ខេត្តព្រៃវែង ៖ បុរសវ័យចំណាស់ម្នាក់ បាន អះអាងថា កូនប្រសាប្រុសរបស់គាត់ម្នាក់ បាន លួចដីរបស់គាត់លក់ ខណៈដែលគាត់ជាម្ចាស់ដី មិនដឹងអ្វីសូម្បីបន្តិច ទើបធ្វើឱ្យគាត់ជាឪពុកក្មេក កើតទុក្ខមិនសុខចិត្ត ក៏សម្រេចដាក់ពាក្យបណ្តឹង ទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីឱ្យជួយរក យុត្តិធម៌។
បុរសជាឪពុកក្មេក ដែលត្រូវកូនប្រសា លួចដីលក់នោះ មានឈ្មោះជា ម៉ៅ អាយុ៦៨ឆ្នាំ មានលំនៅក្នុងភូមិច្រាំងទទឹង ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង។ ចំណែកភាគីកូនប្រសាដែល ទទួលរងការចោទប្រកាន់ ឈ្មោះឆុន នួន អាយុ ៣៤ឆ្នាំ និងប្រពន្ធឈ្មោះម៉ៅ ឆុន (កូនស្រី បង្កើតលោកតាជា ម៉ៅ)។
តាមសម្តីបុរសចំណាស់រងគ្រោះ បានរៀប រាប់ប្រាប់ថា កាលពីអំឡុងឆ្នាំ២០១៤ គាត់បាន ធ្វើស្រែប្រាំងខាតធ្វើឱ្យជំពាក់បំណុលគេជុំទិស គ្មានលទ្ធភាពសង ទើបសម្រេចចិត្តនាំប្រពន្ធ ចេញទៅស៊ីឈ្នួលមើលថែសួនឱ្យគេនៅឯប្រទេស ថៃ ដោយទុកផ្ទះ និងដីភូមិទំហំ១៦ម៉ែត្រ គុណ នឹង១០០ម៉ែត្រ ផ្ញើឱ្យកូនប្រសាប្រុសជើងល្អ រូបនេះ ជួយមើលថែ។ រហូតដល់អំឡុងខែតុលា ឆ្នាំ២០១៦ ពេលពួកគាត់នាំគ្នាត្រឡប់មកស្រុក វិញ បែរជាប្រទះឃើញគេសង់ផ្ទះក្បឿងនៅ លើដីរបស់គាត់រួចបាត់ទៅហើយ។ លុះពេល គាត់សួរនាំ ទើបដឹងថា កូនប្រសាប្រុសរបស់ គាត់បានលក់ដីនេះ ទៅឱ្យប្អូនស្រីបង្កើតរបស់ គេឈ្មោះឆុន ផាត់ ក្នុងតម្លៃ៩លានរៀល។
លោកតាជា ម៉ៅ បន្តថា ក្រោយពីដឹង ថា កូនប្រសាលួចលក់ដីរបស់គាត់ ទើបគាត់ បានទៅសួររកខុសត្រូវ ស្រាប់តែកូនស្រីបង្កើត របស់គាត់ឈ្មោះម៉ៅ ឆុន បានឆ្លើយថា នាង ព្យាយាមឃាត់ប្តីកុំឱ្យលក់ដែរ តែប្តីមិនស្តាប់ ហើយបានវាយដំគំរាមនាងទៀតថា បើនាង ហ៊ានតវ៉ាដោយប្តីនេះ គំរាមទារលែងនាងចោល ភ្លាម ទើបធ្វើឱ្យនាងមិនហ៊ានមាត់កអ្វីទេ។ រីឯកូនប្រសាជើងល្អវិញ បានឆ្លើយថា បើឪឯង មិនសុខចិត្តប្តឹងទៅ ហើយបើគ្មានលុយប្តឹង ចាំគេ ឱ្យលុយទៅប្តឹង។
លោកតា ជា ម៉ៅ បញ្ជាក់ថា ក្រោយពី ស្តាប់សម្តីកូនប្រសាប្រុសនេះហើយធ្វើឱ្យគាត់ ខឹងយ៉ាងខ្លាំង ក៏រត់ទៅប្តឹងមេភូមិ ឱ្យជួយរក យុត្តិធម៌តែដោយសារមេភូមិហាក់មិនសូវអើពើ ទើបគាត់បន្តប្តឹងទៅមេឃុំទៀត ទីបំផុតមេឃុំ នៅតែមិនរវីរវល់ ទើបគាត់សម្រេចប្តឹងឡើង តុលាការតែម្តង។
ទាក់ទងទៅនឹងករណីខាងលើនេះ លោក មេភូមិច្រាំងទទឹង បានឱ្យដឹងថា តាមពិតដី គឺជារបស់លោកតា ជា ម៉ៅ មែន ហើយអ្នក លក់នោះ ក៏ជាកូនប្រសារបស់លោកតាជា ម៉ៅ ដែរ តែគេលក់គឺដើម្បីយកលុយទៅសងបំណុល ឪក្មេក ដែលជំពាក់គេរត់ចោលស្រុកបាត់ ទុក ឱ្យបំណុលធ្លាក់មកលើកូនប្រសាជាអ្នកចេញ មុខសង។ លុះគ្មានលទ្ធភាព ក៏លក់ដីយកលុយ កាត់កងបំណុលតែម្តងទៅ។
ចំណែកលោកស្រីកង ស៊ីណាត មេឃុំ ព្រែកអន្ទះ បានឱ្យដឹងថា តាមពិតដំបូងឡើយ កូនប្រសាប្រុសរបស់លោតាជា ម៉ៅ ម្នាក់ទៀត ជាអ្នកយកលក់ តែគាត់មិនព្រម ក៏ប្រគល់ដី នោះឱ្យកូនប្រសាឈ្មោះឆុន នួន នោះជាអ្នក លក់វិញ គឺលក់យកលុយសងបំណុលគេ ហើយ ការលក់នោះក៏មានការឯកភាពពីលោកតាជា ម្ចាស់ដីដែរ។ ស្រាប់តែពេលគាត់ត្រឡប់មកពី ស្រុកថៃវិញ ឃើញគេកំពុងសង់ផ្ទះលើដីគាត់ ក៏គាត់មិនថាអ្វីដែរតែដល់ពេលគេសង់រួចរាល់ លោកតាក៏នាំប្រពន្ធទៅសង់ខ្ទមលើដីនោះដែរ តែម្ចាស់ដីគេមិនព្រម ទើបធ្វើឱ្យលោកតាខឹង ក៏ប្តឹងចោទថា កូនប្រសាជាអ្នកលួចដីគាត់លក់ ទៅវិញ។ ហើយករណីនេះ អាជ្ញាធរព្យាយាម ដោះស្រាយសម្របសម្រួលឱ្យដែរ តែខាងលោក– តាមិនព្រម ដឹងតែចង់យកដីមកវិញទាំងអស់ ជាហេតុធ្វើឱ្យអាជ្ញាធរ គ្មានវិធីដោះស្រាយ។
ជុំវិញរឿងរ៉ាវចម្រូងចម្រាស់ខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពី ភាគីកូនប្រសាដែលទទួលរងការចោទប្រកាន់ ថាបានលួចដីឪក្មេកលក់ បាននៅឡើយទេ។ យ៉ាងណាយើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ ភាគីពាក់ព័ន្ធទាំងអស់៕