Thursday, March 20, 2025
Homeព័ត៌មានជាតិកសិករថា បន្លែអត់ទីផ្សារ ឈូសចោល ក្រសួងកសិកម្ម ចេះតែបដិសេធ អត់ចុះមើលផ្ទាល់

កសិករថា បន្លែអត់ទីផ្សារ ឈូសចោល ក្រសួងកសិកម្ម ចេះតែបដិសេធ អត់ចុះមើលផ្ទាល់

កណ្ដាល ៖ ក្រោយពេលដែលកសិករនៅស្រុកស្អាង ខេត្តកណ្ដាល បានប្រើគ្រឿងចក្រឈូស បន្លែចោលដែល កំពុងឲ្យផលចោល ដោយសារអត់ទីផ្សារ និងលក់បានថោកពេក ហើយត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បដិសេធថា មិនមែនជាការពិតនោះមក កសិករមួយចំនួន នៅស្រុកស្អាង ខេត្តកណ្តាល បានចេញ មុខប្រតិកម្ម ដោយបញ្ជាក់ជាថ្មីថា ពួកគាត់ពិតជាបានឈូសបន្លែចោលប្រាកដមែន ដោយសារបន្លែដែលពួក គាត់ដាំដុះ លក់បានតម្លៃទាប និងមួយចំនួនទៀតគ្មានទីផ្សារ លក់មិនចេញ។ ប្រជាកសិករទាំងនោះ​ បាននិ យាយ ថា ពិតជាគួរឲ្យអស់សំណើចណាស់ ដែលក្រសួងកសិកម្ម ចេះតែបដិសេធ ដោយអត់ចុះមកមើលផ្ទាល់  ខណ:ពួកគាត់ជាកសិករ ដាំដុះបន្លែ និងកសិផលបានហើយ គ្មានទីផ្សារលក់មិនចេញ អស់ដើមអស់ចុង ហើយ ជំពាក់ធនាគារ ដាំយូរៗទៅ រកតែអង្ករស៊ីគ្មាន និងគិតថា ជីវិតអ្នកចម្ការដូចពួកគាត់ ធ្វើយូរៗទៅ ស្មើនឹងសូន្យ ។

 ប្រជាពលរដ្ឋនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានបញ្ជាក់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឆ្លើយតបទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថា ឱ!លោកក្រសួងអើយ! បើកភ្នែក ឲ្យធំៗ មើលផង ពួកគាត់បង្ហោះវីដេអូភ្ជួរសាលាដ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ និងថ្ងៃបន្តបន្ទាប់មកទៀតនោះ គឺជាការពិត។ ពួកគាត់ថា ចង់តែសើចទេ ដែលក្រសួងកសិកម្ម ថានៅក្នុង ស្រុក ស្អាង ខេត្តកណ្ដាល គ្មានឈ្មោះ សំ សុគីន (តំណាងកសិករដែលភ្ជួរបន្លែចោល) ទេ ។ ពួកគាត់សំណូមពរទៅ ក្រសួងកសិកម្ម ថាមានឈ្មោះជាក្រសួងស៊ីប្រាក់ខែពលរដ្ឋ ប៉ុន្តែមិនបានចូលពិនិត្យមើលផ្ទាល់ ហើយចេះ តែបដិ សេធថាមិនមាន ដែលនេះមិនមែនជាទំនួលខុសត្រូវទេ គឺក្រសួង ត្រូវមានការទទួលខុសត្រូវ ជួយរកទីផ្សារ ដល់ កសិករ មិនមែនចេះតែប្រកែកបដិសេធ ដោះសាបែបនេះទេ។ ជាពិសេស បើចង់ដឹងព័ត៌មានពិតពីកសិករ ដែល ឈូសសាលាដចោល ៥តោននោះ សូមមកសួរមេភូមិព្រែកតាល័យ ទៅនឹងដឹងច្បាស់ហើយ ។

