ភ្នំពេញ៖ព្រាប សុវត្ថិ ត្រូវបានបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ខ្លួនបានចេញសារជូនពរថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់លោកនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ នេះដែលគម្រប់២៦ឆ្នាំ(១៩៩៧-២០២៣) ដោយពួកគេបានហៅលោកនិងភរិយាទៅតាមគោរម្យងារ គឺលោកសុវត្ថិ ជា”ឧកញ៉ា” ខណៈដែលភរិយាលោកអ្នកស្រីឡុង ស្រីមុំ ជា”លោកជំទាវ”។ប៉ុន្ដែមិនមានពិធីជប់លៀងធំដុំដោយហៅតារារួមអាជីពរាប់រយនាក់ឲ្យទៅចូលរួមនោះទេ គឺលោកសុវត្ថិ មានតែការជួបជុំជាមួយភរិយា និងកូនៗព្រមទាំងក្រុមគ្រួសារ រួមទាំងបុគ្គលិករបស់លោកពីក្រុមហ៊ុនព្រាប សុវត្ថិ អ៊ីនវេសមិន ប៉ុណ្ណោះ។សម្រាប់សារជូនពរលោកព្រាប សុវត្ថិ នៅថ្ងៃខួបអាពាហ៍ ពិពាហ៍ នេះមាន ស្រដៀងគ្នាពីFan របស់លោកនោះគឺពួកគេចង់ឃើញចំណងស្នេហាលោកនិងភរិយាកាន់តែផ្អែមល្ហែមនិងរឹងមាំតទៅទៀត ។តែក្នុងនោះក៍មានFan ខ្លះបានជូនពរឲ្យលោកសុវត្ថិ តាមយកកូនស្រី១ម្នាក់ទៀតផងដែរ បើទោះជាកន្លងមកលោកសុវត្ថិ ហាក់គ្មានផែនការណ៍យកកូនស្រី ឬកូនទី៤ ព្រោះតែលោកបានហៅសុវត្ថិ សិរីវុឌ្ឍ ដែលជាកូនទី៣ របស់លោកថាជាកូនពៅៗក្ដី។

គូររំលឹកថាព្រាប សុវត្ថិ បានដឹកដៃអ្នកស្រីឡុង ស្រីមុំ រៀបការកាលពី៣ ខែមេសា ឆ្នាំ១៩៩៧ ដែលរហូតមកដល់ពេលនេះចំណងសេ្នហាអ្នកទាំងពីរបានរក្សាររយៈពេល២៦ឆ្នាំ ហើយនិងទទួលបានកូនប្រុស៣នាក់ជាចំណងដៃគឺកូនទី១៖ សុវត្ថិ មុនីវណ្ណ,កូនទី២៖សុវត្ថិ មុនីនាគ និងកូនទី៣៖សុវត្ថិ សិរីវុឌ្ឍ ដែលពួកគេបានចាប់អាជីពចម្រៀងដូចឪពុករបស់គេដែរ ។ដោយសារតែកូនលោកឧកញ៉ាសុវត្ថិ សុទ្ធតែមានរូបសង្ហារមិនចាញ់ប៉ារបស់គេនោះទើបកន្លងមកមានតារាស្រីស្អាតខ្លះពេលបានជួបអ្នកស្រីឡុង ស្រីមុំ ពួកគេតែងចាត់ទុកខ្លួនថាជាកូនប្រសាររបស់លោកសុវត្ថិ និងភរិយា តែម្ដង ធ្វើឲ្យតារាល្បីបានយូជាងគេរូបនេះ បានត្រឹមញញឹម ស្របពេលដែលលោកសុវត្ថិ ក៍ហាក់ចង់បានកូនប្រសារដែរ ព្រោះកន្លងមកលោកធ្លាប់បានសួរកូនទី៣ថា”តើពេលណាទៅទើបកូនយកសង្សារ?” តែអ្វីដែលគូរឲ្យចាប់អារម្មណ៍ថ្មីៗនេះអ្នកស្រីឡុង ស្រីមុំ បែជាប្រកាសថាកូនកំលោះទី២របស់លោកស្រីគឺសុវត្ថិ មុនីនាគ មិនមែនជាសង្សាររបស់ស្រីស្អាតរ៉េត ស៊ូហ្សាណា ឡើយ ដែលការលើកឡើងបែបនេះធ្វើឲ្យមុនីនាគ និងហ្សាណា ចាប់ផ្ដើមរយាលៗពីគ្នា ហើយសញ្ញាលោកសុវត្ថិ បានកូនប្រសារលើកដំបូងក៍ចាប់ផ្ដើមបាត់ទៅវិញដែរ។

មហាជនកត់សម្គាល់ថាលោកព្រាប សុវត្ថិ ចាប់ដៃអ្នកស្រីឡុង ស្រីមុំ ជិត៣០ឆ្នាំនេះលោកមិនដែលធ្វើឲ្យភរិយាពិបាកចិត្ត ឬស្រក់ទឹកភ្នែកដោយសារតែលោកល្បីល្បាញកេរ្ដិ៍ឈ្មោះជាមុខសញ្ញានៃនារីទាំងក្នុងនិងក្រៅស្រុកចង់ស្នេហ៍លោកនោះឡើយ។តែផ្ទុយទៅវិញលោកសុវត្ថិ តែងតែបង្ហាញភាពផ្អែមល្ហែមនិងភាពកក់ក្ដៅដល់ភរិយាលោកដែលពេលខ្លះមិនចាញ់គូស្នេហ៍យុវវ័យទេ។អ្វីដែលអ្នកឡុង ស្រីមុំ ធ្វើឲ្យស្វាមីកាន់តែមានភក្ដីភាពនោះគឺទាំងសម្លៀកបំពាក់ ម៉ូដសក់ និងគ្រឿងអលង្ការស្វាមី រួមទាំងកូនកំលោះទាំង៣គឺនាងជាអ្នករៀបចំឲ្យទាំងអស់ ដែលនារីបែបនេះហើយបុរសជាច្រើនតែងតែប្រាថ្នាចង់បាន ហេតុនេះហើយគេជឿរថាលោកសុវត្ថិ រក្សារកិត្តិយសបានល្បីល្បាញជិត៣ទសវត្សន៍មកនេះគឺមួយផ្នែកក៍ដោយសារតែមានភរិយាល្អនៅក្រោយខ្នង”ឧត្តមភរិយា”នេះឯង។

សូមបញ្ជាក់ថាលោកព្រាប សុវត្ថិ ពេលនេះឈានចូលដល់វ័យ៤៨ឆ្នាំទៅហើយ និងដោយសារតែមានសម្រស់ក្មេងជាងវ័យទើបពេលខ្លះលោកនៅតែលេងស្ទីលជាយុវវ័យទៅតាមប្រភេទបទចម្រៀង។កាលពីខែកញ្ញា ឆ្នាំ២០២០ មនុស្សជំនិតបំផុតរបស់លោកព្រាប សុវត្ថិ បានទម្លាយប្រាប់អ្នកកាសែតថាអតីតតារាហង្សមាសរូបនេះសល់ទ្រព្យខ្ទង់៣០លានដុល្លារ ពីការចាប់អាជីពចម្រៀង ខណៈដែលបច្ចុប្បន្នលោកសុវត្ថិ មានក្រុមហ៊ុន និងមុខរបរមួយចំនួនក្រៅ ពីសិល្បៈផងដែរ។កាន់តែគូរឲ្យកត់សម្គាល់នោះលោកសុវត្ថិ តាំងពីទទួលបានគោរម្យងារជាឧកញ៉ាជិត១ឆ្នាំមកនេះលោកបានបង្ហាញឥទ្ធិពលកាន់តែខ្លាំងឲ្យសាកសមទៅតាមឋានៈដូចជាមានអង្គរក្ស តាមការពារ និងជិះរថយន្ដថ្លៃៗមានRolls Royce ,Escalade ,Bmw និងIsuzu ជាដើម។ប៉ុន្ដែតាំងពីចាកចេញពីហង្សមាសជាង២ឆ្នាំ ដើម្បីបន្ដអាជីពនៅGalaxy នោះពេលនេះលោកសុវត្ថិ នៅតែមិនទាន់មានបទល្បីល្បាញខ្លាំងដូចមុនឡើយ៕


