Sunday, November 10, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនប្តីប្រពន្ធ២គូ បោកលុយជិត១៥ម៉ឺនដុល្លារ

ឃាត់ខ្លួនប្តីប្រពន្ធ២គូ បោកលុយជិត១៥ម៉ឺនដុល្លារ

កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២៩ ខែមីនាឆ្នាំ២០២៣ ប្រធានក្រុមហ៊ុនរាជ្យសុផាន់ភួង ខូអិលធីឌី ម្នាក់ និងបក្ខពួក ៣នាក់ទៀត ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បញ្ជូនខ្លួនទៅតុលាការ បន្ទាប់ពីបាន ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការក្រុមហ៊ុន ស្ថិតក្នុងភូមិទី៣ សង្កាត់ខ្សាម ក្រុង្តកំ ពង់ឆ្នាំង បន្ទាប់ពីពលករចំនួន២៣នាក់ បានដាក់ពាក្យបណ្តឹងថា បានឆបោកប្រាក់ ជិត១៥ម៉ឺនដុល្លារ។

ក្រុមពលករជនរងគ្រោះ បានឱ្យដឹង កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ថា ជនឆបោកទាំង ៤នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរាជ្យ សុផាន់ភួង ភេទស្រី មានលំនៅក្នុងខេត្តព្រះវិហារ ជាប្រធានក្រុមហ៊ុនរាជ្យ សុផាន់ភួង។ ទី២-ឈ្មោះសែន ទីន ភេទ ប្រុសជាប្តី មានលំនៅ នៅខេត្តតាកែវ។ ទី៣-ឈ្មោះអ៊ុល ចន្នី ភេទស្រី មានលំនៅ នៅខេត្តកណ្តាល ជានាយករងក្រុមហ៊ុន និងជាគណនេយ្យ ទទួល ប្រាក់ពីពលករ និងទី៤-ឈ្មោះនុត ណារិន ភេទប្រុស ជាប្តី។

ជនរងគ្រោះ ជាពលករ បានឱ្យដឹងទៀតថា នៅក្នុងការឃាត់ខ្លួនជនឆបោកទាំង៤នាក់ ខាងលើនេះសមត្ថកិច្ច នគរបាល បានប្រាប់ថា សមត្ថកិច្ចដកហូតបានថវិកា ចំនួនជាង៤ពាន់ ដុល្លារ និងជាង២លានរៀល រួមទាំង រថយន្ត Ford ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ កម្ពុជា KKK.1230 របស់ប្រធានក្រុមហ៊ុន។

ក្រុមពលកររងគ្រោះ សំណូមពរដល់ស្ថាប័នតុលាការខេត្តកំពង់ឆ្នាំង មេត្តាជួយកាត់ក្តី ទារថវិកាជាង ១៤ម៉ឺន ដុល្លារ ដែលជនឆបោកខាងលើនេះបោកប្រាស់ យកមកជូនពលករទាំង២៣នាក់វិញ ហើយក្នុងករណីនេះដែរ បើរឹបអូសយករថយន្ត Ford របស់ប្រធានក្រុមហ៊ុន ដែលមានតម្លៃប្រមាណជាង ៧ម៉ឺនដុល្លារ មកលក់សង ពលករវិញ ក៏អាចបានពាក់កណ្តាលផងដែរ។

ករណីនេះ លោកពេជ រ៉ី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែននគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ជនសង្ស័យទាំងបួននាក់ ខាងលើនេះ បានឆបោកប្រាក់ពីពលករចំនួន២៣នាក់ ដែលបានដាក់ ពាក្យបណ្តឹង សរុបចំនួន ១៤៧ ៥០០ដុល្លារ និងតាមការស្រាវជ្រាវ បានឱ្យដឹងថា ក្រុមហ៊ុនមួយនេះ កន្លងមក មិនដែលបានបញ្ជូនពលករទៅធ្វើការនៅប្រទេសណាមួយឡើយ ហើយនៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការរួចហើយ ដើម្បីចាត់ការ បន្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ករណីខាងលើនេះ ប្រធានក្រុមហ៊ុនរាជ្យសុផាន់ភួង ដែលមានទីស្នាក់ការនៅក្នុងភូមិទី៣ សង្កាត់ ខ្សាម ក្រុងកំពង់ឆ្នាំង បានទទួលប្រាក់ពីពលករ ២៣នាក់ ដែលមកពីតាមបណ្តាខេត្តនានា សរុបចំនួន ១៤៧ ៥០០ដុល្លារ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២២ និងក្នុងខែមករាឆ្នាំ២០២៣ ដោយសន្យាថា នឹងបញ្ជូនពលករ ខាងលើ នេះ ទៅធ្វើការនៅប្រទេសអូស្ត្រាលី នៅក្នុងខែកុម្ភៈ និងខែមីនា ឆ្នាំ២០២៣ នេះ។ ប៉ុន្តែដល់ពេលសន្យា មិនឃើញ ក្រុមហ៊ុនបញ្ជូនពួកខ្លួនទៅធ្វើការនៅប្រទេសអូស្ត្រាលី ទើបបងប្អូនពលករ បានដាក់ពាក្យប្តឹងទៅ ស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដើម្បីមានចំណាត់ការរឿងឆបោកនេះ តាមផ្លូវច្បាប់តែម្តង៕

RELATED ARTICLES