ភ្នំពេញ៖អ៊ីវ៉ា ក្លាហានហ៊ានបណ្ដើរប្រុសម្នាក់ទៅជួបមិត្តភក្ដិកាលពីពេលថ្មីៗនេះ ដែលធ្វើឲ្យFan នាងគិតថាស្រីនាថ ពិតជាគោរពតាមការសន្យាជាមួយឪពុកនាងលោកអ៊ូ វ៉ាវ ហៅចន្ថា ថានឹងរៀបការនៅអាយុ៣០ឆ្នាំ ឬនៅឆ្នាំ២០២៣ នេះមែន។តែអ្វីៗបានផ្ទុយស្រឡះព្រោះអ៊ីវ៉ា នៅតែចង់លេងបិតពួនជាមួយឪពុកនាងតទៅទៀតតាមរយៈការពន្យាពេលរៀបការជាថ្មីហើយនាងថែមទាំងវាចាថាបុរសដែលដើរជាមួយនាងកាលពីពេលថ្មីៗនេះមិនមែនជាអនាគតស្វាមីនាងទៅវិញ។មិនត្រឹមតែអ្នកគាំទ្រស្រីនាថ ប៉ុណ្ណោះទេ ដែលខកចិត្តមិនបានឃើញនាងគ្រងឈុតកូនក្រមុំ នោះតែលោកវ៉ាវ ឯណ្ណោះលោកក៍មួម៉ៅ ក្ដៅចិត្តមិនតិចនោះទេ ព្រោះលោកធ្លាប់បានដាស់តឿនឲ្យកូនក្រមុំសំណព្វចិត្តប្រញ៉ាប់រៀបការប្ដីជាច្រើនលើកច្រើនសារណាស់ ព្រោះលោកថាជីវិតមនុស្សស្រីប្រៀបបានដូចផ្ការីកលំអងកាលណាក៍រុះរោយស្រពោនទៅវិញ ហេតុនេះការទុកជីវិតនៅលីវយូពេក អត់ប្រយោជន៍។ប៉ុន្ដែអ៊ីវ៉ា បានគិតផ្ទុយពីឪពុកនាងដោយគិតថាបើរៀបការលឿនពេក ជាអ្នកចម្រៀងដូចនាងអាចនឹងប៉ៈពាល់អាជីព លែងស្ទុះទៅមុខទៀតជាមិនខាន ហេតុនេះហើយបានជានាងរកវិធីទប់ទល់ជាមួយឪពុកនាងក្នុងការជម្រុញនាងឲ្យឆាប់យកប្ដីនោះជាបន្ដបន្ទាប់ រហូតដល់ឆ្នាំ២០២៣ នេះប្រកែកលែងចង់រួចតែម្ដង។

ប្រភពបានឲ្យដឹងថាអ៊ីវ៉ា ក្រោយចែកផ្លូវលោក”ប”ប្អូនមន្រ្ដីធំផ្កាយ៣កាលពីឆ្នាំ២០១៣ នោះមករយៈពេលជាង៩ឆ្នាំមកនេះនាងមានបុរសទាំងក្នុងនិងក្រៅស្រុកតាមស្នេហា តែនាងបែជាប្រកាសកាលពីឆ្នាំ២០២០ ថាអនាគតស្វាមីនាងជាបុរសធ្វើការក្នុងវិស័យកីឡារទៅវិញ។ការអះអាងបែបនេះស្របពេលទៅនិងសកម្មភាពរបស់ស្រីនាថ ដែលតែងតែបង្ហាញខ្លួនចូលរួមក្នុងកម្មវិធីបាល់ទាត់របស់ក្លឹបមួយជាញឹកញាប់តែអ៊ីវ៉ា មិនដែលហ៊ានបញ្ចេញមុខបុរសនោះជាសាធារណៈដោយកៀកកើយគ្នាឲ្យគេឃើញដូចគូស្នេហ៍តារាផ្សេងៗទៀតឡើយ។អ៊ីវ៉ា ប្រាប់អ្នកយកព័តមានថាបើបុរសនោះជាសង្សារនាងមែនគឺដាច់ខាតនាងមិនបណ្ដើរគ្នាជាចំហឲ្យគេឃើញ មុនពេលដែលមិនទាន់ដឹងថាច្បាស់លាស់ជាមួយគ្នានោះឡើយ។ចំណែកលោកវ៉ាវ ធ្លាប់អះអាងថាក្នុងនាមជាឪពុកស្រីនាថ លោកមិនដែលចង់បានកូនប្រសារជាបុរសវ័យក្មេងនោះទេ គឺចង់ឲ្យកូនមានប្ដីជាបុរសចំណាស់បន្ដិច ព្រោះមនុស្សប្រុសវ័យនោះគេចាស់ទាំងចិត្តនិងគំនិតដែរ។

គូរបញ្ជាក់ថាអ៊ីវ៉ា ចាប់អាជីពចម្រៀងនៅសាន់ដេជាង១០ឆ្នាំ ហើយមានតែនាងម្នាក់គត់ដែលបង្ហាញភាពស្មោះស័គ្រចំពោះលោកថៅកែ ព្រោះទោះជាពេលនេះមានផលិតកម្មដល់ទៅ៣ផ្សេងគ្នាចាប់អារម្មណ៍ចង់បាននាងធ្វើជាសមាជិកខ្លួននោះគឺហង្សមាស,ថោន និងGalaxy ក្ដី តែស្រីនាថ នៅតែបន្ដច្រៀងឲ្យសាន់ដេដដែល។ចំណែកថៅកែសាន់ដេវិញក៍បានផ្ដល់សិទ្ធិពិសេសឲ្យអ៊ីវ៉ា ជាងតារាផ្សេងៗទៀតដែរនោះគឺឲ្យនាងច្រៀងដោយគ្មានកុងត្រា និងច្រៀងតែបទណានាងស្រលាញ់ឬពេញចិត្ត ចំពោះបទដែលនាងមិនចូលចិត្តអាចបដិសេធបាន។ប៉ុន្ដែលោកវ៉ាវ ថាកូនស្រីគាត់នឹងធ្វើទៅតាមពេលវេលា ពោលមិនអាចសន្យាថានឹងនៅផលិតណាអស់១ជីវិតបានទេ បើទោះជាពេលនេះស្រីនាថ បានចាត់ទុកសាន់ដេជាឪពុកម្ដាយទី២ របស់ខ្លួនក្ដី។

សូមរំលឹកថាទោះជាអ៊ីវ៉ា ធ្លាប់ប៉ៈស្នេហ៍លោក”ប”ថៅកែក្លឹបនិងហាងបញ្ចាំនៅក្រុងសៀមរាបក្ដី ប៉ុន្ដែនាងមិនដែលមានរឿងអាស្រូវស្នេហ៍ធ្ងន់ធ្ងរម្ដងណាឡើយ ព្រោះតាំងពីប្រឡូកសិល្បៈមក ឪពុកនាងបានតាមការពារស្រីស្រស់គ្រប់ជំហ៊ានទាំងអស់គឺដូចគ្នាទៅនិងលោកសុខ ហេង ឪពុករបស់សុខ ពិសី ដែរ។តែសម្រាប់Fan របស់ស្រីនាថ វិញមើលឃើញថាតារាសាច់សខ្ចីរូបនេះនៅតែគ្មានដៃគូចម្រៀងដែលសាកសមនាងដដែលជាច្រើនឆ្នាំមកនេះ ហេតុនេះនាងពិបាកក្នុងការប្រជែងទីផ្សារចម្រៀងឲ្យលេចធ្លោជាងនេះពិសេសគឺការទប់ទល់ជាមួយនាងតន់ ច័ន្ទសីម៉ា ដែលមានតារាដៃគូសុទ្ធតែខ្លាំងៗនៅជុំវិញខ្លួននោះ។តែអ៊ីវ៉ា ហាក់ដូចជាមិនដែលតាំងចិត្តថាចង់ប្រជែងទីផ្សារចម្រៀងឲ្យត្រដែតដាច់គេឡើយ ជាក់ស្ដែងដូចជានៅសាន់ដេ ទោះនាងមានសម្ថភាពមិនធម្មតាមែន តែស្រីនាថ នៅតែជាតួរងបន្ទាប់ពីសុខ ពិសី ដដែល៕
