Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមកពីមើលខនសឺត គេស្ទាក់កាប់ស្លាប់

មកពីមើលខនសឺត គេស្ទាក់កាប់ស្លាប់

កំពង់ឆ្នាំង ៖ យុវជនចំនួន២នាក់ បានជិះម៉ូតូដឹកគ្នាទៅមើលការប្រគំតន្ត្រី (ខនសឺត) លុះពាក់កណ្តាលយប់ ជិះ​ម៉ូតូដឹកគ្នាត្រឡប់ទៅផ្ទះវិញ ត្រូវជនមិនស្គាល់មុខ ស្ទាក់កាប់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ហើយ​ភ្លាមនោះ ជនរងគ្រោះទាំង២ បានព្យាយាមជិះម៉ូតូរត់គេចដែរ តែមិនបានប៉ុន្មាន ក៏ដួលម៉ូតូ បណ្តាលឱ្យ​ស្លាប់​នៅ​នឹងកន្លែងម្នាក់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ ភ្លាមៗ ខណៈដែល​ក្រុមជន​ដៃ​ដល់ បានគេចខ្លួនបាត់ស្រមោលអស់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុច​ផ្លូវចូលវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរ ស្ថិតនៅក្នុងឃុំគោកបន្ទាយ ស្រុករលាបៀរ។

ជនរងគ្រោះដែលត្រូវគេលបកាប់ស្លាប់ មានឈ្មោះឡុង សុខេន អាយុ២៤ឆ្នាំ។ ចំណែកជនរងគ្រោះដែលរង​របួស​ធ្ងន់ មានឈ្មោះអេង សំអូន ហៅសុខ អាយុ១៨ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ មានលំនៅ ភូមិព្រែកឆ្នោរ ឃុំកំពង់​អូស ស្រុកជលគិរី។

ទោះជាយ៉ាងណា ពេលវេលានិងទីកន្លែងកើតហេតុច្បាស់លាស់ នៅពុំទាន់ដឹងនៅឡើយទេ ខណៈដែលលោក​ទឹម ចន្ទី អធិការនគរបាលស្រុករលាប្អៀរ អះអាងថា កម្លាំងជំនាញរបស់លោក កំពុងបើកការស្រាវជ្រាវ។

ដោយឡែក តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះបានស្លាប់នៅចំណុចផ្លូវចូល​វិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរ ស្ថិតនៅក្នុងឃុំគោកបន្ទាយ ស្រុករលាបៀរ។

ក្រុមគ្រួសារជនរងគ្រោះ បានអះអាងថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ជនរងគ្រោះ​ទាំង​២នាក់ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាទៅមើលការប្រគំតន្ត្រី (ខនសឺត) នៅវិមានឯករាជ្យ ក្រុងកំពង់ឆ្នាំង។ លុះ​ក្រោយមក ពេលត្រឡប់មកផ្ទះវិញ ក៏ត្រូវជនពុំស្គាល់មុខ ស្ទាក់កាប់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ ហើយពួក​គេទាំង២នាក់ បានជិះម៉ូតូរត់គេច មកដួលស្លាប់នៅមុខយានដ្ឋានជួសជុលរថយន្ត ១កន្លែង ត្រង់មុខផ្លូវចូល​វិទ្យា​ល័យប៊ុនរ៉ានី ហ៊ុនសែន រលាប្អៀរ និងម្នាក់ទៀតរងរបួសធ្ងន់។

ជុំវិញហេតុការណ៍នេះ លោក ប៉ុល វុទ្ឋី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីនេះ សមត្ថ​កិច្ចជំ​នាញ​កំពុងដុតដៃដុតជើងស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ ដើម្បីឈានដល់ការតាមចាប់ខ្លួន នាំ​យកមកផ្តន្ទាទោសតាមច្បាប់។ដោយឡែក សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារមកទទួលយកទៅ​រៀបចំធ្វើ​បុណ្យ​តាមប្រពៃណី៕

RELATED ARTICLES