 មិនត្រឹមតែមានប្រតិកម្មពីកសិករដាំបន្លែទេ សូម្បីតែអាជីវករដែលទៅទិញបន្លែ ដល់ចម្ការរបស់កសិករ មកលក់ បន្ត នៅលើទីផ្សារ ក៏បានអះអាងដូចគ្នាដែរថា ទីផ្សារបន្លែ ពិតជាមានតម្លៃថោកណាស់ ឬស្ទើរតែគ្មានទីផ្សារតែ ម្ដង ដែលធ្វើឲ្យរងផលប៉ះពាល់ទាំងអ្នកដាំ និងអ្នកទិញមកលក់បន្ត ។

 អ្នកស្រី លីន សេងលីន ជាអាជីវករលក់បន្លែម្នាក់ បានបញ្ជាក់ថា អ្នកស្រី គឺជាអ្នកទទួលទិញបន្លែគ្រប់មុខ ពី អ្នកចម្ការផ្ទាល់ យកមកលក់ បោះដុំ លក់រាយ នៅផ្សារដើមគ អ្នកស្រីមិនមែនជាអ្នកចម្ការ ដាំដោយផ្ទាល់ទេ តែអ្នកស្រីបានមើលឃើញពីទុក្ខលំបាករបស់កសិករដាំបន្លែ អ្នកស្រីក៏ជួយផ្សព្វផ្សាយជួយរកទីផ្សារ និងបង្ហាញ ពីទុក្ខលំបាករបស់ប្រជាកសិករដែលខិតខំដាំដុះបានហើយ តែអត់អ្នកទិញ ឲ្យប្រជាជនទូទាំងប្រទេសបានដឹង ហើយបានជួយទិញពួកគាត់ ។

អ្នកស្រីលីន សេងលីន ក៏បានបង្ហោះសាររបស់ប្រជាកសិករដាំបន្លែ នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃដដែលនោះថា “សូមបងប្អូនទាំងក្នុងស្រុកនិងក្រៅស្រុក ជួយទិញ និងជួយរកទីផ្សារឲ្យ កសិករពួកខ្ញុំផង ដើម្បីជីវិតរស់ប្រចាំថ្ងៃ ពួកខ្ញុំខំធ្វើចម្ការ ទាំងហាលក្ដៅ ហាលភ្លៀង ដល់ពេលប្រមូលផល បែរជាគ្មានទីផ្សារទទួលទិញ ទើបពួកខ្ញុំត្រូវបង្ខំចិត្តភ្ជួរបន្លែចោល ទាំងពួកខ្ញុំគ្មានលុយសងថ្លៃពូជ លុយទិញអង្ករ ម្ហូប និងគ្មានដើមទុនសម្រាប់ដាំដុះបន្តទៀតទេ នេះហើយជីវិតកសិករ រកមួយថ្ងៃ រួចមួយថ្ងៃ“ ។

 អ្នកស្រីសុខា ជាកសិករដាំបន្លែម្នាក់ នៅស្រុកស្អាង ខេត្តកណ្តាល ក៏បានបង្ហោះក្នុងគណនីហ្វេសប៊ុក របស់ អ្នកស្រី នូវរូបភាពនិងវីដេអូ ស្តីពីចម្ការសាលាដ របស់អ្នកស្រី ដែលអ្នកស្រីសម្រេចចិត្តឈូសចោល ដោយ សារតែគ្មានទីផ្សារ និងលក់បានថោកពេក។ ជាមួយនេះ អ្នកស្រីក៏អរគុណបងប្អូនដែលបាន ទាកទងជួយ ទិញសាលាដរបស់អ្នកស្រី ចំនួន ៥០០គីឡូក្រាមដែរ គ្មានចំណេញទេ ផាត់ឈ្នួលទៅ ខាតលុយឈ្នួលទៀត ។

 ចំណែកកសិករដាំតាសក់ (ត្រសក់) បានប្រកាសលក់ឡៃឡុងថា «ជួយទិញ ១គីឡូ ១ពាន់រៀល ទិញ៥គីឡូ ថែម៥គីឡូ» ។

 ដោយឡែក ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត ព្រះសង្ឃមួយអង្គ គង់នៅវត្តនាគវ័ន រាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមើលឃើញពីផលលំបាករបស់ប្រជាកសិករ ព្រះអង្គបានជួយទិញស្ពៃ ចំនួន១០តោន ពីកសិករនៅស្រុក ស្អាង និងស្រុកកោះធំ ខេត្តកណ្ដាល យកមកចែកជូនបងប្អូនពុទ្ធបរិស័ទ នៅរាជធានីភ្នំពេញ ។

 ព្រះតេជគុណនី សុវណ្ណមុនីរ៉េត បានអំពាវនាវដល់បងប្អូនជនរួមជាតិ ជួយទិញ និងគាំទ្របន្លែរបស់ប្រជាកសិករ ខ្មែរ ដែលកំពុងពិបាកក្នុងការរកទីផ្សារ ។

 គួរបញ្ជាក់ថា ប្រតិកម្ម និងការបញ្ជាក់របស់ប្រជាកសិករដាំបន្លែ ឆ្លើយតបទៅក្រសួងកសិកម្ម ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ កសិករម្នាក់ នៅស្រុកស្អាង ខេត្តកណ្តាល គឺលោក សំ សុគីន បានប្រាប់វិទ្យុអាស៊ីសេរីថា លោកបានសម្រេចឈូសបន្លែសាលាដរបស់ខ្លួនចោល ចំនួន ៥តោន ដោយ សារមិនមានអ្នកទិញនៅចម្ការ ហើយបើលោកជួលគេដក និងដឹកទៅលក់ដល់ផ្សារដើមគ ក្នុងរាជធានីភ្នំពេញ ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រនោះ នឹងទទួលបានតម្លៃ ១គីឡូក្រាម តែ ៥រយរៀលប៉ុណ្ណោះ ធ្វើឲ្យលោក ខាត មួយកម្រិតទៀត ព្រោះលោកខិតខំថែបន្លែបានល្អ ចំណាយដើមទុនអស់ជាង ៣លានរៀល ហើយការភ្ជួរចោល នេះ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់លោកយ៉ាងខ្លាំង។

 ទោះបីយ៉ាងណា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាស ព័ត៌មាន ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ថាការចុះផ្សាយព័ត៌មានខាងលើ គ្មានភាពច្បាស់លាស់ឲ្យអគ្គនាយក ដ្ឋានកសិកម្ម អាចពិនិត្យដោះស្រាយបញ្ហាដូចដែលបានលើកឡើងនេះឡើយ ។ ជាក់ស្ដែង ការលើកឡើងថា លោកសំ សុគីន បានភ្ជួរបន្លែសាលាដចោល ចំនួន៥តោននោះ គឺមិនពិតទេ ដោយសារការចុះស្រាវជ្រាវ មិន បានរកឃើញថាមានឈ្មោះ សំ សុគីន បានឈូសសាលាដចោលទេ តែលេចកសិករឈ្មោះ ហេង នៅស្រុក កោះធំ ធ្លាប់បានឈូសចោលដំណាំសាលាដ ដែលមានអាយុកាលចាស់ សល់ពីការប្រមូលផល និងដាំចម្រុះជា មួយដំណាំត្រប់ ដើម្បីដាំដុះឡើងវិញ។ ម្យ៉ាងទៀត ការចុះផ្សាយព័ត៌មានថា តម្លៃត្រសក់ ចុះថោក និងដាក់ រួប ភាពបុរសដេកលើគ្រែត្រសក់ គឺជារូបភាពចាស់ដែលបានកើតឡើងតាំងពីឆ្នាំ២០១៩ មកម៉្លេះ នៅពេលប្រទេស កម្ពុជា ក៏ដូចជាពិភពលោកបានទទួលរងវិបត្តិកូវីដ-១៩ ។

 សេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តថា ជារួម រាល់ការលើកឡើងខាងលើ មិនបានឆ្លុះបញ្ចាំងបច្ចុប្បន្នភាពរបស់ប្រជាកសិករដែលកំពុងដាំដុះដំណាំបន្លែ នៅខេត្តកណ្ដាល នោះទេ និងថា ការលើកឡើងដោយអ្នកកាសែត ក្រោមឈ្មោះក្លែងក្លាយថា ជាតិ ចំណាន អាចជាចេតនាបំភ្លៃការពិត ដោយប្រើប្រាស់រូបភាពសកម្មភាពចាស់ ឆ្នាំ២០១៩ និងលើកឡើង អំពីការភ្ជួរ ចោល បន្លែចាស់ៗ ដើម្បីធ្វើការដាំដុះឡើងវិញ ។

 ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានកសិកម្ម បានជម្រាបថា កសិករខ្មែរដែលខិតខំតស៊ូព្យាយាម បានដឹងច្បាស់ពីហានិភ័យទីផ្សារ និងអាកាសធាតុ ជាពិសេសកសិករដែលនៅតែឈរជើងជាង ១០ឆ្នាំ ដូចដែល ឈ្មោះ ជាតិ ចំណាន បានលើកដូច្នេះ តើកសិកររូបនេះបានខាតនិងឈូសបន្លែចោលរហូតឬ? បើខាត១០ឆ្នាំ ហើយ តើគាត់នៅតែដាំដុះទៀត បានដែរឬទេ?

  សេចក្ដីប្រកាសព័ត៌មានដដែល បញ្ជាក់បន្ថែមថា តាមការសាកសួរតម្លៃបន្លែបោះដុំ នៅផ្សារតាខ្មៅ និងផ្សារ កួរស្រូវ នៅរាជធានីភ្នំពេញ របស់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត កណ្ដាល នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា សាលាដ មានតម្លៃ ៧០០-៨០០រៀល ក្នុង១គីឡូក្រាម ត្រសក់ មានតម្លៃ ៨០០-១២០០រៀល ក្នុង១គីឡូក្រាម ខាត់ណាដើម មានតម្លៃ ១០០០-១២០០រៀល ក្នុង១គីឡូក្រាម និងម្ទេសដៃនាង មានតម្លៃ ៦០០០រៀល ក្នុង១គីឡូក្រាម ។

  អគ្គនាយកដ្ឋានកសិកម្ម សូមជម្រាបជូនកសិករ និងសាធារណជន ឲ្យបានជ្រាបថា កសិករមានជម្រើស ប្រឡូក នឹងទីផ្សារសេរី ដោយខ្លួនឯង ដោយដាំដុះដំណាំដែលខ្លួនវាយតម្លៃថាត្រូវនឹងទីផ្សារ ឬមានជម្រើសធ្វើកសិកម្ម តាមកិច្ចសន្យា ។ ក្នុងករណីទី២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ទាំង២៥ នឹងជួយធ្វើសាក្សី លើកិច្ចសន្យាកសិកម្មនេះ ដើម្បីធានាជូនបងប្អូនកសិករថា អ្នកទិញ នឹងធានាទីផ្សារជូន តាមពេលវេលាដែល បានកំណត់ ។ ប៉ុន្តែកសិករ ក៏ត្រូវមានកាតព្វកិច្ចលក់ក្នុងថ្លៃដែលបានសន្យាដូចគ្នា ។ នេះជាវិធីសាស្រ្តធានាទី ផ្សារកសិផល មុនពេលធ្វើការដាំដុះ ។

         

