Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រពន្ធលែងលះ ចែកទ្រព្យមិនដាច់ បាញ់ខាងប្រពន្ធ ស្លាប់៣ បាញ់សម្លាប់ខ្លួន

ប្តីប្រពន្ធលែងលះ ចែកទ្រព្យមិនដាច់ បាញ់ខាងប្រពន្ធ ស្លាប់៣ បាញ់សម្លាប់ខ្លួន

សៀមរាប ៖ ប្តីប្រពន្ធ ២នាក់ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ទើបឈានដល់ការលែងលះគ្នា តែមិទាន់ ដាច់ស្រេច ដោយសារមានទំនាស់រឿងបែងចែកទ្រព្យសម្បត្តិមិនទាន់ដាច់ រហូតឈានដល់ភាគីបុរសជាប្តី បាន យកកាំភ្លើងបាញ់សម្លាប់ប្រពន្ធ និងសាច់ញាតិខាងប្រពន្ធ បណ្តាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ រួចខ្មាន់កាំ ភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ គ្រាន់តែរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរ ពេទ្យ។

ករណីឃាតកម្ម បាញ់សម្លាប់មនុស្សដ៏សាហាវឃោរឃៅនេះ បានកើតឡើង កាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅចំណុចទីតាំងចំនួន ២ផ្សេងគ្នា កណ្តាលក្រុងសៀមរាប ក្នុងនោះទីតាំងទី១- នៅផ្ទះ របស់ស្ត្រីរងគ្រោះជាប្រពន្ធ ស្ថិតក្នុងក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប បាញ់ប្អូនថ្លៃប្រុស បណ្តាលឱ្យស្លាប់ នៅក្នុងផ្ទះបន្ទប់ជាន់ទី១ និងទីតាំងទី២- ក្នុងផ្សារលើធំថ្មី ក្រុងសៀមរាប បាញ់ប្រពន្ធ (ស្លាប់) និងបាញ់បងថ្លៃស្រី (របួសធ្ងន់)។

ស្ត្រីរងគ្រោះជាអតីតប្រពន្ធ ដែលត្រូវប្តីបាញ់ស្លាប់នៅក្នុងផ្សារ មានឈ្មោះយ៉ង់ ផល្លី អាយុ៤២ឆ្នាំ មុខរបរលក់ ប្រហិត នៅផ្សារលើធំថ្មី មានកូនប្រុសស្រី ចំនួន២នាក់ ក្នុងបន្ទុក។ ចំណែកប្អូនថ្លៃប្រុស ដែលត្រូវជនដៃដល់ បាញ់ឱ្យស្លាប់ដែរនោះ មានឈ្មោះហាក់ ណារ៉ុង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរលក់ប្រហិត (ស្លាប់នៅផ្ទះ)។ រីឯបងថ្លៃស្រី ដែលត្រូវជនដៃដល់បាញ់របួសធ្ងន់ នៅក្នុងផ្សារ មានឈ្មោះយ៉ង់ មុំ អាយុ៤៧ឆ្នាំ មុខរបរលក់ប្រហិត មានកូនចំនួន២នាក់។ ជនរងគ្រោះទាំង៣នាក់ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរស់នៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ដោយឡែក ជនដៃដល់ជាឃាតករ ដែលបាញ់សម្លាប់ខ្លួនឯង តែមិនស្លាប់ មានឈ្មោះផា លៀងហៃ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់បន្លែ មានស្រុកកំណើតនៅ ខេត្តកំពង់ ចាម បច្ចុប្បន្នរស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា ករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ គឺជនសង្ស័យបានធ្វើសកម្មភាព ចំនួន៣ទីតាំង ដោយទី តាំង ទី១- បាញ់ប្អូនថ្លៃប្រុសស្លាប់នៅក្នុងផ្ទះ ចំណែកទីតាំងទី២- បាញ់បងថ្លៃស្រី របួសធ្ងន់ និងបាញ់ប្រពន្ធស្លាប់នៅ កន្លែងលក់ដូរ ក្នុងផ្សារលើធំថ្មី ហើយទីតាំងទី៣ គឺជនដៃដល់បាញ់ខ្លួនឯង (ជនដៃដល់ គឺជាជនស៊ីវិល)។

បើតាមលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ករណីនេះ ផ្តើមចេញពីគំនុំ ខណៈដែលជនដៃដល់ បានលែងលះ ប្រពន្ធដាច់ស្រេចហើយ ប៉ុន្តែកំពុងជាប់បណ្តឹង ប្តឹងផ្តល់គ្នានៅតុលាការ ពីរឿងចែកទ្រព្យសម្បត្តិមិនទាន់ដាច់។

ដោយឡែក តាមប្រភពព័ត៌មានមួយផ្សេងទៀត បានបង្ហើបប្រាប់ថា មូលហេតុដែលឈានដល់ ការបាញ់ប្រហារ ទៅលើក្រុមគ្រួសាររបស់ជនរងគ្រោះជាអតីតប្រពន្ធនេះ គឺជាករណីគំនុំ ព្រោះកាលពីអំឡុងឆ្នាំ២០២២ ជនដៃដល់ ធ្លាប់ចាញ់ក្តីអតីតប្រពន្ធរបស់ខ្លួន នៅតុលាការ ខណៈតុលាការ សម្រេចក្តី ចែកទ្រព្យសម្បត្តិ ឱ្យទៅខាងប្រពន្ធ និងកូន។

តាមប្រភពពីសមត្ថកិច្ចជំនាញ បានឱ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ ប្រដាប់ដោយកាំភ្លើងខ្លី ១ដើម បានចូលទៅធ្វើសកម្មភាពបាញ់ប្រហារអតីតប្អូនថ្លៃ (ប្អូនប្រុសបង្កើតរបស់ប្រពន្ធ) បណ្តាលឱ្យស្លាប់នៅលើផ្ទះ ជាន់ទី១ ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង សៀមរាប ។ បន្ទាប់មក ជនដៃដល់បានធ្វើដំណើរ សំ ដៅទៅផ្សារលើធំថ្មី កន្លែងដែលអតីតប្រពន្ធរបស់ខ្លួនលក់ដូរ រួចក៏បានបាញ់ប្រហារអតីតប្រពន្ធ បណ្តាលឱ្យរង របួសធ្ងន់ និងបានស្លាប់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយបន្សល់ទុកកូនប្រុស ស្រីចំនួន២នាក់។

ប្រភពដដែល បន្តថា លុះក្រោយពីបាញ់ប្រហារអតីតប្រពន្ធរួចហើយ ជនដៃដល់បានបាញ់ប្រហារ អតីតបងថ្លៃ ស្រី ថែមម្នាក់ទៀត (បងស្រីបង្កើតរបស់ប្រពន្ធ) បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅ សង្គ្រោះនៅ មន្ទីរពេទ្យ។ ចំណែកជនដៃដល់ ក្រោយពីបាញ់ប្រហារ មនុស្ស៣នាក់រួចហើយ ក៏បានបាញ់សម្លាប់ខ្លួនឯងតែម្តង តែមិនស្លាប់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសមត្ថកិច្ចបានដាក់ខ្នោះ ដៃជាប់នឹងគ្រែ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ព្រមទាំងយាមកាមយ៉ាងតឹងរ៉ឹង ចៀសវាងឃាតករនេះ គេចខ្លួនបាត់។

ដោយឡែក សពជនរងគ្រោះទាំង២នាក់ (អតីតប្រពន្ធ និងអតីតប្អូនថ្លៃប្រុស) ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES