សៀមរាប ៖ បុរសម្នាក់ ជាជាងមាស និងទិញ-លក់មាស នៅផ្សារលើ ក្រុងសៀមរាប បានជួបគ្រោះថ្នាក់ដោយ សារឧបទ្ទវហេតុធម្មជាតិ ភ្លៀងខ្យល់កន្ត្រាក់ ធ្វើឱ្យផ្ទាំងប៉ាណូកាត់ទទឹងផ្លូវមួយ ស្ថិតនៅកណ្តាលក្រុងសៀមរាប បានបាក់រលំសង្កត់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បន្សល់ទុកប្រពន្ធកូន ក្លាយជាស្ត្រីមេម៉ាយ និងកំព្រា ឪពុក ខណ:ដែលក្រុមគ្រួសារកំពុងមានសុភមង្គល រស់នៅក្នុងផ្ទះវីឡាថ្មី ធំស្កឹមស្កៃ ដែលទើបតែធ្វើពីធីឡើងគេ ហដ្ឋានថ្មីនេះ បាន៣ខែ។

ជនរងគ្រោះដែលបាត់បង់ជីវិតក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិនេះ មានឈ្មោះផេង ចាន់ធូ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងមាស និងទិញ-លក់មាស នៅផ្សារលើ ក្រុងសៀមរាប មានលំនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស។ ចំណែកជនរងគ្រោះម្នាក់ទៀតដែលរងរបួសធ្ងន់ មានឈ្មោះ ជា ណារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន LG មានលំនៅ ភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ បច្ចុប្បន្នត្រូវបាន បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្កែកខេត្ត។

ហេតុការណ៍គ្រោះធម្មជាតិ បណ្តាលឱ្យបាក់រលំស្លាកប៉ាណូ កណ្តាលក្រុងសៀមរាបនេះ បានកើតមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចស្តុបស្មាយលីង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមរបាយការណ៍សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រក្រុងសៀមរាប មានករណីភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់រលំផ្ទាំងប៉ាណូទទឹងផ្លូវ នៅចំណុចស្តុបស្មាយលីង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និង របួសម្នាក់។



តាមប្រភពមិត្តភក្តិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះ ផេង ចាន់ធូ ជាមនុស្សស្លូតបូត ចិត្តល្អណាស់ មិនគួរណាអាយុខ្លី រងគ្រោះធម្មជាតិ បណ្តាលឲ្យស្លាប់បែបនេះសោះ ខណ:ជនរងគ្រោះនិងក្រុមគ្រួសារ ទើបតែបានធ្វើពិធីឡើងផ្ទះវីឡាថ្មី ដ៏ធំស្កឹមស្កៃ បានប្រមាណ៣ខែ បែរជាស្លាប់ចោលប្រពន្ធកូន យ៉ាង គួរឲ្យសោកស្តាយបំផុត។

សូមបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើ របាដែកប៉ាណូដែលបានបាក់ ក៏បានសង្កត់រថយន្ត ១គ្រឿងខូច ខាតយ៉ាងដំណំផងដែរ។ ដោយឡែកនៅចំណុចភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប គ្រោង ដែកតែងលម្អផ្កាភ្ញីភ្លើងចម្រុះ លើស្ពាន នៅក្បែរព្រះរាជដំណាក់ ក៏បានបាក់ខូចខាតផងដែរ តែពុំបណ្តាល ឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាន បង្ហាញនូវការសោកស្តាយជាខ្លាំង ចំពោះហេតុការណ៍ដែលកើតមានឡើងដោយកត្តាធម្មជាតិនេះ និងសូម ចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារអ្នកស្លាប់។
លោកហ៊ុន ម៉ានី បានបញ្ជាក់ថា “ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមចូលរួមសោកស្តាយចំពោះការខូចខាត និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងសូមជូនពរដល់អ្នករងរបួស សូមឆ្លងផុតគ្រោះថ្នាក់។ យើងខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមានចំណាត់ការសមស្រប និងទាន់ពេលវេលា ចំពោះបញ្ហាខាងលើ”។

ចំណែកលោកទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋ ចំពោះការ ខូចខាត និងរំលែកទុក្ខជាមួយក្រុមគ្រួសារសពជនរងគ្រោះខាងលើផងដែរ ។
លោកទៀ សីហា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៣ ថា «ខ្ញុំសូមចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋ ចំពោះការខូចខាត និងរំលែក ទុក្ខជាមួយ ក្រុមគ្រួសារសពបងប្រុសផេង ចាន់ធូ អាយុ៤៤ឆ្នាំ ដែលបានទទួលមរណភាពក្នុងគ្រោះឧបទ្ទវហេតុ ភ្លៀងលាយ ខ្យល់កន្រ្តាក់ ក្នុងក្រុងសៀមរាប» ។

គួររំលឹកថា ក្រសួងធនធានទឹកនិងឧតុនិយម កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទីោ៤ ខែមេសា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា ចាប់ពី ថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប និងខ្យល់ប្រែប្រួល។ ចាប់ពីថ្ងៃទី២-៤ ខែមេសា ទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន) ដែលស្ថានភាព បែបនេះ អាច

ធ្វើឲ្យតំបន់មួយចំនួន មានភ្លៀងធ្លាក់ដោយអន្លើ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់៕