កសិករដាំបន្លែម្នាក់ នៅក្នុងស្រុកស្អាង ខេត្តកណ្ដាល សុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ថា “ ហ្នឹងហើយ! ខាងក្រសួង គាត់បដិសេធហ្នឹង គាត់បដិសេធត្រូវរបស់គាត់ហើយ ប៉ុន្តែត្រូវចំខុសមនុស្សដែលគេភ្ជួរចោល ព្រោះដោយសារឈ្មោះ សំ សុគីន ហ្នឹង គឺមិនមែនបុគ្គលដែលភ្ជួរសាលា ដចោលទេ ហើយបុគ្គលដែលភ្ជួរសាលាដចោល ខ្ញុំក៏មិនអាចប្រាប់ឈ្មោះបានដែរ គ្រាន់តែបង្ហើបថា គាត់ម្នាក់ ជាបងប្រុសរបស់ខ្ញុំបង្កើត ។ ដូច្នេះខ្ញុំអត់បានស្ដាប់វិទ្យុអាស៊ី ថាតើគាត់ហ្នឹងនិយាយឈ្មោះសំ សុគីន ពិតប្រាកដ ឬក៏អត់ទេ ប៉ុន្តែដោយសារតែមានសារព័ត៌មានចំនួនច្រើន បានមកថតផ្ទាល់ពីទិដ្ឋភាពនៃការភ្ជួរសាលាដហ្នឹង ចោល ហើយមិនដឹងថា ខាងសារព័ត៌មានប៉ុន្មានហ្នឹង គាត់សរសេរឈ្មោះខុសឬក៏យ៉ាងម៉េចទេ បានជាវិទ្យុអា ស៊ីសេរី គាត់រាយការណ៍ព័ត៌មានទៅខុសឈ្មោះដែរ ។ ប៉ុន្តែក្នុងស្រុកស្អាង ករណីឈូសសាលាដចោល ១០០% មានពិត ដែលបុគ្គលហ្នឹង គឺជាបងប្រុសបង្កើតរបស់ខ្ញុំ ។ និយាយឲ្យចំ មានទាំងវីដេអូ មានទាំងរូបភាពជាក់ ស្ដែងសាលាដនៅល្អ និងពេលភ្ជួរ ដែលខ្ញុំបង្ហោះភ្ជាប់ជាមួយនឹងអត្ថន័យដែលខ្ញុំបដិសេធជាមួយក្រសួងហ្នឹង ។ ហើយមូលហេតុដែលភ្ជួរចោលហ្នឹង ដឹងហើយ ព្រោះដោយសារអត់មានទីផ្សារ ។ និយាយទៅ ទីផ្សារមាន ប៉ុន្តែយកទៅលក់ ថោកហើយអត់មានអ្នកទិញទៀត ហើយបើសិនជាអង្គុយរាប់ឡានដែល ផលិតផលពីប្រ ទេសជិតខាង (វៀតណាម) ចូលក្នុងស្រុក តាមផ្លូវជាតិលេខ២១ ស្រុកស្អាងខ្ញុំហ្នឹង មួយថ្ងៃៗ ដឹកចង់ខូចផ្លូវ “ ។

 កសិករដដែល បានមានប្រសាសន៍បន្តថា “ដូច្នេះខ្ញុំសូមសំណូមពរដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហ្នឹង ខ្ញុំដឹងថា គាត់មានមន្រ្តីរាជការថ្នាក់ក្រោមច្រើន នៃការចុះពិនិត្យមើល ប៉ុន្តែពិនិត្យមើលមិនបានគ្រប់ជ្រុង ជ្រោយ ។ អ៊ីចឹងសុំឲ្យថ្នាក់លើ ជួយពន្យល់ទៅថ្នាក់ក្រោម ឲ្យពិនិត្យមើលថា មុននឹងចេញព័ត៌មានបដិ សេធពី កសិករដែលភ្ជួរដំណាំចោលនោះ សុំឲ្យគាត់ហ្នឹងចុះឲ្យដល់ទីតាំង ហើយមិនមែនសំដៅលើឧទាហរណ៍ថា បុគ្គលឈ្មោះ ក គាត់អ្នកឈូសចោល ប៉ុន្តែអ្នកដែលផ្សព្វផ្សាយហ្នឹង គេដាក់ឈ្មោះ គ ព្រោះ ក ហើយ គ វាស្រ ដៀងគ្នា អ៊ីចឹងគេដាក់ច្រឡំឈ្មោះ គ អ៊ីចឹង គាត់ទៅស្រាវជ្រាវរកឈ្មោះ គ រកមិនឃើញទេ ប៉ុន្តែបើគាត់ស្រាវ ជ្រាវរកអ្នកដែលភ្ជួរចោលពិតប្រាកដមែន អាហ្នឹងរកឃើញហើយ រកឃើញទាំងឈ្មោះ រកឃើញទាំង ទីកន្លែង ភ្ជួរចោល ច្បាស់ៗតែម្ដង ។

