ភ្នំពេញ៖អ្នកនាងយុគ ចិន្ដា បានរៀបចំធ្វើពិធីខួបកំណើតរបស់នាងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដែលកម្មវិធីពិសេសរបស់ពិធីការិនីល្បីល្បាញរូបនេះ រៀបចំត្រឹមជាលក្ខណៈជួបជុំគ្រួសារនាង និងមិត្តភក្ដិអ្នកសិល្បៈជិតដិតប៉ុណ្ណោះ មិនមែនធ្វើធំហៅភ្ញៀវតារារាប់រយនាក់ដូចតារាមួយចំនួនទៀតឡើយ។ប៉ុន្ដែស្នាមញញឹមនិងក្ដីសុខរបស់នាងចិន្ដា ហាក់ពោពេញទៅដោយក្ដីសុខ ព្រោះមិត្តភក្ដិនិងកូនចៅរបស់នាងសុទ្ធតែជូនពរអ្នកនាងឲ្យមានសម្រស់នៅតែស្រស់ស្អាត និងជោគជ័យទាំងការងារសិល្បៈ និងមុខជំនួញថែមទៀត។

លោកជីមមី ជំនួយការរបស់អ្នកនាងយុគ ចិន្ដា បានប្រាប់”នគរធំ”ថាពិធីខួបកំណើតរបស់អ្នកនាងចិន្ដា ឆ្នាំនេះក៍មិនខុសពីលើកមុនៗដែរ ពោលគឺនាងធ្វើជាលក្ខណៈឯកជន ជួបជុំក្រុមគ្រួសារ និងមិត្តភក្ដិជិតស្និតនៅភោជនីយដ្ឋានរបស់នាងតែម្ដងនៅល្ងាចថ្ងៃទី២៣ ខែ៣ នោះ អត់មានហៅតារាច្រើននាក់ដូចកម្មវិធីខួបរបស់តារាមួយចំនួនទៀតនោះទេ។ក្រៅពីប្រារពខួបនៅហាងផ្ទាល់ខ្លួននោះលោកជីមមី បង្ហើបថាក្រុមការងារCTN នៅស្ទីឌីយោ ក៍អាចធ្វើខួបជូនអ្នកនាងចិន្ដា នៅកន្លែងធ្វើការដែរ តែមិនមែនធ្វើនោះទេ គឺគេSurprise និងជូនពរនាងប៉ុណ្ណោះ។យ៉ាងណាលោកជីមមី មិនប្រាប់ពីមូលហេតុដែលអ្នកនាងចិន្ដា មិនហ៊ានធ្វើខួបកំណើតឲ្យធំដូចគេនោះទេ ប៉ុន្ដែនេះជាទម្លាប់ទៅហើយដែលពិធីការិនីល្បីជាង២០ឆ្នាំ រូបនេះចូលចិត្តធ្វើពិធីនោះជាលក្ខណៈតូច តែសប្បាយបែបធំ ព្រោះថាភ្ញៀវទៅចូលរួមខួបរបស់នាងនោះសុទ្ធតែអ្នកជំនិតរបស់នាង ហេតុនេះហើយទាំងការលើកទឹកចិត្តនិងជូនពរនាងនឹងធ្វើឲ្យពិធីការិនីរូបនេះមានក្ដីសុខយ៉ាងពិតប្រាកដជាមិនខាន។

តាមព័តមានថាខួបកំណើតរបស់អ្នកនាងយុគ ចិន្ដា ឆ្នាំនេះគឺនាងមានអាយុ៤០ផ្លាយហើយ តែតារានៅជុំវិញខ្លួននាងសុទ្ធតែសរសើរថាអ្នកនាងចិន្ដា ពិតជាពូកែថែសម្រស់បានយ៉ាងល្អ ព្រោះនាងមិនសូវមានការប្រែប្រួលទៅតាមវ័យនោះទេ ពោលគឺដូចអ្នកនាងគង់ សុជាតិ ដែរ។ដោយឡែការប្រារពខួបឆ្នាំនេះដែរអ្នកនាងចិន្ដា ដែលទទួលបានភាពកក់ក្ដៅបំផុតនោះគឺកូនស្រីសំណព្វចិត្តរបស់នាងកញ្ញាយុគ ដាពេជ្រ ហៅស្រីអម គឺនៅជិតម្ដាយរបស់គេជានិច្ច ហើយពេលនេះនាងមានវ័យពេញក្រមុំស្ដូកទៅហើយ។ដោយឡែកសម្រាប់កម្មវិធីពិសេសមួយទៀតរបស់អ្នកនាងចិន្ដា ដែលមហាជនជាច្រើនរងចាំតាមដានជាច្រើនឆ្នាំមកហើយនោះគឺអាពាហ៍ ពិពាហ៍ របស់នាងនោះនៅតែស្ងប់ស្ងាត់ដដែល ក្រោយពីនាងបានស្វែងយល់ចិត្តលើបុរសម្នាក់ជាអ្នកជំនួញ ហើយធ្លាប់មានព័តមានថានាងបានលុបចោលមង្គលការដែលគ្រោងធ្វើកាលពីខែមីនា ឆ្នាំ២០២៣ ព្រោះតែពេលនោះកូវីដ មិនទាន់ថមថយខ្លាំងនោះ។

គូរបញ្ជាក់ថាអ្នកនាងយុគ ចិន្ដា នៅតែជាពិធីការិនីច្នើមនិងមានឥទ្ធិពលខ្លាំងរបស់CTN ហើយមុននេះនាងបានក្លាយទៅជាអ្នកដឹកនាំរឿងក្រុមកំប្លែង”បាទមេ”ជំនួសលោកតាវ៉ិច ទ័រ ដែលបានចាកចេញទៀតផង។ប្រភពបានឲ្យដឹងថាក្រៅពីការងារសិល្បៈអ្នកនាងចិន្ដា ក៍ងាកមករកស៊ីវិស័យអចលនវត្ថុដែរ នាប៉ុន្មានឆ្នាំចុងក្រោយនេះហើយនាងទិញបានដីមួយចំនួននៅខេត្តកោះកុងទៀតផង។ពិធីការិនីឈជើងក្នុងសិល្បៈជាង២ទសវត្សន៍មកនេះត្រូវបានគេចាត់ទុកថានាងជាសេដ្ឋីនីម្នាក់ក្នុងសិល្បៈ បើទោះជាអ្នកនាងចិន្ដា មិនដែលសម្ញែងនិងអួតអាងរឿងទ្រព្យសម្បត្តិក្ដី តែតាមព័តមានថាក្រៅមានអាជីវកម្មធំៗនៅខាងក្រៅសិល្បៈដូចជាភោជនីយដ្ឋាន,ហាងកាត់ដេ ជាដើមនោះ អ្នកនាងចិន្ដា ក៍មានផ្ទះជួលនៅជាយក្រុងភ្នំពេញផងដែរ៕

