Sunday, September 8, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដេញកាប់មនុស្សអត់បាន កាប់ម៉ូតូខ្ទេច ជាប់ខ្នោះ៤

ដេញកាប់មនុស្សអត់បាន កាប់ម៉ូតូខ្ទេច ជាប់ខ្នោះ៤

ព្រៃវែង ៖ ក្មេងទំនើងមួយក្រុម មានគ្នា៦នាក់ ប្រដាប់ដោយដាវសាមូរ៉ៃ ចំនួន៣ដើម បានធ្វើសកម្មភាព ដេញ កាប់យុវជនម្នាក់ ទាំងកំរោល ធ្វើឱ្យយុវជនរងគ្រោះភ័យស្លន់ស្លោ ផ្តួលម៉ូតូចោល រត់គេចចូលហាងកាហ្វេ ១កន្លែង ទើបក្រុមក្មេងទំនើងកាប់ម៉ូតូជនរងគ្រោះ បណ្តាលឱ្យខូចខាតយ៉ាងដំណំ រួចនាំគ្នារត់គេចខ្លួន តែត្រូវ សមត្ថកិច្ចតាមចាប់ក្របួចជាប់ ៤នាក់ ខណៈបក្ខពួក ២នាក់ទៀត បានរត់គេចបាត់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី២៩មិនា នៅចំណុចមុខ ហាងកាហ្វេ ទល់ មុខវិទ្យាល័យរស្មីសាមគ្គី ស្ថិតក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ។

ម៉ូតូដែលត្រូវក្រុមក្មេងទំនើងកាប់បំផ្លាញ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1E-0455 មានម្ចាស់ឈ្មោះ អ៊ីម ចឺប ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុ។

យោងតាមសាក្សីដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា តាមពិតក្រុមក្មេងទំនើងទាំងនោះ ចង់កាប់យុវជន រងគ្រោះជាម្ចាស់ម៉ូតូ ប៉ុន្តែដោយយុវជននោះរត់ចូលក្នុងហាងកាហ្វេ ទើបក្រុមក្មេងទំនើង នាំគ្នាកាប់កម្ទេច ម៉ូតូ យុវជននោះ ដែលទំនងជាភាគីទាំង២ ធ្លាប់មានទំនាស់ ឬកុងគ្នាពីណា។

ក្រោយពីក្រុមក្មេងទំនើងទាំងនោះ វាយនិងកាប់ម៉ូតូយុវជន អ៊ីម ចឺប អស់ចិត្តហើយ ពួកគេក៏នាំគ្នាជិះម៉ូតូ ៣គ្រឿង រត់គេចខ្លួនបាត់អស់ទៅ ហើយម្ចាស់ម៉ូតូនិងមិត្តភក្តិ ក៏នាំគ្នាទៅដាក់ពាក្យនៅប៉ុស្តិ៍រដ្ឋបាល ទើបសមត្ថកិច្ចបាន ចេញអន្តរាគមន៍ រហូតចាប់ខ្លួនក្រុមក្មេងទំនើងបាន២នាក់ ក្នុងនោះម្នាក់ឈ្មោះរឿន ប៊ុនលាភ ភេទប្រុស អាយុ ១៦ឆ្នាំ មានលំនៅក្នុងភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ និងម្នាក់ ទៀតឈ្មោះឈុំ ផានិត ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិឧត្តុង្គ ឃុំព្រែកក្របៅ ស្រុកពាមជរ។

ដោយឡែកក្មេងទំនើងចំនួន ២នាក់ទៀត ត្រូវឃាត់ខ្លួននៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្នុងនោះម្នាក់ ឈ្មោះ ណន ចាន់ដារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ និងម្នាក់ ទៀត ឈ្មោះឯម រ៉ូ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិ៥ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍។

ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួនបក្ខពួកដែលរត់គេចខ្លួនបន្ថែមទៀត ដើម្បីយកមកចាត់ការ តាម ច្បាប់៕

RELATED ARTICLES