កំពង់ឆ្នាំង ៖ បុរសម្នាក់ បានជិះម៉ូតូឆ្ពោះទៅស្រុកកំណើត ដើម្បីទៅមើលប្រពន្ធដែលទើបនឹងសម្រាលកូន ស្រាប់ តែអកុសល ធ្វើដំណើរបានពាក់កណ្តាលផ្លូវ ត្រូវរថយន្តស៊េរីទំនើប ១គ្រឿង បើកបរដោយបុរសជនជាតិចិនបើក ក្នុងល្បឿនលឿន រួចជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣៥នាទីរសៀល ថ្ងៃទី២១ ខែ មីនា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌។
បុរសរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះ នម វ៉ាន់ស៊ីន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅ ឃុំព្រែកស្លឹក ស្រុកទ្រាំង ខេត្តតាកែវ បានប្រពន្ធរស់នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ចំណែកអ្នកបើកបររថ យន្តបង្កហេតុ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាជនជាតិចិន។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះ ទើបនឹងសម្រាលកូន ថ្មីៗ ទើបបុរសរងគ្រោះជាប្តី បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1V-3311 ទៅស្រុកកំណើត ដើម្បីជួបប្រពន្ធកូន ស្រាប់តែអកុសល ពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ត្រូវរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 2BT-9188 បើកបរ ដោយបុរសជនជាតិចិនម្នាក់ មិនស្គាល់អត្តសញ្ញាណ ជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យបុរសរងគ្រោះ ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ខ្លួនអ្នកបើកបររថយន្ត នាំយកទៅកាន់ការិយាល័យនគរ បាលចរាចរណ៍ខេត្តកំពង់ឆ្នាំង ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថ កិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