ភ្នំពេញ៖ស្រីស្អាតគៀត សុវណ្ណាឡាង បានលេចមុខនៅហង្សមាសជាថ្មី តែម្ដងនេះមិនមែនជាតារាចម្រៀងនោះទេ ប៉ុន្ដែគឺជាតារាសម្ដែងវិញម្ដងតាមរយៈការលេងរឿង”ប្រពន្ធ ចិត្តព្រះ”ដែលនាងរងការឈឺចាប់ដោយសារប្ដីក្បត់ចិត្ត ហើយត្រូវប្រពន្ធចុងដែលសម្ដែងដោយនាងពេជ្រវត្តី សារ៉ាវឌ្ឍី ឌឺដងខ្លាំង។ការបង្ហាញខ្លួនក្នុងភាពយន្ដរបស់ហង្សមាសនេះបញ្ជាក់ថាសុវណ្ណាឡាង នៅតែចាប់ដៃជាមួយហង្សមាស មិនមានការអាកអន់ស្រពោនចិន្ដា ដោយសារតែផលិតកម្មនេះ ដូចការសង្ស័យ ព្រោះតែរឿងនាងធ្លាប់ធ្វើជាតារាចម្រៀងនៅទីនោះហើយត្រូវដើរចេញកណ្ដាលទី ព្រោះតែមិនល្បីដូចការរំពឹងទុកនោះទេ ខណៈដែលទស្សនិកជនមើលឃើញថាទេពកោសល្យសម្ដែងរបស់ណ្ណាឡាង នៅតែល្អ ហេតុនេះហើយបានជាអ្នកដឹកនាំរឿងមិនអាចមើលរំលងបានឡើយ។ប៉ុន្ដែក្រៅពីថតសម្ដែងរឿងថ្មីឲ្យហង្សមាសនោះគ្មានដំណឹងថាសុវណ្ណាឡាង នឹងចូលច្រៀងនៅផលិតកម្មនេះជាលើកទី២ឡើយ ស្របពេលដែលអំឡុងពេលនាងធ្វើជាអ្នកចម្រៀងនៅផលិតកម្មនេះមួយរយៈនោះ បងប្រុសនាងធ្លាប់ប្រាប់ថាណ្ណាឡាង បានខាតបង់ការថតភាពយន្ដដល់ទៅរាប់សិបរឿងឯណ្ណោះ ទើបពេលនោះនាងសម្រេចចិត្តចេញពីហង្សមាសតែម្ដង។

សូមបញ្ជាក់ថាក្រោយបោះបង់អាជីពចម្រៀងគៀត សុវណ្ណាឡាង បានវិលមករកអាជីពចាស់ជាអ្នកថតភាពយន្ដឲ្យផលិតកម្មទូទៅវិញ តែនាងមិនសូវលេចធ្លោខ្លាំងនោះទេបើទោះជារូបសម្រស់នៅតែជាទីគូរឲ្យបេតីក្ដី។ដោយឡែករឿងស្នេហារបស់សុវណ្ណាឡាង ជាមួយអតីតសង្សារកែវ និសា គឺប្រុសរូបសង្ហារលឹម ជាឡាយ នោះ ម៉ារយៈនេះក៍ស្ងប់ស្ងាត់ដែរ បើទោះជាពួកគេធ្លាប់Live វីដេអូ លើហ្វេសបុកអោបថើបគ្នាឲ្យមនុស្សឃើញរាប់ពាន់នាក់ក្ដី តែគេចាំបានថាពេលអ្នកសារព័តមានសរសេររឿងស្នេហាណ្ណាឡាង និងជាឡាយ បង្កាត់ភ្លើងស្នេហាជាមួយគ្នានោះ បែជានាងដាក់ទំនាយដល់អ្នកកាសែតទៅវិញ ។ការដែលណ្ណាឡាង ឆេះដុំរឿងអ្នកសារព័តមានផ្សព្វផ្សាយថានាងជាសង្សារជាឡាយ នោះមានហេតុផល២យ៉ាងដែលនាងពិបាកប្រឈមគឺទី១៖ធ្វើឲ្យនាងនិងកែវ និសា មើលមុខគ្នាមិនចំ និងទី២៖នាងខ្លាចលែងមានប្រុសដ៍ទៃទៀត តាមស្រលាញ់។ប៉ុន្ដែកាលនោះគេឆ្ងល់ថាបើនាងខ្លាចមុខខ្លាចក្រោយបែបនេះតើម៉េចបានសុខៗពួកគេLive វីដេអូអោបថើបគ្នាឲ្យគេមើលទៅវិញ?

គៀត សុវណ្ណាឡាង ធ្លាប់សារភាពថានាងមានបុរសម្នាក់តាមនាងស្អិត តែអំឡុងពេលដែលនាងងាកទៅកៀកកើយជាមួយលោកជាឡាយ នោះគេមិនដែលឭនាងរំលឹកពីបុ្រសតាមរាយអន្ទាក់ស្នេហ៍លើនាងនោះទៀតឡើយ។ចំណែកអាជីពចម្រៀងរបស់អតីតតារាហង្សមាសរូបនេះក៍ហាក់កប់ទៅវិញ ព្រោះណ្ណាឡាង ហាក់ដូចជាគ្មានចេតនាវិលមកកាន់ក្បាលមីក្រូសារជាថ្មីនៅផលិតកម្មណាផ្សេងទៀតនោះទេ បើទោះជានាងមានទឹកដមសម្លេងគូសមក្ដី។

អ្នកជំនាញសិល្បៈបានលើកឡើងថាសុវណ្ណាឡាង បានវិលមករកការដើរផ្លូវត្រូវឡើងវិញនោះគឺនាងមានដុងនិងទេពកោសល្យសម្ដែងល្អ ហេតុនេះហើយនាងអាចនឹងជោគជ័យក្នុងអាជីពចាស់នេះជាថ្មីជាងការធ្វើជាតារាចម្រៀងជាមិនខាន ។ប៉ុន្ដែកន្លងមកតារាសម្ដែងវិវត្តន៍ខ្លួនទៅជាអ្នកចម្រៀងមួយចំនួននោះធ្លាប់ប្រាប់ថាមូលហេតុដែលពួកគេចង់ប្ដូរអាជីពព្រោះតម្លៃខ្លួនអ្នកសម្ដែងនិងតារាចម្រៀងគឺខុសគ្នាដូចមេឃ និងដី ហេតុនេះហើយបានជាតារាភាគច្រើនចង់តែធ្វើអ្នកចម្រៀងជាងសម្ដែងនោះ ព្រោះពេលល្បីងាយរកលុយ និងឆាប់មានបានលឿនទៀតផង៕
