ភ្នំពេញ៖ភាពយន្ដរឿង”កំណើតអរូប”( THE RITUAL BLACK NUN) របស់ផលិតកម្ម Wonder Film ត្រូវបានសម្ពោធនៅរោងភាពយន្ដមេជើរ ស៊ីនេផ្លិច បាយស្មាត (អ៊ីអន១) កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ ដែលមានការអញ្ជើញចូលចួមពីមន្រ្ដីជំនាញខាងភាពយន្ដ តារាសម្ដែងល្បីៗជាច្រើនដួង រួមទាំងអ្នកសារព័តមានជាច្រើនស្ថាប័នផងដែរ ។



រឿង”កំណើតអរូប” នឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នេះតទៅនៅគ្រប់ភាពយន្ដទំនើបៗទាំងអស់ ហើយនេះជាវណ្ណកម្មថ្មីរបស់Wonder Film ក្រោយពីបានអាកខានចេញរឿងថ្មីៗអស់៣ឆ្នាំដោយសារតែកូវីដ។រឿងនេះឆ្លុះបញ្ចាំងពីផ្នត់គំនិតបែបវិទ្យាសាស្ត្រភ្ជាប់ជាមួយនឹងអបិយជំនឿរ បែបខ្មោចព្រាយបិសាច ព្រឺព្រួច មន្តអាគម ភ័យរន្ធត់ ពិធីសាសនាធំទាំង៣រួមគ្នា និងប្រពៃណី វប្បធម៌ខ្មែរ និងមានការចូលរួមសម្តែងដោយតារាល្បីៗជនជាតិខ្មែរ និងតារាបរទេស ដែលថតនៅទីតាំងសំខាន់ និងទាក់ទាញដូចជា ប្រាសាទអង្គរវត្ត វត្តបាកានខេត្តពោធិសាត់ដែលមានបដិមាបែរព្រះភក្ត្រទៅទៅទិសខាងលិច និងព្រះនាងដោះធំលើភ្នំគូលែន ជាដើម។

លោកសែម វិសាល ជាអ្នកនិពន្ធនិងដឹកនាំរឿង”កំណើតអរូប»បានឲ្យដឹងថានេះជាភាពយន្តមួយដែលអាចផ្លាស់ប្តូរទស្សន:របស់ទស្សនិជនមកគាំទ្រខ្សែភាពយន្តខ្មែរកាន់តែច្រើនថែមទៀត។ រឿងនេះចំណាយរយ:ពេលក្នុងការផលិតដល់ទៅ៨ខែ ហើយយើងបានគិតគូរ និងសម្រិតសម្រាំងគុណភាព ខ្លឹមសាររឿង បច្ចេកទេស រូបភាព សំឡេង ហើយភាពយន្តនេះគឺផលិតដោយក្រុមការងារជនជាតិខ្មែរ១០០ភាគរយតែម្ដង។

អ្នកនិពន្ធ និងដឹកនាំរឿងល្បីឈ្មោះដែលមានបានបញ្ចប់ការសិក្សាដឹកនាំរឿងមកពីក្រៅប្រទេស និងបញ្ចាប់ថ្នាក់បណ្ឌិតវេជ្ជសាស្ត្រ សែម វិសាល បន្តថា នេះជាភាពយន្តទី៥របស់លោកបន្ទាប់ពីរឿង “ប្រាសាទកំបាំងមុខ”,”ផ្ទះចិញ្ចឹមខ្មោច” ,”ស្នូរជើងអ្នកណា?” និងរឿង”អន្ទងវិញ្ញាណ”។ លោកវិសាល អះអាងថារឿង”កំណើតអរូប”មានរយ:ពេល១ម៉ោង និង៤៥នាទីនេះ នឹងក្លាយជាផ្នែកមួយដែលបង្ហាញ និងចូលរួមក្នុងការលើកស្ទួយផ្សព្វផ្សាយវប្បធម៌ វិស័យទេសចរណ៍របស់កម្ពុជាឲ្យដ៏មានប្រសិទ្ធភាព ព្រមទាំងនាំភាពយន្តខ្មែរទៅកាន់ទីផ្សារអន្តរជាតិឲ្យគេស្គាល់ខ្មែរកាន់តែច្បាស់ជាមិនខាន។

ភាពយន្តខ្នាតធំរឿង “កំណើតអរូប”(The RITUAL BLACK NUN) គឺជាស្នាដៃសហការផលិតដោយផលិតកម្មវ័នឌើរ ហ្វីម អេនធើធេនមិន សហការណ៍ជាមួយអឺរាយ ភីកឈ័រ ដែលមានលោក ស្រ៊ុន គីមហួរ ជាអ្នកគ្រប់គ្រងការផលិត និងលោក សែម វិសាល ជាអ្នកនិពន្ធ និងដឹកនាំរឿង។

រឿង”កំណើតអរូប”របស់Wonder Film ចាងហ្វាងផលិតកម្មលោករ៉ក់ លី មានការចូលរួមពីតារាសម្ដែងល្បីៗទាំងជាតិនិងអន្ដរជាតិមានដូចជាតួឯកស្រីកញ្ញាKhemma Metayer និងតួឯកប្រុសលោកBrendan Gallagher និងតារាសម្ដែងជាច្រើនដួងទៀតដូចជាឃីសស្ទ័រ ម៉ារី ដេ,រូប៊ឺត អូលវី ម៉ូល័រ,ម៉េតេយ៉េ ឌីលែន, នៅ ចាណូស្ដី,នាគខ្មៅ ,ស្វែង សុជាតា និងលីអូណែល កាដឺយ៉ូត …។

កញ្ញា Khemma Metayer និងលោកBrendan Gallagher សុទ្ធតែបង្ហាញអារម្មណ៍រីករាយចំពោះការទទួលបានតំណែងជាតួឯកដំបូងរបស់ខ្លួនក្នុងភាពយន្ដខ្នាតធំនេះ ហើយអ្នកទាំងពីរពេញចិត្តឈុតឆាករឿងនេះខ្លាំងណាស់ ព្រមទាំងសង្ឃឹមថាទស្សនិកជននឹងចូលទស្សនាច្រើនកុំកជាមិនខាន។

លោកទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធ័ម និងវិចិត្រសិល្បៈបានបង្ហាញចំណាប់អារម្មណ៍ដោយកោតសរសើរចំពោះផលិតករដែលមានទឹកចិត្តស្រលាញ់វិស័យភាពយន្ដខ្មែរ និងផលិតរឿងថ្មីៗដើម្បីឲ្យភាពយន្ដខ្មែរទៅមុខ ។លោកក៍ចូលរួមអបអរសាទរចំពោះរឿង” “កំណើតអរូប”ដែលត្រូវបានសម្ពោធនឹងដាក់បញ្ចាំងជាផ្លូវការចាប់ពីពេលនេះតទៅដែរ៕