អ៊ីចឹងមានតែសំណូមពរឲ្យគាត់ហ្នឹង ខិតខំធ្វើការឲ្យខ្លាំងជាងហ្នឹងបន្តិចទៀត កុំព ន្លែងដៃពេក បើសិនជាប្រ ជាពលរដ្ឋមានបញ្ហា យើងត្រូវតែរកដំណោះស្រាយ មិនមែនចេះតែដិសេធទេ មិន មែនរកតែការបដិសេធទេ ត្រូវរកដំណោះស្រាយជូនប្រជាពលរដ្ឋ ជូនកសិករគ្រប់ៗគ្នា មិនថាអ្នក ដែលច្រឡំ ឈ្មោះ ឬសំ សុគីន ហ្នឹងទេ កសិករច្រើនណាស់ ស្រុកស្អាង សឹងតែ ៩០% ដាំបន្លែសុទ្ធ ដាំបន្លែខូចនៅនឹងដី ព្រោះដោយសារតែ គាត់អត់ មានលទ្ធភាព មានលុយ ភ្ជួរចោល ភ្ជួរគិតលុយទៀត មួយហិកតារ ប៉ុន្មាន? មួយហិកតារ ម្ហៃសាមសិបម៉ឺនទៀត ។ ដល់អត់មានលទ្ធភាពភ្ជួរ គេទុកបន្លែស្អុយចោលពេញលើដីអ៊ីចឹងទៅ ។ អ៊ីចឹងចាប់ពីស្ពានលេខ១៣ រហូតចុះ មកដល់កោះធំ គឺបន្លែស្រុកស្អាង ច្រើនណាស់ ហើយដូចប៉ុន្មានថ្ងៃមុន បងខ្ញុំបានប្រាប់ខ្ញុំដែរ គាត់ថា ស្ពៃចង្កឹះ គេច្រូតចោល អាហ្នឹងព័ត៌មានផ្សេង មិនមែនព័ត៌មានខ្ញុំទេ ប៉ុន្តែខ្ញុំដឹងពីបងដែរ គាត់ថា ស្ពៃចង្កឹះ គេច្រូតចោល អត់យកលក់លើទីផ្សារ ប៉ុន្តែខាងក្រៅប្រទេស ដឹកស្ពៃចង្កឹះ មកទាំងឡានៗចូល ហើយខ្ញុំក៏សួរគាត់ថា តើមូល ហេតុអី? គាត់ថា គេស៊ីស្ពៃចង្កឹះរបស់ក្រៅប្រទេស ហើយមិនស៊ីស្ពៃចង្កឹះរបស់ក្នុងស្រុក រឿងហ្នឹងមួយដែរ ហើយ ចេះតែពិភាក្សាគ្នា ព្រោះយើងមិនដឹងហេតុផល ហើយមន្រ្តីជំនាញ បានគាត់ដឹងហេតុផលថា ស្ពៃចង្កឹះ ហ្នឹងស្អី? បើថាយើងធ្លាប់ស៊ី ស៊ីតែរបស់ក្រៅស្រុកអ៊ីចឹង“ ។

RELATED ARTICLES