Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលេងល្បែងចាញ់អស់ ខ្លាចប្រពន្ធជេរ ប្រឌិតរឿង ចោរគាស់ផ្ទះ

លេងល្បែងចាញ់អស់ ខ្លាចប្រពន្ធជេរ ប្រឌិតរឿង ចោរគាស់ផ្ទះ

បាត់ដំបង ៖ បុរសម្នាក់ ផុងខ្លួនលេងល្បែងស៊ីសង ចាញ់បោសគូទខោ ខ្លាចប្រពន្ធដឹង ជេរស្តី ក៏បែកគំនិតឆ្លៀត ពេលប្រពន្ធចេញទៅលក់ត្រីបាត់ បានរើកកាយផ្ទះដោយខ្លួនឯង រួចធ្វើជាឆោឡោប្រាប់អ្នកភូមិ និងប្រពន្ធថា មានចោរគាស់ផ្ទះ ចួលលួចទ្រព្យសម្បត្តិអស់ តែមិនព្រមប្តឹងសមត្ថកិច្ច លុះក្រោយមករឿងរ៉ាវបែកធ្លាយដល់ សមត្ថកិច្ច ចុះស្រាវជ្រាវ ក៏បែកការថា ជារឿងប្រឌិត ។

បុរសដែលប្រឌិតថាមានចោរគាស់ផ្ទះរបស់ខ្លួននោះ មានឈ្មោះ តឿន សាវ័ន អាយុ៥០ឆ្នាំ មានមុខរបរលក់ត្រី មានលំនៅ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។

តាមប្រភពពីមន្ត្រីជំនាញ បានបញ្ជាក់ប្រាប់កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ថា ក្រោយពីមន្ត្រីជំនាញសួរ ដេញដោលជីកប្ញសជីកគល់ដល់ម្ចាស់ផ្ទះ​ អំពីរឿងចោរគាស់ផ្ទះ ចូលលួចប្រាក់និងគ្រឿងអលង្ការ ស្រាប់តែ ចម្លើយចុងក្រោយរបស់ម្ចាស់ផ្ទះ បានសារភាពថា “មិនមានចោរគាស់ផ្ទះ ចូលលួចលុយនិងគ្រឿងអលង្ការអីទេ គឺខ្ញុំបានប្រព្រឹក្តខ្លួនឯង យកទ្រព្យសម្បត្តិទាំង នោះ ទៅលេងល្បែងចាញ់អស់ ហើយខ្ញុំបំប៉ោងរឿងបែបនេះ ដើម្បីកុំឱ្យក្រុមប្រពន្ធស្តីបន្ទោស”។

ករណីអ្នកលក់ត្រី បំប៉ោងរឿងចោរគាស់ផ្ទះ ចូលលួចទ្រព្យសម្បត្តិនេះ បានកើតឡើងនៅវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ក្រោយពេល ម្ចាស់ផ្ទះ ពីរនាក់ ប្តីប្រពន្ធនេះ ងើបពីយប់ ដឹកត្រីយកទៅលក់នៅឯផ្សារ។ នៅថ្ងៃកើតហេតុ ដំបូងអ្នកលក់ត្រីនេះ មិនបានប្តឹងទៅ សមត្ថកិច្ចទេ រហូតដល់រឿងនេះបែកធ្លាយដល់សមត្ថកិច្ច នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ទើបជននេះបង្ខំ ចិត្តទៅដាក់ពាក្យបណ្តឹង នៅអធិការស្រុកឯកភ្នំ ថារបស់ដែលចោរលួចនោះ រួមមាន ខ្សែកមាស ២ខ្សែ ទម្ងន់ ១,៦តម្លឹង ខ្សែដៃមាស ២ខ្សែទម្ងន់១,៣តម្លឹង ចិញ្ចៀនមាស ២វង់ ទម្ងន់៤ជី ក្រវិលមាស ២ ទម្ងន់២ជី និងប្រាក់ ចំនួន៩លានរៀល។ ចំណែកទ្រព្យនៅសេសសល់ពីចោរលួច មាន ខ្សែដៃប្លាទីន ១ខ្សែ ក្រវិលប្លាទីន ១គូ ប្រាក់ ចំនួន២លានរៀល ១២០ដុល្លារ និង ២៧០បាត និងទូរស័ព្ទចំនួន១គ្រឿង ។

លុះសមត្ថកិច្ចចោទជាសំណួរទៅកាន់ម្ចាស់ផ្ទះថា គ្រឿងអលង្ការ លុយកាក់ និងទូរស័ព្ទដែលសេសសល់ ទុកនៅ ជាមួយគ្នានឹងគ្រឿងអលង្ការ និងលុយមួយចំនួនដែលត្រូវចោរលួចយកទៅ ចុះហេតុអ្វីបានជាចោរ មិនលួចយក ទាំងអស់? ធ្វើឱ្យម្ចាស់ផ្ទះទាល់តម្រិះ ក៏ព្រមឆ្លើយសារភាពថា មិនមានចោរចូលលួចទេ គឺជារឿងផ្ទៃក្នុងគ្រួសារ គាត់ ហើយគាត់សុំដកពាក្យបណ្តឹងវិញ។

លោកឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានបញ្ជាក់ប្រាប់ថា ករណីចោរគាស់ផ្ទះអ្នកលក់ត្រីនេះតាម ពិតពុំមានកើតឡើងដូចម្ចាស់ផ្ទះបានប្តឹងនោះទេ ក្រោយពីការស៊ើបអង្កេត គឺម្ចាស់ផ្ទះបំប៉ោងសភាពការណ៍ ។ លោកថា ម្ចាស់ផ្ទះបានប្រឹងបំប៉ោងរឿងនេះ ដោយទម្លាក់កំហុសទៅលើចោរ លុះសួរនាំដេញដោលទើបម្ចាស់ ផ្ទះសារភាពថា ខ្លួនបានយកគ្រឿងអលង្ការ និងលុយ ចំនួន៩លានរៀល ទៅលេងល្បែង ចាញ់អស់ ទើបប្រឌិត ថា ចោរគាស់ផ្ទះគាត់ចូលលួចទ្រព្យសម្បត្តិគាត់។

បន្ទាប់ពីឆ្លើយសារភាព ទទូលកំហុស ជនខាងលើ បានអង្វរសុំដកពាក្យបណ្តឹង និងសុំទោសសមត្ថកិច្ចផងដែរ៕

RELATED ARTICLES