Thursday, April 18, 2024
Homeព័ត៌មានជាតិត្រីគល់រាំង៤ ទម្ងន់៦៨គីឡូ អ្នកនេសាទឲ្យរួចរស់ ជីវិតវិញ

ត្រីគល់រាំង៤ ទម្ងន់៦៨គីឡូ អ្នកនេសាទឲ្យរួចរស់ ជីវិតវិញ

ព្រៃវែង ៖ ត្រីគល់រាំង ចំនួន ៤ក្បាល ដែលមានទម្ងន់សរុប ៦៨គីឡូក្រាម ដែលអ្នកនេសាទបាននេសាទបាន ត្រូវ​បានដោះលែងឲ្យរួចរស់ជីវិតវិញ ដោយអ្នកនេសាទ បានប្រគល់ត្រីគល់រាំង ធំៗ ទាំង៤ក្បាល ជូនដល់​គម្រោង​អច្ឆរិយមេគង្គ (Wonders of the Mekong project) ដើម្បីធ្វើការអភិរក្ស លែងចូលក្នុងទឹកធម្មជាតិវិញ។

តាមប្រភពគម្រោងអច្ឆរិយមេគង្គ បានឲ្យដឹងនៅថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៣ ថា អ្នកនេសាទឧស្សាហកម្មដាយត្រី នៅគន្លងទី៤ដេ បានបរិច្ឆាគត្រីគល់រាំង ចំនួន ៤ក្បាល ដល់គម្រោងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ។ ត្រីគល់រាំងទាំង ៤ក្បាលនោះ មានទម្ងន់ខុសៗគ្នា រួមមាន ទម្ងន់ ១៥គីឡូក្រាម ចំនួនពីរក្បាល ទម្ងន់ ១៧គីឡូក្រាម ចំនួន ១ក្បាល និងទម្ងន់ ២១គីឡូក្រាម ចំនួន១ក្បាល (សរុប ៦៨គីឡូក្រាម) ។

ប្រភពដដែល បន្តថា ដោយសារបច្ចុប្បន្ននេះ គឺជារដូវទឹកសម្រក មិនអាចលែងភ្លាមៗ បាន គម្រោងអច្ឆរិយមេ​គង្គ បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប និងមជ្ឈមណ្ឌលស្រាវជ្រាវនិង​អភិ​វឌ្ឍន៍វារីវប្បកម្មទឹកសាប របស់រដ្ឋបាលជលផល បានដឹកជញ្ជូនត្រីគល់រាំង ទាំងបួនក្បាលនេះ ទៅថែបំប៉ននៅ​ក្នុងស្រះ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតនៅក្នុងឃុំពាមរក៍ ស្រុកពាមរក៍  ខេត្ត​ព្រៃ​វែង។

ប្រភពដដែល បន្តទៀតថា ត្រីគល់រាំង ទាំង៤ក្បាលនេះ នឹងត្រូវលែងចូលទៅក្នុងទឹកធម្មជាតិវិញ នាពេលសម​ស្រប ក្នុងរដូវទឹកឡើង នាឆ្នាំក្រោយ។

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា លោកសូមចូលរួមអបអរ​សាទរ និងសូមអរគុណបងប្អូនប្រជានេសាទ ដែលបានយល់ដឹងខ្ពស់ពីប្រភេទត្រីដែលងាយរងគ្រោះផុតពូជ និងបានប្រគល់ជូនមន្ត្រីជំនាញ ដើម្បីបន្ស៊ាំនិងលែងចូលជម្រកធម្មជាតិវិញ។ ការចូលរួមពីបងប្អូនប្រជា​ពលរដ្ឋ​ទាំងអស់គ្នា ពិតជាមានភាពចាំបាច់ដើម្បីភាពគង់វង្សនៃធនធានមច្ឆជាតិ៕ ខៀវទុំ

RELATED ARTICLES