម អាយុ៣៨ឆ្នាំ មានលំនៅ ភូមិ ថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទណ្ឌ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោលសហការជាមួយ ជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ ០១/ ២០២៣ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់លោកស្រី ហ៊ុន ស៊ីវហ្គិច ព្រះរាជអាជ្ញារងនៃអយ្យ ការរអម សាលា ដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឱ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ ឈ្មោះហាប់ សុឃីន ហៅសាអែម ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទឆបោក ប្រព្រឹត្ត នៅចំណុច ភូមិថ្មគោលជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បី អនុវត្តបន្តតាមនីតិវិធី៕