Wednesday, October 30, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុកលុយក្នុងឡាន ៣ម៉ឺនដុល្លារ ចូលស៊ីផឹក ចោរវ៉ៃ កញ្ចក់លួចហ្មត់

ទុកលុយក្នុងឡាន ៣ម៉ឺនដុល្លារ ចូលស៊ីផឹក ចោរវ៉ៃ កញ្ចក់លួចហ្មត់

ភ្នំពេញ ៖ ជនជាតិចិន ចំនួន៣នាក់ ទើបមកពីដកលុយបានចំណួន ៣ម៉ឺនដុល្លារ នៅធនាគារ នាំគ្នាចូលទៅផឹក ស៊ីនៅក្នុងហាងមួយកន្លែង ដោយទុកលុយនៅក្នុងរថយន្ត ចតចោលខាងមុខហាង ស្រាប់តែក្រោយមក ត្រូវជន សង្ស័យវាយបំបែកកញ្ចក់រថយន្ត លួចយកលុយអស់ គេចខ្លួនបាត់ដោយសុវត្ថិភាព។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅតាម បណ្តោយផ្លូវវិមានសព មុខហាងស៊ីឈួន ស្ថិតនៅក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

រថយន្តដែលត្រូវជនសង្ស័យវាយបំបែកកញ្ចក់ យកលុយអស់៣ម៉ឺនដុល្លារនោះ ម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AI-1677។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ដែលជាអ្នកបកប្រែភាសាចិន បានឱ្យដឹងថា មុនពេលកើតហេតុ ជនជាតិចិន ទាំង ៣នាក់ ទើបតែមកពីដកលុយនៅធនាគារកាណាឌីយ៉ា ចំនួន ៣ម៉ឺនដុល្លារ ដោយទុកលុយនៅក្នុងថង់ប្លាស្ទិក ពណ៌ខ្មៅ ហើយទុកនៅក្នុងរថយន្ត។ បន្ទាប់មក ពួកគាត់ បាននាំគ្នាទៅហាងផឹកស៊ី យីហោ ស៊ីឈួន ដោយទុក រថយន្តនៅខាងមុខហាង។ ខណៈពេលជនជាតិចិន ទាំង៣នាក់ កំពុងតែផឹកស៊ីបានមួយសន្ទុះធំ ហើយស្រវឹង ក៏បានចេញមកខាងក្រៅ ប្រទះឃើញរថយន្តរបស់ខ្លួន ត្រូវជនសង្ស័យវាយកម្ទេចកញ្ចក់មួយផ្ទាំង ផ្នែកខាងឆ្វេង ហើយក៏ទៅមើលលុយដែលទុកក្នុងរថយន្តខាងលើ បាត់អស់រលីង រួចក៏ប្តឹងទៅសមត្ថកិច្ច នគរបាលខណ្ឌពោធិ៍ សែនជ័យ ភ្លាមៗតែម្តង។

សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីទទួលព័ត៌មានពីជនរងគ្រោះភ្លាមៗ ខាងសមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ បានទាក់ទងទៅកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដើម្បីជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានសួរនាំជន រងគ្រោះ និងឆែកមើលកាមេរ៉ាសុវត្ថិភាព នៅចំណុចកើតហេតុខាងលើ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ដើម្បីឲ្យសមត្ថកិច្ចស៊ើបសង្កេត ស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES