កំពង់ស្ពឺ ៖ ជនទំនើងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនម្នាក់ តែងបង្ករឿងអុកឡុក ប្រើហិង្សាទៅលើប្រជាពលរដ្ឋ ជាញឹកញាប់ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ហាក់គ្មានប្រសិទ្ធភាព ក៏សម្រេចប្តឹងចូលផេកហ្វេសប៊ុកសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីជួយអន្តរា គមន៍ និងឈានដល់ការចាប់វាយខ្នោះជនកំណាចខាងលើ យកទៅចាត់ការតាមច្បាប់។
ការចាប់ខ្លួនជើងកាងប្រចាំភូមិនេះ បានធ្វើឡើង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិទំនប់ ឃុំសែនដី ស្រុកសំរោងទង។
ជនទំនើងដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះ សន រ៉ាត់ ហៅប៉ាក ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន និងមានលំនៅ ភូមិទំនប់ ឃុំសែនដី ស្រុកសំរោងទង។
តាមប្រភពស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ថាកម្លាំងនគរ បាល សហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានពិនិត្យសមាសភាពដែល ពលរដ្ឋសំណូមពរតាមរយៈផេកហ្វេសប៊ុកសម្តេច ស ខេង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ស្នើ សម្តេច ជួយកូនចៅនៅភូមិទំនប់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីអសន្តិសុខខ្លាំងណាស់ មានឈ្មោះ សន រ៉ាត់ (អាប៉ាក) ជាមនុស្សញៀនគ្រឿងញៀន ដើរអុកឡុកបង្កការភ័យខ្លាចដល់អ្នកភូមិជាខ្លាំង ប៉ុន្តែលោកមេប៉ុស្តិ លោកអធិការ មិនមានចំណាត់ការសោះ។
ជាក់ស្តែង សមត្ថកិច្ចបានចុះដល់លំនៅឋាន ពិនិត្យ ស្រាប់តែមុខសញ្ញា សន រ៉ាត់ ហៅប៉ាក ភេទប្រុស អាយុ ២៩ ឆ្នាំ នៅភូមិទំនប់ ឃុំសែនដី ស្រុកសំរោទង ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពទាញស្នប់ដែក កាំបិតផ្គាក់ និង ដែក បំពង់ទីប គំរាមកំហែងមកលើអាជ្ញាធរ មេភូមិ អាណាព្យាបាល និងសមត្ថកិច្ចនគរបាល យោងតាមសំណូម ពរ អាណាព្យាបាលស្នើចាត់ការតាមច្បាប់ ដោយបញ្ជាក់ថា ឈ្មោះសន រ៉ាត់ ប្រើប្រាស់គ្រឿងញៀនបង្កអុកឡុកដល់ ក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងភូមិ។ជនទំនើងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូន ទៅចាត់ការបន្តតាមនីតិវិធី៕