ភ្នំពេញ ៖ ក្រុមគ្រួសារមួយ កំពុងត្រៀមរៀបការកូនបង នៅខេត្តកំពង់ធំ បែរជាកូនស្រីម្នាក់ទៀត ជួបគ្រោះ ថ្នាក់ចរាចរណ៍ ស្លាប់យ៉ាងសង្វេគបំផុត ខណៈជិះម៉ូតូក្នុងល្បឿនលឿន ប្រញាប់ទៅធ្វើការថ្ងៃដំបូង បុកនឹង កាងរថយន្តស៊ីទែនប្រេងឥន្ធនៈ កំពុងបត់ចូលការ៉ាស់មួយកន្លែង យ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ ក្នុង ថ្លុកឈាមមួយរំពេច កាលពីវេលាម៉ោងជិត ១១ព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ១ ទល់មុខ វត្តចម្ប៉ា ក្នុងភូមិក្បាលកោះ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមសម្តីឪពុកម្តាយរបស់ជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា កូនរបស់គាត់ដែលស្លាប់ មានឈ្មោះ រិន ស្រីមួយ អាយុ២៤ឆ្នាំ រស់នៅផ្ទះភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយទើបតែរក ការងារ ធ្វើបាន នៅម្តុំស្ពានព្រែកសំរោង ដោយបានជិះម៉ូតូចេញពីផ្ទះទៅធ្វើការថ្ងៃដំបូង បែរជាបុកជាមួយរថយន្ត ស្លាប់បែបនេះ ខណ:ថ្ងៃស្អែកជាថ្ងៃចូលរោងការកូនម្នាក់ទៀត ដែលជាបងរបស់សព នៅឯខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ និងតាមរយៈវីដេអូពីកាមេរ៉ាសុវត្ថិភាព បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ប៊ីត ពាក់ស្លាកលេខ ភ្នំពេញ 1JY-5785 ធ្វើដំណើរពី ស្រុកកៀន ស្វាយ ឡើងមកភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ បានជ្រុលទៅ បុកកាងរថយន្តស៊ីទែនដឹកប្រេងឥន្ធនៈ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-2714 បើកក្នុងទិសដៅ បញ្ច្រាស គ្នា ពីភ្នំពេញ មកកៀនស្វាយ កំពុងបត់ចូលការ៉ាស់សាំង មួយកន្លែង បណ្តាលឲ្យបោកផ្លោងមនុស្សបែកក្បាល ស្លាប់ក្នុងថ្លុកឈាម ។ចំណែកម៉ូតូ ខ្ទាតទៅកណ្តាលផ្លូវ រីឯអ្នកបើកបររថយន្ត បានគេចខ្លួនបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ សហការជាមួយនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមក ធ្វើការវាស់វែង យករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ។ ចំណែកសព ត្រូវបានប្រគល់ឲ្យសាច់ញាតិ យក ទៅធ្វើបុណ្យតាមប្រពៃណី ៕