ភ្នំពេញ៖ពេជ្រ សូលីកា បានលាងជម្រិះមន្ទិលស្នេហាជាមួយកូនមន្រ្ដីធំផ្កាយ២ តាមរយៈសង្សារសំណព្វចិត្តរបស់លេងម៉ូដសាក់ថុល សុភិទិ អ្នកមេម៉ាយឡុង ម៉ានីន បានបង្ហាញភាពស្និតស្នេហ៍ជាមួយ អតីតបេក្ខភាពCambodian Idol រដូវកាលទី៤ រូបនោះជាចំហ ដែលរឿងនេះធ្វើឲ្យស្រីពេជ្រ ហាក់ស្រាលខ្លួនលែងត្រូវបានគេម៉ៃថារូបនាងជាស្រីស្នេហ៍ភិទិ ទៀត។ប៉ុន្ដែអ្នកខ្លះលើកឡើងថាសូលីកា មិនអាចប្រជែងស្នេហ៍ជាមួយនាងម៉ានីន បានឡើយ ព្រោះថាអ្នកមេម៉ាយរូបស្រស់នោះមានសម្រស់មិនចាញ់ស្រីពេជ្រ នោះទេ ទើបធ្វើឲ្យទំនាក់ទំនងរវាងសូលីកា និងភិទិ រយាលៗពីគ្នា លែងស្អិតល្មូតដូចកាលពីខែសីហា ឆ្នាំ២០២២ ទៀត។យ៉ាងណាសូលីកា នៅបន្ដចាប់ដៃជាមួយភិទិ តាមការច្រៀងសម្ដែងមួយចំនួនដដែល ទៅតាមAgency ចង់បាន ហើយអ្វីដែលគូរឲ្យចាប់អារម្មណ៍នោះភិទិ ហាក់ដូចជាត្រូវបានគូស្នេហ៍តាមស្អិត ហេតុនេះនាងស្រីពេជ្រ ពិបាកបង្ហាញស្នេហ៍ស្និតជាមួយកូនមន្រ្ដីធំនេះដូចមុនទៀតហើយ។

ទោះជាយ៉ាងណាមុននេះនាងពេជ្រ សូលីកា បានបង្ហាញមុខប្រុសស្នេហ៍ថ្មីដោយរាងបែបនៅលាក់លៀម ដែលបុរសនោះជាកូនកាត់ចិន ហើយនាងថែមទាំងបញ្ចេញសារស្នេហាយ៉ាងរ៉ូមែនទិកទៀតផង ប៉ុន្ដែនាងហាក់ស្ទាក់ស្ទើចិត្តក្នុងការបង្ហាញភាពផ្អែមល្ហែមដូចភិទិ និងគូស្នេហ៍ បើទោះជាFan ខ្លះបានសរសើរថានាងពូកែរកម្ចាស់ចិត្តមិនត្រឹមតែរូបសង្ហារទេ តែថែមទាំងជាអ្នកមានទ្រព្យស្ដុក មិនចាញ់អតីតគូដណ្ដឹនាងលោកគឹម ហាន ក្ដី។ដោយឡែកសម្រាប់ទីផ្សារសិល្បៈវិញគេកត់សម្គាល់ថាក្រោយស្រីពេជ្រចែកផ្លូវបុរសអាណិកជនខ្មែរមកពីអូស្រា្ដលីនេះនាងហាក់មានយ៊ីអ៊ុនល្អជាងមុន ព្រោះមានឱកាសបានចេញច្រៀងសម្ដែងឆាកធំៗជាបន្ដបន្ទាប់ ខណៈដែលថៅកែហង្សមាសវិញនៅតែទុកចិត្តនិងផ្ដល់តំណែងជាតួឯកក្នុងភាពយន្ដដល់នាងតទៅទៀតដើម្បីឲ្យអ្នកមេម៉ាយរូបស្រស់នេះមានទីផ្សារកាន់តែទូលាយ។

