ភ្នំពេញ៖ទេព បូព្រឹក្ស ដែលទើបសម្រាលកូនបានជាង១ខែនោះពេលនេះនាងចាប់ផ្ដើមចេញមុខតាមបណ្ដារកម្មវិធីសិល្បៈផ្សេងៗជាបណ្ដើរៗហើយ ដែលមើលទៅសម្រស់តារាកូន១នៅតែគូឲ្យទាក់ទាញ បើទោះជានាងនៅមិនទាន់ស្រកគីឡូដូចដើមវិញពោលគឺហាក់មានព្រលឹងនិងរាងហាក់បែកសាច់បន្ដិចក្ដី។អ្វីដែលគ្រប់គ្នាបានឃើញនាពេលនេះគឺបូព្រឹក្ស ត្រូវបានស្វាមីនាងលោកងួន ចាន់ដេវីត ពិតជាថ្នាក់ថ្នមនាងខ្លាំងដូចការអះអាងរបស់នាងមុនថ្ងៃសម្រាលកូនពិតប្រាកដមែនដែលធ្វើឲ្យតារារួមអាជីពចាប់អារម្មណ៍សកម្មភាពរបស់គូស្នេហ៍តារា១គូនេះថាទោះជាមិនទាន់បានរៀបការតាមប្រពៃណីខ្មែរក្ដី ប៉ុន្ដែស្រីនិច្ច ដូចជាមានក្ដីសុខពេញបេះដូងតែម្ដង។ប៉ុន្ដែបូព្រឹក្ស មិនទាន់កំណត់ពេលវេលានៃការឡើងរាំច្រៀងលើឆាកតន្រ្ដីវិញទេ ខណៈដែលមុនពេលសម្រាលកូននោះនាងបានចេញMV បទ”Goddess “ផងដែរ។

គូររំលឹកថាទេព បូព្រឹក្ស បានសម្រេចចិត្តយកកូនមុនរៀបការតាមរយៈការសម្រាលកូនប្រុសដោយយកឈ្មោះតាមត្រកូលរបស់នាងគឺទេព បញ្ចាវរាប ហៅAlbert កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយនាងនិងដេវីត ស្រលាញ់គ្នាជាង៦ឆ្នាំ។បូព្រឹក្ស មិនប្រាប់ច្បាស់លាស់ពីពេលវេលានាងត្រូវដឹកដៃដេវីត ចូលរោងការនោះទេ នៅពេលអ្នកយកព័តមានយើងសាកសួរពីរឿងនេះដោយនាងអះអាងថារឿងណាអាចនិយាយបាន គឺនាងប្រាប់ តែរឿងខ្លះនាងមិនអាចនិយាយបាន មិនអាចប្រាប់។យ៉ាងណាគេសង្ស័យថាដេវីត-បូព្រឹក្ស អាចនឹងចុះអេតាស៊ីវិលជាមួយគ្នារួចទៅហើយ ទើបព្រមព្រៀងគ្នាយកកូនមុនរៀបការជាចំហនេះ ព្រោះថាបច្ចុប្បន្នតារាយកកូនមុនរៀបអាពាហ៍ ពិពាហ៍ កាន់តែមានចំនួនច្រើន។ចំពោះបូព្រឹក្ស និងដេវីត វិញពួកគេធ្លាប់បានដឹកដៃគ្នាទៅថតPre-Wedding នៅកោះម៉ាល់ឌីវ កាលពីឆ្នាំ២០១៩ និងមានព័តមានថាអ្នកទាំងពីរចង់រៀបការនាអំឡុងពេលនោះតែម្ដង ។ប៉ុន្ដែក្រោយមកក៍បានស្ងាត់ពិធីនោះទៅវិញហើយរំលងបានជាង៣ឆ្នាំពួកគេក៍មានកូន១។

អ្នកជំនាញសិល្បៈបានលើកឡើងថាទេព បូព្រឹក្ស អាចនឹងរក្សារទីផ្សារចម្រៀងបាន ប្រសិនបើនាងចេញមកចាប់ដៃគូជាមួយស្វាមីនាង ព្រោះថារយៈពេលចុងក្រោយនេះដេវីត មានទីផ្សារចម្រៀងរ៉េប ខ្លាំងជាងមុន ពោលគឺតាំងពីផ្ទុះសង្រ្គាមDiss Track ជាមួយវណ្ណដា មក។ប៉ុន្ដែការល្បីជាងនេះឬស្ទុះទៅមុខរបស់បូព្រឹក្ស នៅពេលដែលនាងវិលមកសង្វៀនសិល្បៈពេញទំហ៊ឹងនាពេលខាងមុខនោះហាក់មិនសូវមានសង្ឃឹមខ្ពស់ទេ ព្រោះថាតារាកូន១ដូចជាឱក សុគន្ធកញ្ញា,ពេជ្រ សូលីកា និងសួស វីសា ជាដើម ពេលនេះលែងសូវមានបទផ្ទុះព្រមគ្នាតែម្ដងបើទោះជានៅតែចេញមុខតាមឆាកធំៗរបស់ហង្សមាសក្ដី។

ក្រុមFan របស់ទេព បូព្រឹក្ស រងចាំមើលថាក្រោយមានកូន១នេះស្រីនិច្ច ដែលជាតារាល្បីខាងក្បាច់រាំនិងការតុបតែងខ្លួនប្លែកៗធ្វើឲ្យទស្សនិកជនតាមដានជាជាងប្រើប្រាស់សម្លេងនោះនាងនៅតែលេងក្បាច់រាំសាងហាវៗដូចកាលនៅក្រមុំទៀត ឬក៍ចាប់ផ្ដើមរាំសុភាពជាងមុន?

ក្រៅពីទេព បូព្រឹក្ស តារាដែលយកកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា ,ខាត់ សុឃីម,សុន ស្រីពេជ្រ ,ឡោម លក្ខិណា,នៅ សុនិតា,ឌុច លីដា ,ពេជ្រ សូលីកា ,ផាត់ ផាន់ណា និងយ៉ាន់ ស្រីពេជ្រ ជាដើម៕
