សៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលតាំងខ្លួនជាព្រហ្មរក្សាលោក ធ្លាប់និយាយបង្អើលរឿងទឹកលិចលោក ហើយប្រកាសលែងធ្វើនយោបាយ គិតតែរឿងពន្យល់ធម៌នោះ បាន លើកឡើងថា មនុស្សមានអារម្មណ៍អត្តា និយាយអួតពីរឿងមានទ្រព្យ ប្រមាថអ្នកក្រគីឡូស្រាលអ្នកមានគីឡូធ្ងន់ និងថារវល់ធ្វើរឿងមានប្រយោជន៍ មិនភ្លើទៅគិតរឿងប្រតិកម្មរិះគន់ពីអ្នកក្រដែលអត់ប្រយោជន៍ ហើយថាអ្នក មាន គិតទៅមុខ អ្នកក្រ គិតតែទៅក្រោយ មិនរាប់អានអ្នកក្រ ខ្លាចឆ្លងក្រ រាប់អានអ្នកមាន ដើម្បីឲ្យឆ្លងមាននោះ គឺជាមនុស្សភ្លើ ច្រឡំថាខ្លួនឆ្លាត ហើយសម្តីនោះមានតម្លៃមិនស្មើអាចម៍១ដុំផង។

លោកខឹម វាសនា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ថា «មនុស្សគឺវិញ្ញាណ សំបកគឺអត់ដឹងអី ជារបស់មិនដឹងតែរហូតទោះ ទោះមនុស្សនៅរស់ ក៏សំបកនេះមិន ដឹង តែរហូត មិនដឹងជាដរាប។ មនុស្សមានអារម្មណ៍អត្តា និយាយធ្វើខ្លួនគេគ្រាន់បើណាស់ គេថាគេរវល់ធ្វើរឿង មានប្រយោជន៍ គេមិនភ្លើទៅគិតរឿងអត់ប្រយោជន៍នោះទេ គេអួតពីរឿងមានទ្រព្យ អួតរឿងមានមុខ អ្នកក្រគីឡូ ស្រាលណាស់ អ្នកមានបានគីឡូធ្ងន់ សំដីអ្នកក្រ សាបដូចទឹកទន្លេ សំដីអ្នកមាន ថ្លៃដូចពេជ្រ ជាដើម។ ស្តាប់ ពាក្យអត្តានិយាយបណ្តើរ វិញ្ញាណគិតហ្នឹងទ្វារមនោដើម្បីយល់បណ្តើរ ឃើញវាភ្លើ គិតថាសំបកកាយហ្នឹងជាវា ហើយហ្នុង ប្រយោជន៍វានិយាយហ្នឹង គឺប្រយោជន៍របស់សំបកដែលមិនដឹងតែរហូតហ្នុង តើហ្នឹងឬវាឆ្លាតហ្នុង រកប្រយោជន៍ឲ្យរបស់មួយដែលគ្មានដឹង ងាប់ឈឹង មិនដែលចេះចង់បានស្អីម្តងសោះហ្នឹង។ ហ្កេមតក្កវិជ្ជា ហ្កេម គិតហេតុផលហើយយល់ គិតយល់ដឹងថាសំបកកាយ មិនមែនជាមនុស្សទេ នៅពេលយើងនៅជាលោកិយចិត្ត មិនទាន់ទៅជាព្រះអរហន្ត វិញ្ញាណទេដែលជាមនុស្សនោះ ហើយអត្តាវានិយាយចេញមករឿងប្រយោជន៍ហ្នឹង គឺប្រយោជន៍ឲ្យសំបក ដូចជាអ្នកមាន គេគិតទៅមុខ អ្នកក្រគិតតែទៅក្រោយ មិនរាប់អានទេជាមួយអ្នកក្រ ខ្លាច ឆ្លងក្រ រាប់អានអ្នកមានវិញ ដើម្បីឲ្យឆ្លងមាន ស្តាប់ពាក្យវាហើយ គិតទៅឃើញតែវាភ្លើ ហើយកំពុងច្រឡំថា វាឆ្លាត»។

លោកខឹម វាសនា បន្តថា «រកប្រយោជន៍ឲ្យមនុស្ស គឺរកប្រយោជន៍ឲ្យវិញ្ញាណនេះទេតើ រកប្រយោជន៍ឲ្យវិញ្ញាណ គឺស្តាប់ធម៌ឲ្យយល់ហ្នឹងហើយ។ ព្រះពុទ្ធ ព្រះអង្គក៏ប្រាប់ដែរថា ក្នុងជីវិតមនុស្សនេះ គ្មានប្រយោជន៍អ្វីជាងការ ស្តាប់ធម៌យល់ហ្នឹងទេ។ ព្រះអង្គ ជាអ្នកពន្យល់ធម៌ ឲ្យដល់វិញ្ញាណ គឺព្រះអង្គធ្វើធម្មទាន ព្រះអង្គប្រាប់ថាធម្ម ទានឈ្នះអស់ទានណាៗទាំងអស់។ ឱ អត្តាអើយ! សំដីចេញពីអារម្មណ៍អត្តាឯង វាមានតម្លៃមិនស្មើនឹងអាចម៍ មួយដុំផង វិញ្ញាណឡប់នេះ ជាវិញ្ញាណសត្វនរកប្រេត រកពន្លឺដឹងខុសដឹងត្រូវមិនឃើញបានម្តងនឹងគេបានទេ។ គ្រាន់តែស្តាប់សំដី គិតដឹងដល់កន្លើតឯងថា សត្វឯងនេះភ្លើណាស់ ជាវិញ្ញាណគ្មានបញ្ញា មិនចេះគិតហេតុផល តក្កវិជ្ជាអីនឹងគេទេ ល្ងង់ណាស់»។

លោកខឹម វាសនា បានសរសេរបន្ថែមនៅថ្ងៃដដែលនោះថា «មនុស្សគឺវិញ្ញាណ។ វិស័យវិញ្ញាណ គឺវិស័យគិត រកអារម្មណ៍ដឹងថា ស្អីខុសស្អីត្រូវ ដាច់អារម្មណ៍ខ្លាចបាក់មុខ ខ្លាចមតិមហាជនរិះគន់ គឺដាច់លោកធម៌ ព្រោះអត់ មានខ្លួន អត់មានអត្តាអីផង។ នេះគឺវិស័យវិញ្ញាណ តែបើវិស័យវិញ្ញាណវង្វេងថា មានខ្លួនជាសត្វវិញ គឺវិស័យចង់ បានមុខ ចង់ល្បីឈ្មោះ ខ្លាចបាក់មុខ ការពារមុខ និយាយក្រវិលៗរកតែល្បី ខ្លាចតែបាត់អ្នកគាំទ្រ ឲ្យតែមហាជន ឡប់ហ្នឹងស្រែកដៀលថាខ្លួនខុស គឺភ័យញ័រសាច់ ចេញសុំទោសភ្លាម ទាំងខ្លួនគិតមិនឃើញថា ខ្លួនខុសស្អីផង ក៏សុំទោសគេដែរ។ សង្វេគសត្វអនត្តាណាស់ ព្រះពុទ្ធ សម្តែងថា បានមកយកកំនើតជាមនុស្ស កម្រណាស់ហើ យបើបានមកយកកំណើតជាមនុស្សហើយ ទាន់ព្រះពុទ្ធ ទៀត នោះរឹតតែកម្រ។ ក្នុងសម័យនេះ អត់មាន ព្រះពុទ្ធ ទេ គឺមានត្រឹមកតញ្ញូជន គឺពូនេះ បានមកទាន់ពូហើយ ស្តាប់ធម៌ដែលពូបំភ្លឺឡើងវិញ មិនយល់ទៅទៀតតើ សង្វេគប៉ុនណាទៅ???»។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោកខឹម វាសនា ខាងលើនេះ មិនបានសំដៅចំឈ្មោះបុគ្គលណាទេ តែអ្នក ដែលបានឃើញសំណេររបស់អ្នកនយោបាយ ក្លាយជាអ្នកពន្យល់ធម៌រូបនេះ យល់ថា លោកចង់សំ ដៅទៅលើ សម្តីរបស់លោកស្រីឧកញ៉ា តាំង ហ្គិចលៀង ដែលបានធ្វើឲ្យមហាជន រួមទាំងថ្នាក់ដឹកនាំកំពូល បញ្ចេញប្រតិកម្ម យ៉ាងខ្លាំង ពាក់ព័ន្ធដល់ការប្រមាថប្រជាជនធម្មតា ឬអ្នកមានជីវភាពខ្សត់ខ្សោយ (អ្នកក្រ) នោះ។ យ៉ាងណា ករណីនេះ លោកស្រីឧកញ៉ា បានចេញមុខទទួលស្គាល់កំហុស និងសូមទោសមហាជនរួចហើយ ចំណែក សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើអន្តរាគមន៍សម្របសម្រួល កុំឲ្យមាន ការបែកបាក់ក្នុងសង្គម ឬផ្ទុះភ្លើងកំហឹងវណ្ណ: ដោយសម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ជនរួមជាតិ បញ្ចប់ រឿងនេះត្រឹមនេះ ឈប់មានការវែកញែក រិះគន់វាយប្រហារគ្នាទៀត៕ ខៀវទុំ