Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះ២នាក់ បង្ខាំងមនុស្ស ចងដៃជើង ធ្វើទារុណកម្ម

វ៉ៃខ្នោះ២នាក់ បង្ខាំងមនុស្ស ចងដៃជើង ធ្វើទារុណកម្ម

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពព្រួតវាយដំធ្វើទារុណកម្មទៅលើបុរសជាម្នាក់ រួចចាប់ចង ដៃជើង អូសយកទៅបង្ខាំងទុកក្នុងបន្ទប់ទឹក លុះអ្នកជិតខាងប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរា គមន៍ ជួយរំដោះសង្គ្រោះជនរងគ្រោះបានភ្លាមៗ និងឈានដល់ការចាប់ខ្លួនជនដៃដល់ទាំង២នាក់ នាំយកមក ចាត់ការតាមច្បាប់។

ករណីធ្វើទារុណកម្ម និងចាប់បង្ខាំងមនុស្សនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ និង៣៥ នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅក្នុងបុរីឈូកវ៉ា២ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមការបញ្ជាក់ពីលោកមេប៉ុស្តិ៍សង្កាត់សំរោងក្រោម បានឱ្យដឹងថា មុនពេលកើតហេតុ ដោយមានការ រាយ ការណ៍ពីពលរដ្ឋល្អ ដែលរស់នៅផ្ទះជាប់ផ្ទះកើតហេតុ ជាន់ខាងលើ បានឱ្យដឹងថា បានប្រទះឃើញជនសង្ស័យ ជាជនជាតិចិន ២នាក់ ធ្វើទារុណកម្ម វាយដំទៅលើបុរសជនជាតិចិន ដូចគ្នាម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ហើយ ថែមទាំងយកខ្សែចងដៃចងជើង រួចអូសយកទៅបង្ខាំងទុកនៅក្នុងបន្ទប់ទឹកទៀត។

លោកមេប៉ុស្តិ៍ បន្តថា ក្រោយពីទទួលដំណឹងខាងលើភ្លាម លោកបានដឹកនាំកម្លាំង សហការគ្នា ចុះទៅហ៊ុម ព័ទ្ធទីតាំងផ្ទះខាងលើ ស្រាប់តែពេលជនសង្ស័យឃើញសមត្ថកិច្ចមកដល់ភ្លាម ក៏មានការភ័យស្លន់ស្លោ ហើយ ចាក់សោផ្ទះ រួចនាំគ្នារត់គេចខ្លួន តែរត់គេចមិនរួច ក៏ត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ឃាត់ខ្លួនបានទាំងពីរនាក់ភ្លាមៗ រួចនាំយកទៅសួរនាំនៅប៉ុស្តិ៍តែម្តង។

លោកមេប៉ុស្តិ៍ បន្តទៀតថា បន្ទាប់ពីសាកសួរ និងដកហូតយកសោផ្ទះ ព្រមទាំងសោរថយន្ត ពីខ្លួនជន សង្ស័យ ទាំង២នាក់រួច ក៏នាំខ្លួនជនសង្ស័យ ទៅកន្លែងកើតហេតុវិញ ដើម្បីបើកសោទ្វារផ្ទះ ជួយសង្គ្រោះជនរងគ្រោះ ហើយហៅរថយន្តសាមុយឯកជន ដឹកជនរងគ្រោះ យកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (ពេទ្យលោកសង្ឃ) ភ្លាមៗ។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ផ្នែកជំនាញអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES