Wednesday, November 20, 2024
Homeព័ត៌មានជាតិប្រធានាធិបតី​សិង្ហបុរី មក​ទស្សន​កិច្ច​កម្ពុជា ថ្ងៃទី​០៨ មករា

ប្រធានាធិបតី​សិង្ហបុរី មក​ទស្សន​កិច្ច​កម្ពុជា ថ្ងៃទី​០៨ មករា

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការ នៃព្រះរាជាណាចក្រកម្ពុជា បាន បញ្ជាក់ឱ្យដឹងថា លោកបណ្ឌិតតូនី តាន់ កេងយាំ (Tony Tan Keng Yam) ប្រធានាធិបតីនៃ សាធារណរដ្ឋសិង្ហបុរី នឹងមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

យោងសេចក្តីជូនព័ត៌មានរបស់ក្រសួងការ បរទេស និងសហប្រតិបត្តិការ ចេញផ្សាយថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ មានខ្លឹមសារថា “តបតាម ការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត តូនី តាន់ កេងយាំ (Tony Tan Keng Yam) ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៨ ដល់១១ ខែមករា ឆ្នាំ២០១៧។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម បណ្ឌិតតូនី តាន់ កេងយាំ នឹងចូលក្រាបបង្គំ គាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទទេវាវិនិច្ឆ័យ និង ចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅព្រះរាជដំណាក់គន្ធបុប្ជានៃព្រះបរមរាជវាំង ដាច់ដោយឡែកពីគ្នា។

ឯកឧត្តមបណ្ឌិតតូនី តាន់ កេងយាំ នឹង ជួបពិភាក្សាទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជណាចក្រកម្ពុជា ហើយបន្ទាប់មកថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញជាអធិបតី ក្នុងពិធី ចុះហត្ថលេខាលើឯកសារចំនួនពីរដូចខាងក្រោម ៖

១-អនុស្សារណៈ ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ រវាងក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថាន អប់រំបច្ចេកទេសនៃសាធារណរដ្ឋសិង្ហបុរី។

២-អនុស្សារណៈ រវាងមន្ទីរពេទ្យកាល់- ម៉ែតនៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពេទ្យ Tan Tock Seng នៃសាធារណរដ្ឋសិង្ហបុរី។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត តូនី តាន់ កេងយាំ នឹងអញ្ជើញទៅទស្សនា គម្រោងរបស់សាធារណរដ្ឋសិង្ហបុរី នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ និងប្រាសាទ អង្គវត្ត នៅខេត្តសៀមរាប”៕

ដារិទ្ធ

RELATED ARTICLES