Tuesday, March 18, 2025
Homeសង្គម និងជីវិតកូនក្រមុំភ្លោះ រៀបការថ្ងៃតែ១ ជាមួយកូនកំលោះ​២នាក់បងប្អូន

កូនក្រមុំភ្លោះ រៀបការថ្ងៃតែ១ ជាមួយកូនកំលោះ​២នាក់បងប្អូន

ប៉ៃលិន ៖ បុរស ២នាក់ត្រូវជាបងប្អូនបង្កើតនឹងគ្នា បានទាក់ទងស្នេហាជាមួយក្រមុំភ្លោះ ២នាក់ តាមហ្វេសប៊ុក បានរយៈពេលជាង ១ឆ្នាំ ស្គាល់ចិត្តស្គាល់ថ្លើមគ្នាច្បាស់លាស់ ក៏សម្រេចចិត្តចូលស្តីដណ្តឹង រៀបការទាំង២គូ ក្នុងថ្ងៃតែមួយតែម្តង។

អាពាហ៍ពិពាហ៍រវាងកូនកំលោះជាបងប្អូនបង្កើត និងកូនក្រមុំភ្លោះនេះ បានធ្វើឡើងយ៉ាងអធិកអធម កាល​ពី​ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅឯស្រុកកំណើតខាងកូនកំលោះ ស្ថិតក្នុងអន្លង់រក្សា ឃុំស្ទឹងត្រង់ ស្រុកសា​លា​ក្រៅ។ មូលហេតុដែលសម្រេចនាំកូនក្រមុំ ភ្លោះមករៀបការនៅស្រុកកំណើតខាងកូនកំលោះបែបនេះ ក៏ដោយ​សារតែក្រមុំភ្លោះទាំង២នាក់ មានម្តាយជាស្ត្រីមេម៉ាយ និងមានជីវភាពក្រខ្សត់។

តាមសម្តីបុរសឈ្មោះហាម ចាន់តារា អាយុ៥៧ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះម៉ៅ សុចាន់ណា ត្រូវជាឪពុក​ម្តាយ​បង្កើតរបស់កូនកំលោះ ទាំង២នាក់ បានរៀបរាប់ប្រាប់ថា កូនកំលោះរបស់គាត់ទាំង២នាក់ ដែលរៀបការ​ក្នុង​ថ្ងៃតែ១នេះ ទី១-ឈ្មោះរ៉ា ចាន់រក្សា អាយុ២០ឆ្នាំ និងទី២-ឈ្មោះរ៉ា ចាន់ខាំឈីត អាយុ១៨ឆ្នាំ។ រីឯខាងកូនក្រមុំភ្លោះ ទី១-ឈ្មោះម៉ាប់ ផល្លី អាយុ១៨ឆ្នាំ និងទី២-ឈ្មោះម៉ាប់ ផល្លា អាយុ ១៨ឆ្នាំ ដូចគ្នា មានស្រុកកំណើត នៅចំណុច​ប្រឡាយ៧០ ក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានម្តាយឈ្មោះគយ ចន្ធូ ជាស្ត្រី​មេ​ម៉ាយ​។

បុរសជាឪពុកកូនកំលោះ បានបន្តថា មុនដំបូង ពួកគេបានស្គាល់គ្នា តាមរយៈការលេងហ្វេសប៊ុក ខណៈកូន​ប្រុស​ទាំង២នាក់របស់គាត់ កំពុងធ្វើការនៅប្រទេសថៃ។ ក្រោយមក កូនប្រុសម្នាក់ សុខចិត្តត្រឡប់មកពីប្រទេសថៃ ដើម្បីទៅលេងផ្ទះខាងកូនក្រមុំ ក៏ចាប់ចិត្តស្រឡាញ់ កាន់តែខ្លាំង រហូតឈានដល់ការចូល​ស្តីដណ្តឹង​កូនក្រមុំ​ភ្លោះ​ទាំង២នាក់តែម្តង។ ក្រោយពេលដណ្តឹងរួច មិនទុកយូរនោះទេ លោកក៏បាននាំកូនក្រមុំភ្លោះ យកមករៀប​ចំពិធី​ផ្សំផ្គុំកូនទាំង២គូ នៅឯផ្ទះរបស់គាត់ ដោយកូនប្រុសច្បងរបស់គាត់ រៀបការជាមួយកូនភ្លោះបង ហើយកូន​ប្រុស​ប្អូន រៀបការជាមួយកូនភ្លោះប្អូន មានន័យថា បងយកបង ប្អូនយកប្អូន ដោយម្តាយខាងស្រី មានការយោគយល់ ហើយយកថ្លៃទឹកដោះតែកូនម្នាក់ ត្រឹមចំនួន ៥០០ដុល្លារប៉ុណ្ណោះ។

បុរសជាឪពុក បានបញ្ជាក់ថា បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចរាល់ កូនប្រុសរបស់លោកទាំងពីរនាក់ នឹងចាក​ចេញ​​​ពីផ្ទះទៅរស់នៅខាងម្តាយក្មេក ដោយពួកគេលែងត្រឡប់ទៅធ្វើការងារនៅប្រទេសថៃ ទៀតហើយ ដោយ​ធ្វើការងារក្បែរៗផ្ទះ កុំឱ្យឃ្លាតឆ្ងាយពីប្រពន្ធកូន ព្រោះការចំណាកស្រុក ទៅរកស៊ីនៅប្រទេសគេ មានការ​លំ​បាកណាស់៕

RELATED ARTICLES