Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំពាក់៣ពាន់ដុល្លារ ប្រកែកថាអត់បានខ្ចី ជាប់ខ្នោះ

ជំពាក់៣ពាន់ដុល្លារ ប្រកែកថាអត់បានខ្ចី ជាប់ខ្នោះ

មណ្ឌុលគិរី ៖ ស្ត្រីម្នាក់ បានខ្ចីលុយពីអ្នកស្គាល់គ្នាម្នាក់ ចំនួន៣ពាន់ដុល្លារ ប្រាប់ថាយកទៅសងថ្លៃហ្គាស់គេ ហើយខ្ចីតែ៤-៥ថ្ងៃប៉ុណ្ណោះ នឹងសងវិញហើយ លុះដល់ថ្ងៃកំណត់ មិនឃើញសង ទើបម្ចាស់លុយតាមទៅទារ ក៏ឆ្លើយម្តងថ្ងៃនេះ ម្តងថ្ងៃនោះ រហូតដល់ម្ចាស់លុយ ទ្រាំមិនបាន ផុសទារតាមហ្វេសប៊ុក បែរជាស្ត្រីខាងលើ ប្រកែកថា ខ្លួនមិនបានខ្ចីទៅវិញ ទើបធ្វើឱ្យម្ចាស់លុយខឹងសម្បា ដាក់ពាក្យបណ្តឹង ពីបទរំលោភទំនុកចិត្ត និង ឆបោក រួចត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះធី ស៊ីណា អាយុ៣៤ឆ្នាំ មុខរបរលក់ហ្គាស់ មានលំនៅក្នុង ភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ចំណែកភាគីដើមបណ្តឹង មានឈ្មោះចិន ស្រីមុំ អាយុ ៣៥ឆ្នាំ មានលំនៅក្នុងភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែមនោរម្យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនស្ត្រីខាងលើ ធ្វើឡើងតាមបណ្តឹងរបស់ស្ត្រីរងគ្រោះ ដោយ ចោទប្រកាន់ថា ស្ត្រីឈ្មោះធី ស៊ីណា បានខ្ចីប្រាក់ពីជនរងគ្រោះ ចំនួន៣ពាន់ដុល្លារ ហើយបានប្រើល្បិចគេចវេះ ក្នុងចេតនាទុច្ចរិត ពុំព្រមសងប្រាក់ដល់ម្ចាស់បំណុល។

យោងតាមពាក្យបណ្តឹង បានរៀបរាប់ថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ឈ្មោះធី ស៊ីណា បានប្រើល្បិច ហៅឈ្មោះចិន ស្រីមុំ ទៅផ្ទះរបស់ខ្លួន ហើយបានលួងលោមខ្ចីប្រាក់ចំនួន៣ពាន់ដុល្លារ តែ៤-៥ថ្ងៃប៉ុណ្ណោះ ដោយត្អូញត្អែរថា ម្ចាស់ហ្គាស់ មិនដាក់ហ្គាស់ឱ្យលក់ ព្រោះគ្មានលុយសងគេ។ ដោយក្តីអាណិតជនរងគ្រោះ គាត់ឱ្យជនសង្ស័យដកលុយពីគណនីរបស់ខ្លួន យកទៅប្រើប្រាស់ ដោយពុំបានគិតការប្រាក់នោះទេ។ តែដល់ កាលកំណត់ ជនសង្ស័យពុំបានបាញ់ប្រាក់ឱ្យជនរងគ្រោះ ដូចការសន្យាឡើយ ដោយសុំលើកពេលម្តងហើយ ម្តងទៀត បើទោះបីជនរងគ្រោះបានប្រាប់ពីតម្រូវការចាំបាច់យកលុយទៅបង់ថ្លៃសាលាកូនក្តី។

ហើយអ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺពេលដែលជនរងគ្រោះ ផុសទារលុយតាមហ្វេសប៊ុក បែរជាជន សង្ស័យ តបថា ខ្លួនពុំបានខ្ចីទេ។ ឥរិយាបថបែបនេះ ធ្វើឱ្យជនរងគ្រោះយល់ថា ជាចេតនាទុច្ចរិត ក្នុងសំណុំ រឿងរំលោភទំនុកចិត្ត និងឆបោក ក៏សម្រេចចិត្តប្តឹងទៅសមត្ថកិច្ច ឱ្យចាត់វិធានការផ្លូវច្បាប់តែម្តង។

ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES