ព្រះសីហនុ ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ សង្ស័យលោតពីលើសណ្ឋាគារ «ឡាយជូស» ស្ថិតនៅក្នុងភូមិ០៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១៧ មីនា ឆ្នាំ២០២៣ ។សព បុរសរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ជាជនជាតិចិន។
តាមព័ត៌មានបឋមពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយកើតហេតុភ្លាមៗ គេនៅមិនទាន់ដឹងច្បាស់ពីមូល ហេតុដែលជនរងគ្រោះ ធ្លាក់ពីលើសណ្ឋាគារនោះទេ ខណៈដែលអ្នកខ្លះសង្ស័យថា ជនរងគ្រោះលោតសម្លាប់ ខ្លួន។
ទោះបីជាយ៉ាងណា ករណីនេះ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ នៅទីតាំងកើតហេតុ និងធ្វើកោសល្យវិច័យសព និងពិនិត្យជាក់ស្តែង ។
បន្ទាប់ពីធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន២នាក់ និងជនជាតិខ្មែរ ១នាក់ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ។ ចំណែកសពត្រូវបាន យកទៅតម្កល់ទុក រង់ចាំស្រាវជ្រាវរកសាច់ញាតិ ប្រគល់ឲ្យយកទៅចាត់ចែងបន្ត៕