Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់១៥កាំបិត ប្លន់ម៉ូតូនិងទូរស័ព្ទ

ចាក់១៥កាំបិត ប្លន់ម៉ូតូនិងទូរស័ព្ទ

កំពង់ឆ្នាំង ៖ យុវជនឈាមរាវចិត្តកំណាចម្នាក់ បានធ្វើសកម្មភាពចាក់ប្រហារតៅលើបុរសម្នាក់ ចំនួន១៥កាំបិត បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ប្លន់យកម៉ូតូ នាឡិកាដៃ ទូរស័ព្ទ ព្រមទាំងទ្រព្យសម្បត្តិមួយចំនួនទៀត រួចជិះ ម៉ូតូរត់គេចខ្លួនចេញពីខេត្តកំពង់ឆ្នាំង មកសម្ងំលាក់ខ្លួននៅខេត្តកំពង់ស្ពឺ ទីបំផុតឈាមស្រែកស្បែកហៅ ត្រូវ សមត្ថកិច្ចជំនាញស្រាវជ្រាវតាមចាប់ខ្លួនបាន នាំយកទៅចាត់ការតាមច្បាប់។

ករណីប្លន់សម្លាប់ដ៏សាហាវឃោរឃៅនេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិតាំង ពោន ឃុំពាន ស្រុកសាមគ្គីមានជ័យ។ រហូតមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចជំនាញស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យជាឃាតករបាន នៅចំណុចផ្លូវ១៣៦ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ជនសង្ស័យជាឃាតករដែលចាក់សម្លាប់ជនរងគ្រោះ ១៥កាំបិត ប្លន់ម៉ូតូ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះវ៉ន រិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងខេត្តកំពង់ឆ្នាំង។ ចំណែកជនរង គ្រោះ មានឈ្មោះនុត សារឿន មានលំនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

តាមប្រភពពីសមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានឱ្យដឹង ថា កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិតាំងពោន ឃុំពាន ស្រុកសាមគ្គីមានជ័យ មានករណីលួចមាន ស្ថានទម្ងន់ទោសមួយ (ចាក់សម្លាប់ប្លន់ទ្រព្យសម្បត្តិ) កើតទ្បើង បង្កដោយជនសង្ស័យឈ្មោះវ៉ន រិទ្ធ បានប្រើកាំ បិតត្នោត ចាក់ទៅលើជនរងគ្រោះឈ្មោះនុត សារឿន ចំនួន១៥កាំបិត បណ្តាលឱ្យស្លាប់ភ្លាមៗនៅ កន្លែងកើត ហេតុ ប្លន់យកសម្ភារៈ ហើយគេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានភ្លាម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នង ការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវបន្ទាន់តាមជំនាញនីតិវិធី ដោយកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័ យនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

រហូតមកដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញបានបន្តសហការជាមួយស្នងការដ្ឋាន នគរបាលខេត្ត កំពង់ស្ពឺ បានឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះវ៉ន រិទ្ធ នៅចំណុចផ្លូវ១៣៦ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះវ៉ន រិទ្ធ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ ដោយ ប្រើកាំបិតចាក់ទៅលើជនរងគ្រោះ ជាច្រើនកាំបិត រហូតដល់ស្លាប់ប្រាកដមែន ដើម្បីប្លន់យកនាឡិកាដៃ១ ទូរស័ព្ទ ១ និងម៉ូតូ១គ្រឿង រួចជិះគេចខ្លួនមកខេត្តកំពង់ស្ពឺ តែម្តង។

វត្ថុតាងដែលសមត្ថកិច្ចចាប់យក រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ នាឡិកាដៃ ១គ្រឿង និងទូរស័ព្ទដៃ ១គ្រឿង (ជារបស់ជនរងគ្រោះ)។

ជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឱ្យស្នងការដ្ឋាន នគរបាលខេត្ត កំពង់ឆ្នាំង ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES