Sunday, November 10, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធ្វើចោរឆក់ ដេកជាមួយស្រីនៅខុនដូ ជាប់ខ្នោះ៦

ធ្វើចោរឆក់ ដេកជាមួយស្រីនៅខុនដូ ជាប់ខ្នោះ៦

ភ្នំពេញ ៖ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពឆក់ទូរស័ព្ទប្រជាពលរដ្ឋបានសម្រេច រួចយកទៅលក់បានលុយ នាំគ្នាដើរស៊ីចាយ ចិញ្ចឹមស្រី ដេកសុទ្ធតែខុនដូ ទីបំផុតត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានចំនួន៦នាក់ (ប្រុស៣ ស្រី៣) នាំយកមកចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់នេះ បានធ្វើឡីង កាលពីវេលាម៉ោង ៤និង៥០នាទី រសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២៣ នៅក្នុងបន្ទប់ខុនដូលេខ១០០៤ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ មានករណីឆក់ទូរ​ស័ព្ទ បានកើតឡើង នៅចំណុចមុខផ្សារត្រពាំងថ្លឹង ស្ថិតក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍​សែន​ជ័យ  ដោយជនរងគ្រោះមានឈ្មោះសាយ ស្រីផល អាយុ១៨ឆ្នាំ មុខរបរលក់ដូរ។ ចំណែកទ្រព្យ​សម្បត្តិ​ដែល​​បាត់​បង់ ទូរស័ព្ទដៃ ១គ្រឿងម៉ាក IPhone XS Max។

ប្រភពដដែល បន្តថា មុនកើតហេតុ ជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1JM-3695 បាន​ធ្វើ​សកម្មភាពឆក់ទូរស័ព្ទដៃ ១គ្រឿង ម៉ាក IPhone XS Max ពីនារីរងគ្រោះខាងលើ ដែលកំពុងជិះម៉ូតូបណ្តើរ​និ​យាយ​ទូរស័ព្ទបណ្តើរ បានសម្រេច នៅផ្លូវចំណុច កើតហេតុរួច រួចយកទៅលក់ បានលុយ៧០ដុល្លារ បន្ទាប់មកក៏​ត្រឡប់ទៅស្នាក់នៅបន្ទប់ខុនដូជុំបក្ខពួក និងស្រីស្នេហ៍ សរុប៦នាក់ (ប្រុស៣ ស្រី៣)។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយពីក្តោបមុខសញ្ញាបាន សមត្ថកិច្ចជំនាញខណ្ឌពោធិ៍សែនជ័យ ដឹកនាំបញ្ជា​ដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកការស្រាវជ្រាវ សហការជា​មួយប៉ុស្តិ៍ចោមចៅទី១ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ និងនារីជាសង្សារ ៣នាក់ ក្នុងបន្ទប់ខុនដូ លេខ១០០៤ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា នៅវេលាម៉ោង ៤និង៥០នាទីរសៀល ថ្ងៃដដែល។

ជនសង្ស័យទាំង៦នាក់ រួមមាន ទី១-ឈ្មោះឃាម សុខបញ្ញា អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ​ជួលម្តុំសេះស សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (ជាអ្នកបើកម៉ូតូ)។ ទី២-ឈ្មោះអ៊ុន លីរ៉ាវុធ អាយុ១៦ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះម្តុំភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ (ជាអ្នកឆក់) និងទី៣-ឈ្មោះវិរៈ ដារូ អាយុ១៦ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (ឃាត់ខ្លួនក្នុងបន្ទប់)។ ចំ​ណែក​ស្រីស្នេហ៍ ៣នាក់ សមត្ថកិច្ចនៅមិនទាន់បង្ហើបឱ្យដឹងពីអត្តសញ្ញាណនៅឡើយ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើការសាកសួររួច ក៏សម្រេចនាំជនសង្ស័យចំនួន២នាក់ បញ្ជូនទៅកាន់សាលាដំបូង​រាជធានីភ្នំពេញ ចំណែកអ្នកដែលមិនពាក់ព័ន្ធ ត្រូវបានបានដោះលែងឱ្យមានសេរីភាពវិញ៕

RELATED ARTICLES