បាត់ដំបង ៖ ម្ចាស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Da Rit បានតាំងខ្លួនជាសែរាជវង្ស រហូតដល់ហ៊ាន សរសេរបង្ហោះព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជា ការយោធភូមិភាគទី៥ និងត្រូវបាន កម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមឃាត់ខ្លួន ដើម្បីនាំយកមកសាកសួរ និងចាត់ការតាមច្បាប់។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានបង្ហោះនៅ លើគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន របស់លោក នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ថា “សូមមានវិធានការចំពោះ Account Facebook ឈ្មោះ (Da Rit) ដែល បានសរសេរបង្ហោះនូវព្រះរាជសារជាព័ត៌មានមិនពិត ធ្វើឱ្យប៉ះ ពាល់ ដល់កិត្តិយសរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥…”។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានអំពាវនាវ ឱ្យស្ថាប័នមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ Accounting Facebook ឈ្មោះ (Da Rit) ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ជាដាច់ខាត។ ជាមួយនេះ មានការសំណូមពរដល់អង្គភាព នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ សូមជួយចាត់វិធានការចំពោះករណីនេះ ដើម្បីការពារផលប្រយោជន៍ភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំក្នុងជួរកងទ័ព ខណៈជនខិលខូចមួយចំនួនបានបង្កើត គណនីហ្វេសប៊ុក ក្លែងក្លាយ ក្នុងការប្រើប្រាស់បំប៉ោងព័ត៌មានក្លែងក្លាយ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ហើយក្រុមទាំងនេះ ភាគច្រើនជាសកម្មជនរបស់ក្រុមជ្រុលនិយម៕
