Wednesday, November 20, 2024
Homeព័ត៌មានជាតិប្រើម៉ូទ័រកាត់​ដែក​បក្បែរ​ស៊ីទែន​សាំង ឆាប​ឆេះ​ផ្អើល​ទាំង​ព្រឹក

ប្រើម៉ូទ័រកាត់​ដែក​បក្បែរ​ស៊ីទែន​សាំង ឆាប​ឆេះ​ផ្អើល​ទាំង​ព្រឹក

ខេត្តកំពង់ធំ ៖ បុរសជាថៅកែស្ថានីយប្រេង ម្នាក់ បានយកម៉ូទ័រទៅកាត់ដែកបំពង់ទីបទុយោ បង្ហូរប្រេង​ក្បែរស៊ីទែនសាំង លុះផ្កាភ្លើងខ្ទាត ទៅប៉ះនឹងចំហាយសាំង ក៏បង្កើតបានជាការ ឆឆាបឆេះយ៉ាងសន្ធោ​សន្ធៅ បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង២០ នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ​២០១៧ នៅ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិក្តី សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន។

ស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ដែលទទួល រងគ្រោះដោយសារអគ្គិភ័យនោះ មានម្ចាស់ ឈ្មោះអៀង ម៉េង មានលំនៅក្នុងភូមិ-សង្កាត់ កើតហេតុខាងលើ។

តាមប្រភពពីកម្មករការដ្ឋានសំណង់ស្ថានីយប្រេងឥន្ធនៈខាងលើ បានឱ្យដឹងថា ស្ថានីយប្រេងនេះ ត្រូវ​បានថៅកែឈ្មោះអៀង ម៉េង រុះរើសាងសង់ជាថ្មី និងមានការឆាបឆេះម្តង រួចមកហើយ កាលពីល្ងាច​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ ដោយពេលនោះ ថៅកែស្ថានីយបាន យកម៉ូទ័រកាត់ដែក ទៅកាត់បំពង់​ទីប សម្រាប់ បង្ហូរប្រេងចូលក្នុងស៊ីទែនសាំង ទើបធ្វើឱ្យផ្កា ភ្លើងបានខ្ទាតទៅប៉ះនឹងចំហាយសាំង ដែល សេសសល់ក្នុងស៊ីទែន បណ្តាលឱ្យមានការឆាបឆេះឡើងតែម្តង តែសំណាងល្អ ត្រូវបានគេ ជួយពន្លត់​ទាន់ពេលវេលា។

ប្រភពដដែលបន្តថា លុះមកដល់វេលា ម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី០៤ មករា ថៅកែស្ថានីយបាន​យកម៉ូទ័រទៅកាត់ដែកបំពង់ទីប ក្បែរស៊ីទែនសាំងនោះម្តងទៀត ទើបធ្វើឱ្យផ្កាភ្លើងប៉ះនឹងចំហាយសាំង​ឆាប​ឆេះជាលើក ទី២ និងមិនអាចពន្លត់ឈ្នះ ធ្វើឱ្យកើតមានការ ភ្ញាក់ផ្អើលពេញក្រុងស្ទឹងសែនតែម្តង។

បន្ទាប់ពីកើតមានករណីអគ្គិភ័យឆេះស៊ីទែនសាំងនេះភ្លាម សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ​របស់ស្នងការដ្ឋាននគរបាលខេត្ត ចេញមកជួយបាញ់ទឹកពន្លត់ដែរ តែអំណាចភ្លើង នៅតែបន្តឆាបឆេះ​មិន​រលត់ឡើយ ទើបគេនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ ចំណែកថៅកែស្ថានីយបានឱ្យគេរត់ទៅ​ទិញសាប៊ូ និងអំបិលមកបាច ទើបអាចគ្រប់គ្រងស្ថានការនៃការឆាបឆេះនេះវិញបានដោយមិនបង្កឱ្យ​មាន មនុស្សណាម្នាក់រងរបួស និងរាលដាលដល់ លំនៅឋានប្រជាពលរដ្ឋក្បែរខាងនោះទេ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរស្ថានីយប្រេងឥន្ធនៈខាងលើនេះ បានឱ្យដឹងថា ពួកគាត់មានការព្រួយ​បារម្ភ​ណាស់ តែមិនហ៊ាននិយាយទេ ព្រោះតែខ្លាចឥទ្ធិពលថៅកែអៀង ម៉េង។ តាមពិតដោយសារតែ​ពួក​គាត់​រស់នៅក្បែរខាងគ្នា ទើបចេះតែទ្រាំផ្តិតមេដៃឱ្យគេសង់ស្ថានីយប្រេងទាំងទើសទាល់ ព្រោះថា​ប្រហែល១ខែមុននេះ ពេលគេផ្សារកាត់ដំបូលស្ថានីយ ភ្លើងបានឆាបឆេះម្តងហើយ តែត្រូវគេពន្លត់វិញ ទាន់ ស្រាប់តែពេលនេះ មានការឆាបឆេះដល់ទៅ២ដងជាប់គ្នាទៀត ទើបធ្វើឱ្យពួកគាត់ដែល មាន​លំនៅឋានក្បែរនេះ មានការព្រួយបារម្ភ ពីសុវត្ថិភាពយ៉ាងខ្លាំង។

ប្រជាពលរដ្ឋបានសំណូមពរឱ្យអាជ្ញាធរ និងខាងជំនាញចាត់វិធានការឱ្យមានការសាងសង់ទុកដាក់ស៊ី​ទែនប្រេងឥន្ធនៈក្នុងស្ថានីយប្រេងខាងលើនេះ មានលក្ខណៈបច្ចេកទេស ត្រឹមត្រូវផងកុំឱ្យកើតមាន​ករណី​ដូចពេលនេះ ទៀត៕

RELATED ARTICLES