ភ្នំពេញ៖សុខ ស្រីនាង ថ្មីៗនេះបានចេញទៅលំហែកាយ៉ារយៈពេលខ្លីនៅសាំងហ្គាពួរម្ដងទៀត ក្រោយនាងធ្លាប់ចេញទៅប្រទេសមួយនេះនិងបារាំងជាញយៗដែរកាលពីឆ្នាំ២០២២ ។នេះជាចេញទៅលំហែអារម្មណ៍នៅក្រៅស្រុកស្ទួនរបស់ស្រីនាង ហើយនាងហាក់រីករាយចំពោះដំណើរនៅស្រុកគេបើទោះជាមុននេះនាងទើបបាត់បង់តំណែងជាគណៈកម្មាការCambodian Idol Junior នៅរដូវកាលទី២ ហើយភាពយន្ដខ្នាតធំរឿង”ខ្ញុំមានញាណលើស”ដែលមានរូបនាងជាតួឯកត្រូវបានជាប់គាំងក្ដី តែស្រីនាង នៅតែមិនដែលបង្ហាញការអាកអន់ស្រពោនចិន្ដា ជាមួយហង្សមាសម្ដងណាឡើយ។យ៉ាងណាដូចលើកមុនៗដែរ សម្រាប់ការដើរលេងនៅក្រៅស្រុកជាថ្មីនេះស្រីនាង មិនបង្ហាញអ្នករួមដំណើរជាមួយនាងឡើយគឺបិតមុខជិតឈឹងតែម្ដង ទើបធ្វើឲ្យគេកាន់តែសង្ស័យថាអ្នកមេម៉ាយរូបស្រស់នេះកំពុងតែសាងស្នេហ៍ថ្មីដោយមិនបើកចំហ។

ប៉ុន្ដែមិនមែនតែពេលនេះទេដែលអតីតតារាសាន់ដេរូបនេះអត់ហ៊ានលាតត្រដាងរឿងម្ចាស់ចិត្តថ្មីនោះ តែរយៈពេលជាង១២ឆ្នាំទៅហើយ ពោលគឺតាំងពីនាងលែងលះអតីតប្ដីស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ម្លេះដែលរហូតមកដល់ពេលនេះស្រីនាង អត់ដែលបញ្ចេញមុខគូស្នេហ៍ថ្មីឲ្យគេស្គាល់ម្ដងណាឡើយ ខណៈរឿងដែលគេសង្ស័យថានាងនិងលោកណុប បាយ៉ារិទ្ធ បង្កាត់ភ្លើងស្នេហាជាមួយគ្នានោះត្រូវបានរលត់ទៅវិញ ក្រោយស្រីនាង ចាត់ទុករៀមច្បងរូបនេះថាជាបងប្រុសនោះ។

សុខ ស្រីនាង ត្រូវបានហង្សមាសលើកស្ទួយនាងតាមរយៈការផ្ដល់តំណែងជាតួឯកភាពយន្ដទាំងខ្នាតធំនិងរឿងភាគហើយនាងថែមទាំងមានឱកាសច្រៀងសម្ដែងបទចម្រៀងជាខ្សែរឿង”ស្នេហាខ្ញុំ ផ្លូវ២”ជាមួយប្អូនថ្លៃថៅកែហង្សមាសទៀតផង ប៉ុន្ដែភាពលេចធ្លោរបស់នាងនៅតែមានកម្រិតនៅឡើយ ហើយថែមទាំងគ្មានឱកាសឆក់បានស្ពតពាណិជ្ជកម្មធំៗទៀតផង បើទោះជានាងមានរូបសម្រស់នៅតែទាក់ទាញក្ដី។យ៉ាងណាអ្វីដែលធ្វើឲ្យនាងមានការប្រែប្រួលក្រោយមកដល់ហង្សមាសជាង៥ឆ្នាំនេះគឺការវិវត្តនពីជាតារាចម្រៀងច្រៀងតែបទស្លូវ មកជាអាចច្រៀងបទញាក់និងមានក្បាច់រាំមិនចាញ់តារាផ្នែកយុវវ័យផ្សេងៗទៀតឡើយ។

ប្រភពបានឲ្យដឹងថាសុខ ស្រីនាង នឹងត្រូវថៅកែប៉ៈប៉ូវឲ្យតំណែងJudge ឬCoach មួយផ្សេងទៀតនា ពេលខាងមុខនេះ ព្រោះថាបច្ចុប្បន្នហង្សមាសកំពុងតែថ្នមចិត្តតារាល្បីៗរបស់ខ្លួនដើម្បីកុំឲ្យសម្រុកគ្នាចាកចេញថែមទៀត បន្ទាប់ពីមុននេះភ្លាត់ស្នៀតរបូតបាត់បង់តារាប្រុសសំខាន់ដល់ទៅ៣ដួងគឺដួង វីរៈសិទ្ធ ,ព្រាប សុវត្ថិ និងខែម ប៊ុនថៃ ។ដោយឡែកសម្រាប់អ្នកដឹកនាំសម្ដែងភាពយន្ដមួយចំនួននៅហង្សមាសនៅតែចង់ឲ្យស្រីនាង លេងជាតួឯកក្នុងរឿងថ្មីទៀត ព្រោះពួកគេពេញចិត្តសម្ថភាពរបស់នាង បើទោះជារឿង”ខ្ញុំមានញាណលើស”នៅតែបន្ដជាប់គាំង មិនទាន់ដាក់បញ្ចាំងតាមរោងកុនក្ដី។

ក្រៅពីសុខ ស្រីនាង តារាហង្សមាសដែលបាត់បង់តំណែងជាCoach ,Judge និងMC ជាដើមនារយៈពេលចុងក្រោយនេះចាន់ កែវនិមល និងសួស វីសា ជាដើម។សម្រាប់ស្រីនាង វិញនៅឆ្នាំ២០២៣ នាងមិនទាន់មានសកម្មភាពសិល្បៈណាលេចធ្លោជាងឆ្នាំចាស់នោះទេ តែគេជឿរថាតារាវ័យ៣៦ឆ្នាំរូបនេះនឹងមិនទុកជីវិតជាស្រី្ដមេម៉ាយថែម១ទសវត្សន៍ទៀតឡើយ ព្រោះការដើរកម្សាន្ដនៅបរទេសទាំងអាស៊ីនិងអ៊ឺរ៉ុបញឹកញាប់បែបនេះ ច្បាស់ជាអ្នកមេម៉ាយរូបស្រស់កំពុងតែព្យាយាមពិសោធន៍ស្នេហ៍ថ្មីជាមិនខាន ។តែអ្វីដែលគេរងចាំអ៊ុតមើលនោះថាអនាគតស្វាមីរបស់ស្រីនាង ដែលកំពុងលាក់មុខនោះប្រាកដជាមន្រ្ដីធំ និងមានទ្រព្យស្ដុកដូចអតីតប្ដីនាងបានកំណត់ទុកកាលពីឆ្នាំ២០១០ ឬយ៉ាងណា?