ប៉ុន្ដែនាងសូលីកា សប្បាយរីករាយតែនៅលើឆាកតន្រ្ដីប៉ុណ្ណោះ ព្រោះនៅក្រៅឆាកវិញនាងស្រងូតស្រងាត់ណាស់ ដោយសារតែក្រោយចែកផ្លូវពីលោកហាន នាងបានបរាជ័យរឿងដល់ទៅ៣យ៉ាងព្រមគ្នាតែម្ដងនោះគឺបំណងចង់រៀបការជាចំហ និងចេញទៅរស់នៅប្រទេសអូស្រា្ដលី រួមទាំងការកប់ចោលស្រមោលដានស្នេហ៍ទាំងស្រុង។រឿងដែលស្រីពេជ្រ មានពេលខ្លះមិនអាចទប់ទឹកភ្នែកជាប់នោះគឺអំឡុងពេលនាងមានទីតាំងមួយសម្រាប់ឈជើងគឺផលិតកម្មហង្សមាស និងមានជីវភាពធូធារ បែជាម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ត្រូវជាប់គុកដល់ទៅ១២ឆ្នាំ រឿងសម្លាប់គូស្នេហ៍ភេទដូចគ្នា ហេតុនេះហើយទើបកន្លងមកនាងធ្លាប់អះអាងថាត្រូវតែរឹងមាំព្រោះខ្លួន១ រកលុយចិញ្ចឹមកូនផង ប្អូនស្រីផង។

ថ្វីត្បិតតែនាងពេជ្រ សូលីកា ជួបទុក្ខសោកមិននឹកស្មានដល់ក្នុងជីវិតនាងមែន ប៉ុន្ដែក្រោយធ្លាក់ខ្លួនមេម៉ាយនេះនាងព្យាយាមរក្សារទីផ្សារសិល្បៈមិនឲ្យធ្លាក់ចុះនោះគឺការថែសម្រស់ឲ្យបានលេចធ្លោគ្រប់ពេលវេលា និងមិនឲ្យឡើងទម្ងន់នាំឲ្យមើលទៅបែកសាច់នោះឡើយ។ស្រីពេជ្រ ថែមទាំងរស់នៅដោយហ៊ឺហាលើខុនដូទំនើប និងជិះរថយន្ដថ្លៃៗដូចមុនដដែល ដែលគេជឿរថាអតីតគូដណ្ដឹងនាងលោកហាន មិនបានដកទ្រព្យរួមពីនាងវិញទាំងស្រុងនោះទេ ព្រោះពួកគេបន្សល់ចំណងដៃកូនប្រុស១វ័យជិត៣ឆ្នាំទៅហើយ។

ក្រៅពីនាងពេជ្រ សូលីកា តារាហង្សមាសដែលបន្ដជីវិតមេម៉ាយមាននាងសុខ ស្រីនាង ម្នាក់ទៀត ខណៈដែលពេជ្រ សោភា និងប៉ាច គីមមួយ សុទ្ធតែរកបានម្ចាស់ចិត្តថ្មីរៀងៗខ្លួនអស់ទៅហើយ។គេចាំមើលថាចំណងស្នេហាថ្មីនាងសូលីកា អាចឈានទៅដឹកដៃគ្នារៀបការបានដែរឬទេ ខណៈដែលក្រោយបែកគូដណ្ដឹងស្រីពេជ្រ មានបុរសជាច្រើនទាំងក្នុងនិងក្រៅស្រុកចាំត្រងស្នេហ៍ តែអ្នកមេម៉ាយកូន១ហាក់មើលរំលងមន្រ្ដីធំចាស់ៗដែលចង់ឲ្យនាងធ្វើជំទាវលាក់មុខជាថ្នូរដេកចាយលុយមិនចេះអស់ ព្រោះពេលនេះនាងស្នេហាតែបុរសរូបសង្ហារជាជាងប្រុសចំណាស់ចង់ជះលុយលើនាង៕