Thursday, April 25, 2024
Homeព័ត៌មានជាតិរតនវត្ថុបុរាណខ្មែរ និវត្តមកមាតុភូមិ

រតនវត្ថុបុរាណខ្មែរ និវត្តមកមាតុភូមិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធី ទទួលវត្ថុបុរាណខ្មែរ ដែលជារតនសម្បត្តិវប្បធម៌ខ្មែរ ដែលបានបាត់បង់អស់ពេលជាយូរមកហើយ ត្រូវបានប្រ គល់ជូនព្រះរាជាណាចក្រកម្ពុជា វិញ។ ពិធីនេះបានប្រព្រឹត្តទៅនៅវិមានសន្តិភាព នៃទីស្ដីការនាយករដ្ឋមន្ត្រី។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ទៅកាន់អង្គពិធីថា សម្តេច ពិតជារីករាយ ដោយបានទទួលនូវវត្ថុបុរាណ ខ្មែរ ពីបរទេសមកវិញ ដែលបានបាត់ពីកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ សម្តេច បានស្វាគមន៍ដោយ ក្តីសោមនស្សរីករាយ ចំពោះការវិលត្រឡប់នៃព្រលឹងដូនតាខ្មែរ មកវិញនាពេលនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលនាំឱ្យកម្ពុជា ទទួលបាននូវព្រលឹងវប្ប ធម៌ដូនតាខ្មែរត្រឡប់មកវិញ។ សុខសន្តិភាព បានធ្វើឱ្យគ្រួសារអាទិទេព ព្រះឥសូរ ព្រះស្កន្ធ និងព្រះគណេស បានវិលជួបគ្នាវិញ ក្រោយបែកគ្នាប្រមាណ ៤ទសវត្សរ៍កន្លងមកហើយ។

នៅថ្ងៃនោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក៏អំពាវនាវផងដែរដល់អ្នកដែល កំពុងកាន់កាប់រតនវត្ថុរបស់ ខ្មែរ មួយចំនួនទៀត សូមប្រគល់មកឱ្យខ្មែរវិញ។ សម្តេច បន្តថា កម្ពុជា កំពុងធ្វើសមាហរណកម្មខ្លួនយ៉ាង រហ័ស ក្នុងតំបន់និងអន្តរជាតិ ហើយកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការថែរក្សាសម្បត្តិមរតកវប្បធម៌មនុស្សជាតិ។ ពិធីទទួលវត្ថុបុរាណត្រឡប់មកកម្ពុជាវិញ នាថ្ងៃនោះ គឺជាព្រឹត្តិការណ៍មានអត្ថន័យដ៏ឧត្តុង្គឧត្តម មិនមែនសម្រាប់ តែប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមពិតប្រាកដនៃសម្បត្តិវប្បធម៌នោះទេ ប៉ុន្តែក៏បានឆ្លុះបញ្ចាំងឱ្យឃើញអំពី សារសំខាន់ នៃកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសនានា និងការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ នៅក្នុងយុទ្ធនាការសកល ប្រយុទ្ធទប់ស្កាត់អំពើចោរកម្ម ការចរាចរ និងការជួញដូរខុសច្បាប់ នៃសម្បត្តិវប្បធម៌ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់មនុស្សជាតិទាំងមូលទៀតផង។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងអាជ្ញាធរសហរដ្ឋអាមេរិក ចំពោះការផ្តល់កិច្ច សហប្រតិបត្តិការយ៉ាងល្អ ក្នុងការទប់ស្កាត់ និងបញ្ជូនត្រឡប់មកវិញ នូវសម្បត្តិវប្បធម៌របស់ខ្មែរ និងសម្តែងការ កោតសរសើរដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស សមត្ថកិច្ចពាក់ព័ន្ធ និងស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅ កម្ពុជា ដែលថ្មីៗនេះ បានសហការដ៏ល្អប្រសើរ និងជួយសម្របសម្រួលក្នុងការបញ្ជូនរូបចម្លាក់ និងគ្រឿងអលង្ការ បុរាណខ្មែរ ត្រឡប់មកកម្ពុជាវិញ។ សម្តេច ក៏បានអំពាវនាវផងដែរទៅដល់វិស័យឯកជននានា សូមចូលរួមគាំទ្រ ឱ្យកាន់តែច្រើន ក្នុងសកម្មភាពកិច្ចការពារវប្បធម៌។មុននឹងបញ្ចប់ សម្តេចហ៊ុន សែន បានបួងសួងដល់បារមីវត្ថុ ស័ក្តិសិទ្ធិ និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ តាមឃុំគ្រងជាតិនិងប្រជាពលរដ្ឋខ្មែរ បានជួបតែក្តីសុខ សេចក្តីចម្រើន តរៀងទៅ។

ដោយឡែក លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងបញ្ជាក់ក្នុងពិធីទទួល រតនវត្ថុបុរាណខ្មែរ និវត្តមកមាតុភូមិកម្ពុជាវិញនោះដែរថា វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺជាមរតក វប្បធម៌ជាតិដ៏មានតម្លៃ ពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូចតាខ្មែរ ជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំ ចេញដោយខុសច្បាប់ ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើង នៅកម្ពុជា នាពេលកន្លងទៅនេះ។

លោកស្រីរដ្ឋមន្ត្រី បន្តថា សន្តិភាព ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចនាយករដ្ឋមន្រ្តី បានផ្តល់ឱកាសមាស អនុញ្ញាតឱ្យកម្ពុជា អាចនាំយកនូវព្រលឹងដូនតា និង រតនសម្បត្តិដ៏មានតម្លៃនានាដែលបានបាត់បង់ ត្រឡប់មកមាតុភូមិកំណើតវិញ ជាបន្តបន្ទាប់ ដែលជាមង្គលនិង ម្លប់ចំពោះប្រជាជាតិ និងប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា រតនវត្ថុបុរាណ ជាសម្បត្តិវប្បធម៌ខ្មែរ ដែលបាននិវត្តមកកាន់មាតុភូមិវិញនាពេលនេះ រួមមានព្រះ បដិមាសំខាន់ៗមួយចំនួន ផ្នែកព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ព្រមទាំងគ្រេឿងអលង្ការបុរាណ ក្នុង សម័យមុនអង្គរ និងសម័យអង្គរ ជាពិសេសបដិមាថ្មធុះៗ ដូចជា ព្រះឥសូរ និងព្រះស្កន្ទ ព្រះស្កន្ទ គង់លើក្ងោក និងព្រះគណេស ដែលមានប្រភពដើមមកពីរមណីយដ្ឋានប្រាសាទកោះកេរ អតីតរាជធានីនៃអាណាចក្រខ្មែរ នៅសតវត្សទី១០ នៃគ្រឹះសករាជ ដែលធ្លាប់ជាគោលដៅនៃការលួចទ្រង់ទ្រាយធំ អស់ជាច្រើនឆ្នាំ នៅក្នុងអំឡុង នៃសម័យសង្គ្រាមស៊ីវិល និងអសន្តិសុខក្នុងស្រុក។

«នគរធំ» ក៏ដូចជាជនរួមជាតិខ្មែរទាំងអស់ពិតជាមានមោទនភាព និងសេចក្តីរំភើបឥតឧបមា ជាមួយនឹងការអប អរសាទរអស់ពីដួងចិត្ត ចំពោះការនិវត្តមកវិញនៃរតនសម្បត្តិវប្បធម៌ ដែលជាដួងព្រលឹងដូនតាខ្មែរ និងជាអត្ត សញ្ញាណជាតិ មកកាន់មាតុភូមិកម្ពុជា ក្រោមម្លប់នៃសន្តិភាព៕ ខៀវទុំ

RELATED ARTICLES